សន្តិសុខសង្គម
ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam
ភ្នំពេញ ៖ នៅវេលាម៉ោង ៩និង៤៥នាទី ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចធ្វើការឃាត់ខ្លួនព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ គ្រី សីហា បន្ទាប់ពីការរកឃើញភស្តុតាង និងការស្ដាប់ចម្លើយដែលមានលក្ខណៈស៊ីចង្វាក់គ្រប់គ្រាន់ ដែលលោកព្រះរាជអាជ្ញារងរូបនេះ បានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះមនុស្ស៥ (ប្រុសចិនម្នាក់ និងស្រីវៀតណាម៤នាក់) នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនធ្វើនីតិវិធីទៅលើជនទាំង៥នាក់ ដែលសមត្ថកិច្ចរកឃើញពីក្នុងប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមអនឡាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។

លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ នៃអង្គភាពប្រឆាំងអំពើពុកលួយ ដែលដឹកនាំការស៊ើបអង្កេតនេះ បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានចាត់មន្ត្រីចេញទៅខេត្តពោធិ៍សាត់ភ្លាមៗនៅពេលអធ្រាត្រថ្ងៃទី១៦ ខែកក្កដា ហើយថ្ងៃទី១៨ ខែកក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីស៊ើបអង្កេតរបស់អង្គភាពប្រឆាំងពុកលួយ បានចុះទៅស្រាវជ្រាវប្រមូលភស្តុតាងដល់ទីកន្លែងឃុំថ្មដា។

លោក ហ៊ូ ស្ថាបនា អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រតិបត្តិការ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប្រធានក្រុមស៊ើបអង្កេតផ្ទាល់ករណីនេះ បានស្ដាប់ចម្លើយលោក គ្រី សីហា និងអ្នកពាក់ព័ន្ធមួយចំនួនទៀត រហូតដល់ឃើញ មានបន្ទុកគ្រប់គ្រាន់ ទើបសុំការអនុញ្ញាតពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនលោក គ្រី សីហា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងារ លោក គ្រី សីហា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹងការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់។

ការសម្រេចនេះ បានធ្វើឡើងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕
អត្ថបទ ៖ សុភា

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


