ព័ត៌មានជាតិ
ស្វែងយល់ពីប្រវត្តិខ្លះៗ នៃការប្រារព្ធពិធីបុណ្យមាឃបូជា
ពិធី «បុណ្យមាឃបូជា» តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃសីលពេញបូណ៌មី ១៥កើត ខែ មាឃ ខណៈនៅឆ្នាំនេះពិធីបុណ្យនេះនឹងប្រារព្វធ្វើនៅថ្ងៃទី២៨និង២៩ ខែមករាឆ្នាំ២០២១នេះ។
បើយោងតាមគេហទំព័ររបស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា មាឃបូជា គឺជាពិធីបុណ្យមួយដែល ពុទ្ធសាសនិកជនគ្រប់ប្រទេស អ្នកកាន់ព្រះពុទ្ធសាសនា តែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ មិនដែលខកខាន។
ពិធីបុណ្យនេះប្រារព្ធឡើងជារៀងរាល់ថ្ងៃ១៥កើត ខែមាឃ ដើម្បីរំឭកទៅដល់ព្រឹត្តិការណ៍ដ៏សំខាន់ ២ចំណុចដែលបានកើតឡើងនៅក្នុងពេលដែលព្រះពុទ្ធជាម្ចាស់ ទ្រង់ព្រះធរមាននៅឡើយ។

ព្រឹត្តិការណ៍សំខាន់ទី១ គឺពេលដែលព្រះអង្គទ្រង់ប្រជុំព្រះភិក្ខុសង្ឃចំនួន១២៥០អង្គ ជាការប្រជុំលើកដំបូង ដើម្បីប្រកាសនូវគោលការណ៍មូលដ្ឋាននៃសាសនា ដែលហៅថា ឱវាទបាតិមោក្ខ។
ចំពោះខ្លឹមសារសង្ខេបនៃឱវាទ បាតិមោក្ខនោះមាន ៣គាថាគឺ៖ គាថាទី១ ទ្រង់សម្តែងថាៈ កិរិយាមិនធ្វើនូវបាបទាំងពួង កិរិយាបំពេញកុសល កិរិយាធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់ ទាំងនេះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។
គាថាទី២ ទ្រង់សម្តែងថាៈ អំណត់ គឺសេចក្តីអត់ធន់ជាតបធម៌ដ៏ឧត្តម ព្រះពុទ្ធទាំងឡាយទ្រង់ត្រាស់ថា ព្រះនិព្វានជាគុណជាតិដ៏ឧត្តម អ្នកបួសដែលបៀតបៀនសត្វដទៃ សម្លាប់សត្វដទៃ មិនមែនជាបព្វជិត មិនមែនជាសមណៈឡើយ។ គាថាទី៣ ទ្រង់សម្តែងថាៈ កិរិយាមិនតិះដៀលអ្នកដទៃ១កិរិយាមិនបៀតបៀនអ្នកដទៃ១ កិរិយាសង្រួមក្នុងព្រះបាតិមោក្ខ១ ភាវៈដឹងប្រមាណក្នុងភត្តាហារ១ ទីដេក និងទីអង្គុយដ៏ស្ងាត់១ កិរិយាបំពេញព្យាយាមក្នុងអធិចិត្ត១ ទាំងនេះជាពាក្យប្រដៅនៃព្រះពុទ្ធទាំងឡាយ។
ក្នុងអង្គប្រជុំនេះ ព្រះអង្គក៏ទ្រង់រៀបចំតែងតាំងអគ្គសាវ័កឆ្វេងស្តាំរបស់ព្រះអង្គផងគឺ៖ ព្រះសារីបុត្រដែលជាកំពូលលើសអស់ភិក្ខុទាំងឡាយ ផ្នែកខាងបញ្ញាត្រូវបានតែងតាំងជាអគ្គ-សាវ័កទី១ ឬ អគ្គសាវ័កស្តាំ ចំណែកតំណែងជាអគ្គសាវ័កទី២ ឬអគ្គសាវ័កឆ្វេង បានទៅលើព្រះមហាមោគ្គល្លាន ដែលជាកំពូលលើសអស់ភិក្ខុទាំងឡាយផ្នែកខាងឫទ្ធិ។
