ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ទុកបំណងចំនួន ៣ ដល់បក្សថៃរួបរួមជាតិ ក្រោយឈប់ប្រឡូកក្នុងឆាកនយោបាយ
នាយករដ្ឋមន្ត្រីផុតអាណត្តិរបស់ថៃលោក ប្រាយុទ្ធ ចាន់អូចា ដែលបានប្រកាសចូលនិវត្តន៍ពីឆាកនយោបាយ ហើយនឹងលាលែងពីតំណែងជាសមាជិកគណបក្សថៃរួបរួមជាតិផងនោះ បានសម្ដែងនូវបំណងប្រាថ្នាចំនួន ៣ ដល់គណបក្សឲ្យបន្តអនុវត្ត ក្រោយពីលោកចាកចេញទៅ ។

យោងតាមសេចក្តីថ្លែងការណ៍របស់លោក ប្រាយុទ្ធ ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់គណបក្សថៃរួបរួមជាតិ បានឲ្យដឹងថា បំណងចំនួន ៣ ដែលលោក ប្រាយុទ្ធ ចង់ឲ្យថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាប្រតិបត្តិ ក៏ដូចជាសមាជិកបក្សអនុវត្តនោះគឺ បន្តសកម្មភាពនយោបាយដោយមនោគមវិជ្ជារឹងមាំ ការពារស្ថាប័នរដ្ឋ និងថែរក្សាប្រជាជនថៃ ។
ស្របពេលជាមួយគ្នានេះ លោកក៏បានស្នើឲ្យប្រជាពលរដ្ឋបន្តគាំទ្រការងាររបស់គណបក្សថៃរួបរួមជាតិ និងថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានគាំទ្រគណបក្ស និងរូបលោក ក្នុងការបោះឆ្នោតសកលកាលពីខែឧសភាកន្លងមកផងដែរ ។

អតីតមេទ័ពវ័យ ៦៩ ឆ្នាំរូបនេះបានលើកឡើងទៀតថា ក្នុងរយៈពេល ៩ ឆ្នាំជានាយករដ្ឋមន្ត្រី លោកបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីនាំមកនូវភាពរីកចម្រើនដល់ប្រទេស និងសាធារណៈជន ។
ទន្ទឹមនោះ សេចក្តីប្រកាសឈប់ប្រឡូកក្នុងឆាកនយោបាយរបស់លោក ប្រាយុទ្ធ ធ្វើឡើង នៅពេលដែលសភាថ្មីនឹងកោះប្រជុំនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ដើម្បីបោះឆ្នោតជ្រើសរើសបេក្ខភាពរូបណានឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ថៃ ប៉ុន្តែទោះជាយ៉ាងណា លោកនឹងនៅតែជានាយករដ្ឋមន្ត្រីចាំផ្ទះរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង ។
គួរបញ្ជាក់ថា គណបក្សថៃរួបរួមជាតិរបស់លោក ប្រាយុទ្ធ បានចាញ់ការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភា ដែលនៅក្នុងនោះគណបក្សនេះទទួលបានសំឡេងត្រឹមតែ ៣៦ អាសនៈប៉ុណ្ណោះក្នុងចំណោម ៥០០ អាសនៈសភា ខណៈគណបក្សឈ្នះឆ្នោតគឺ បក្សចលនាឆ្ពោះទៅមុខ ទទួលបានសំឡេង ១៥១ អាសនៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ លោក ប្រាយុទ្ធ ប្រកាសចូលនិវត្តន៍ពីឆាកនយោបាយ ក្រោយកាន់អំណាច ៩ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


