ព័ត៌មានជាតិ
កម្ពុជា គ្រោងស្នើដាក់បញ្ចូលសារមន្ទីរគុកទួលស្លែង ជាសម្បត្តិបេតិកភណ្ឌ នៃការចងចាំពិភពលោក
កម្ពុជា គ្រោងស្នើដាក់បញ្ចូលសារមន្ទីរគុកទួលស្លែង ជាសម្បត្តិបេតិកភណ្ឌ នៃការចងចាំពិភពលោក។ នេះបើតាមការព្រលយឱ្យដឹងពី លោក គង់ ពុទ្ធិកា អគ្គនាយក នៃអាជ្ញាធរជាតិព្រះវិហារ នៅក្នុងសន្និសីទសារព័ត៌មានពីសន្និសីទសារព័ត៌មាន ស្ដីភាពជោគជ័យនៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាល្ងាចថ្ងៃទី១៩ខែកញ្ញា។

ពីសន្និសីទសារព័ត៌មានដែលរៀបចំនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក គង់ ពុទ្ធិកា បានព្រលយឱ្យដឹងថា “លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននឹងកំពុងខិតខំប្រឹងប្រែងស្នើសុំដាក់បញ្ចូលសារមន្ទីរគុកទួលស្លែង ចូលជាសម្បត្តិបេតិកភណ្ឌនៃការចងចាំពិភពលោក”។

ចំពោះមូលហេតុដែល លោកស្រី ភឿង សកុណា ព្យាយាមស្នើដាក់បញ្ចូលសារមន្ទីរគុកទួលស្លែងជាសម្បត្តិបេតិភណ្ឌនៃការចងចាំពិភពលោកនេះ “ដើម្បីឱ្យពិភពលោកចងចាំថា អ្វីដែលកើតឡើងនៅគុកទួលស្លែងកំឡុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម គឺជាមេរៀនមួយដែលមិនត្រូវកើតមានឡើងនៅក្នុងពិភពលោក”។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ លោក គង់ ពុទ្ធិកា។

ជាការរំលឹកឡើងវិញ សារមន្ទីរគុកទួលស្លែងគឺគុកមួយក្នុងចំណោមគុកចំនួន១៩៦នៅទូទាំងកម្ពុជា ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ តាមរយៈសាវតាសង្ខេបរបស់គុកទួលស្លែង នៅក្នុងរបបខ្មែរក្រហម មានមនុស្សយ៉ាងហោចណាស់២០ ០០០នាក់ រាប់ទាំងជនជាតិខ្មែរ និងជនជាតិបរទេស ត្រូវបានពួកខ្មែរក្រហមសម្លាប់យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។

នៅជុំវិញរឿងរ៉ាវដ៏សាហាវព្រៃផ្សៃ នៃគុកទួលស្លែង កំឡុងពេលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីខែវិច្ឆិកា ឆ្នាំ២០២២ លោក អង់តូរីញ៉ូ ហ្គាត់ធឺរ៉ែស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានទៅទស្សនាគុកទួលស្លែងផ្ទាល់។ ក្នុងពេលទៅទស្សនាសារមន្ទីរគុកទួលស្លែង លោក អង់តូរីញ៉ូ ហ្គាត់ធឺរ៉ែស បានថ្លែងដោយមានការបកប្រែជាខេមរភាសា ហើយបានចុះផ្សាយដោយវិទ្យុសម្លេងសហរដ្ឋអាមេរិក VOA Khmer ថា “ទួលស្លែងគឺជាការក្រើនរំឭកដ៏ចាំបាច់សម្រាប់យើងទាំងអស់គ្នា។ ឥដ្ឋនិងការ៉ូដែលប្រឡាក់ដោយឈាមនៅទីនេះគឺជាការព្រមានដល់យើងទាំងអស់គ្នា។ យើងចាំបាច់ត្រូវធ្វើអ្វីៗទាំងអស់ដើម្បីរក្សាទុកការចងចាំអំពើឃោរឃៅដែលត្រូវបានប្រព្រឹត្តនៅទីនេះ គឺប្រទេសកម្ពុជា។ ការចងចាំវាលពិឃាត ការចងចាំសាលារៀននេះ ហើយពួកគេត្រូវនាំយករឿងនេះទៅប្រាប់អ្នកជំនាន់គ្រប់ទិសទីចំពោះស្ថានភាពបែបនេះ ដែលដាច់ខាតមិនត្រូវបានធ្វើឲ្យកើតឡើងបានជាថ្មីម្តងទៀតនោះឡើយ”។

នៅជុំវិញទិដ្ឋភាព នៃការស្នើដាក់សម្បត្តិផ្សេងៗរបស់កម្ពុជាចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកវិញ បើតាមការបញ្ជាក់ឱ្យដឹងរបស់លោក គង់ពុទ្ធិកា ក្រៅពីការស្នើដាក់បញ្ចូលសារមន្ទីរគុកទួលស្លែងជាសម្បត្តិបេតិកភណ្ឌនៃការចងចាំពិភពលោក លោកស្រី ភឿង សកុណា បាននឹងកំពុងរៀបចំឯកសារស្នើសុំដាក់បញ្ចូលក្រមាខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោកវប្បធម៌អរូបី ក៏ដូចជាស្នើដាក់បញ្ចូលប្រាសាទដទៃទៀតរបស់កម្ពុជាចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