អង្គសន្និបាតនេះ មានលក្ខណៈពិសេស ប្រកបដោយហេតុ៤យ៉ាង ទើបមានឈ្មោះថាចតុរង្គសន្និបាត ដែលហេតុទាំង៤យ៉ាងនោះគឺ ៖ទី១.ថ្ងៃនោះចំថ្ងៃពេញបូណ៌មី ខែមាឃទី២.ភិក្ខុសង្ឃចំនួន ១២៥០អង្គ ដែលមកប្រជុំគ្នានោះ ឥតមានអ្នកណានិមន្តទុកមុនមកទេ គឺនិមន្តដោយអង្គឯងតែម្តងទី៣. ភិក្ខុសង្ឃទាំង១២៥០អង្គនោះ សុទ្ធតែជាឯហិភិក្ខុ គឺព្រះពុទ្ធទ្រង់បំបួសផ្ទាល់ទាំងអស់ និងទី៤. ភិក្ខុសង្ឃទាំង១២៥០អង្គនោះ សុទ្ធតែជាព្រះអរហន្ត ដែលបានសម្រេចអភិញ្ញា៦ទាំងអស់។អង្គសន្និបាតនេះកើតមានឡើងក្រោយពីព្រះពុទ្ធអង្គទ្រង់បានត្រាស់ដឹងរយៈពេល៩ខែគត់។
ចំណែកព្រឹត្តិការណ៍ទី២នៃពិធីបុណ្យមាឃបូជា គឺដើម្បីរំឭកដល់ព្រឹត្តិការណ៍ដែលព្រះពុទ្ធអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ នៅចំពោះមុខមារ។ ព្រឹត្តិការណ៍នេះកើតឡើងក្រោយពេលដែលព្រះពុទ្ធអង្គទ្រង់គង់ចាំវស្សាទី៤៥ ដែលជាវស្សាចុងក្រោយ ដោយក្នុងកាលនោះស្តេចមារ បានចូលគាល់ព្រះអង្គហើយ ក៏អារាធនាដើម្បីឲ្យព្រះអង្គទ្រង់ចូលបរិនិព្វាន។
ពេលនោះព្រះអង្គទ្រង់ប្រកាសចំពោះមុខមារថា “ ម្នាលមារមានចិត្តបាបចូរអ្នកមានសេចក្តីខ្វល់ខ្វាយតិចចុះ ការបរិនិព្វានរបស់តថាគត មិនយូរប៉ុន្មានទេ កន្លង៣ខែអំពីថ្ងៃនេះទៅ តថាគតនឹងបរិនិព្វានហើយ”។
ការប្រកាសដាក់ព្រះជន្មាយុសង្ខារនេះ បានធ្វើឲ្យភិក្ខុសង្ឃនិងបរិស័ទទាំងឡាយមានសេចក្តីតក់ស្លុតជាខ្លាំងដោយដឹងថា ព្រះពុទ្ធជាបរមគ្រូនឹងត្រូវយាងចូលបរិនិព្វាន ក្នុងពេលដ៏ឆាប់ខាងមុខ។ការប្រកាសនេះកើតមានឡើងនៅថ្ងៃ១៥កើត ខែមាឃ ឆ្នាំម្សាញ់ មុនព្រះអង្គបរិនិព្វាន៣ខែ។
អាស្រ័យព្រឹត្តិការណ៍សំខាន់ទាំង២ខាងលើនេះហើយ ដែលពុទ្ធសាសនិកជនគ្រប់ប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា តែងប្រារព្ធពិធីបុណ្យមាឃបូជា ជារៀងរាល់ថ្ងៃ១៥កើត ខែមាឃ ដើម្បីសម្តែងនូវសេចក្តីដឹងគុណរបស់ខ្លួនចំពោះព្រះអង្គ ដោយការបូជាគ្រឿងសក្ការៈផ្សេងៗ សូត្រធម៌ សមាទានសីល ស្តាប់ធម៌ទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។
កម្មវិធីបុណ្យមាឃបូជា ក៏ដូចជាពិសាខបូជាដែរគេតែងប្រារព្ធឡើងចាប់ពីពេលល្ងាចតទៅដោយតម្រូវទៅតាមព្រឹត្តិការណ៍ដែលកើតមានឡើងនៅពេលល្ងាចផង តម្រូវទៅតាមពេលវេលាដែលមនុស្សម្នាទាំងឡាយសម្រាកពីការងារផ្សេងៗផង ហើយស្ថិតក្រោមពន្លឺព្រះច័ន្ទពេញវង់ស្អាតល្អផង។ គ្រឿងសក្ការៈបូជាសំខាន់ៗនៅក្នុងកម្មវិធីបុណ្យនេះមានដូចជា ទៀន ធូប ផ្កាភ្ញី ផ្កាកម្រង គ្រឿងក្រអូបផ្សេងៗ ទៅតាមលទ្ធភាព និងសេចក្តីជ្រះថ្លា។
ដោយឡែក នៅក្នុងវត្តអារាមវិញ ព្រះសង្ឃនិងអារាមិកជនទាំងអស់នាំគ្នារៀបចំសម្អាតវត្ត និងរៀបចំគ្រឿងសក្ការៈផ្សេងៗតាក់តែងភ្លើង ក្បូរក្បាច់រចនាទៅតាមទំនៀមទម្លាប់របស់វត្តនីមួយៗ។
ជាការកត់សម្គាល់ នៅក្នុងប្រទេសកម្ពុជាយើង កម្មវិធីបុណ្យមាឃបូជាពីវត្តមួយទៅវត្តមួយមិនដូចគ្នាទាំងស្រុងនោះទេ ប្លែកគ្នាខ្លះទៅតាមតំបន់ ស្រុកទេសរៀងៗខ្លួន តែមានអត្ថន័យរួមតែមួយគឺដើម្បីសម្តែងនូវការដឹងគុណដល់ព្រះពុទ្ធជាម្ចាស់ដែលជាបរមគ្រូ។ ការប្រព្រឹត្តទៅនៃកម្មវិធីបុណ្យមាឃបូជា ជាទូទៅរួមមាន ការដង្ហែគ្រឿងសក្ការៈបូជាប្រទក្សិណបូជនីយដ្ឋាននានាមានព្រះវិហារជាដើម បន្ទាប់មកវេរគ្រឿងសក្ការៈទាំងនោះថ្វាយចំពោះព្រះរតនត្រ័យ នមស្ការ សមាទានសីល ហើយព្រះសង្ឃ ឬ អាចារ្យដឹកនាំប្រកាសមាឃ- បូជា និងសម្តែងព្រះធម៌ទេសនាអំពីពុទ្ធប្រវត្តិ និងប្រវត្តិមាឃបូជាតទៅ។

វត្តខ្លះ ព្រះសង្ឃ និងពុទ្ធបរិស័ទនាំគ្នាសូត្រធម៌ ឬស្មូតអំពីពុទ្ធប្រវត្តិរហូតទល់ភ្លឺ វត្តខ្លះទៀតសម្តែងពុទ្ធប្រវត្តិទៅតាមកណ្ឌនីមួយៗ ឆ្លាស់គ្នានឹងសំឡេងស្មូតទល់ភ្លឺ។ តែវត្តខ្លះប្រារព្ធកម្មវិធីត្រឹមម៉ោង ១០ ឬ ១១យប់ក៏បញ្ចប់ទៅ អាស្រ័យទៅតាមលទ្ធភាព និងសេចក្តីជ្រះថ្លា។ ខ្លឹមសារសំខាន់ដែលយើងត្រូវសិក្សា ពីកម្មវិធីបុណ្យមាឃបូជា គឺនៅត្រង់ការយកឱវាទរបស់ព្រះអង្គមកគោរពប្រតិបត្តិ រឹតចំណងសាមគ្គីរួមរស់ដោយសុខសន្តិភាព ក្នុងនាមជាពុទ្ធសាសនិកជន និងមនុស្សជាតិទូទៅ ហើយបង្កើតបាននូវពិភពលោកមួយ ដែលប្រាសចាកការបៀតបៀនគ្នា សម្លឹងមើលគ្នាដោយទឹកចិត្តមេត្រី ស្រឡាញ់រាប់អានគ្នាជារៀងរហូត។
នេះជាពិធីបុណ្យនៃ ព្រះពុទ្ធសាសនាដ៏សំខាន់មួយដែលដូនតាខ្មែរបានគោរពនិងរក្សាមករហូតដល់សព្វថ្ងៃ។ ពិធីនេះបានក្លាយជាទំនៀមប្រពៃណីរបស់ខ្មែរទៅហើយ។ ការរក្សាបាននូវទំនៀមប្រពៃណីនេះ ក៏ឈ្មោះថារក្សានូវអត្តសញ្ញាណរបស់ខ្មែរ ដែលធ្វើឲ្យវប្បធម៌ខ្មែរនៅតែបន្តរស់រានមានជីវិតជាអមតៈ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានចាត់ចែងរៀបចំកម្មវិធីបុណ្យនេះនៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ)ស្រុកពញាឮ ខេត្តកណ្ដាល ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ គ្រូ សិស្ស សីលវន្ត សីលវតី និងពុទ្ធបរិស័ទចូលរួមបំពេញកុសលតាមប្រពៃណីព្រះពុទ្ធសាសនាផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


