ព័ត៌មានជាតិ
កម្ពុជា-ចិន ឯកភាពផ្តើមសិក្សាគម្រោង «ច្រករបៀងមច្ឆា និងអង្ករ» និង «ច្រករបៀងការអភិវឌ្ឍឧស្សាហកម្ម»
កម្ពុជា-ចិន បានឯកភាពចាប់ផ្តើមសិក្សាស៊ីជម្រៅលើទស្សនាទាននៃគម្រោង «ច្រករបៀងមច្ឆានិងអង្ករ» (Fish and Rice Corridor) និង «ច្រករបៀងការអភិវឌ្ឍឧស្សាហកម្ម» (Industrial Development Corridor) ដោយផ្តោតលើទិដ្ឋភាពសេដ្ឋកិច្ច បរិស្ថាន បច្ចេកវិទ្យា ហើយជាពិសេសលើទិដ្ឋភាពសង្គម និងជីវភាពរបស់ប្រជាជនកម្ពុជា។
ការឯកភាពនេះ កើតឡើងក្នុងជំនួបសម្ដែងការគួរសមរវាង ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក វង្សី វិស្សុត និងលោកស្រី Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ព្រមទាំង លោកជំទាវទីប្រឹក្សា ក៏បានឯកភាពពន្លឿនការពិភាក្សាជួសជុល និងកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលជានិមិត្តរូបនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងបានឯកភាពរៀបចំកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សមត្ថភាពមន្ត្រីរាជការក្នុងទីស្តីការគណៈរដ្ឋមន្ត្រី។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងពីលទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នារវាងទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងនាមជាសេនាធិការក្នុងការសម្របសម្រួល និងតាមដានការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាមួយនឹងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍នានា ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោក វង្សី វិស្សុត ក៏បានលើកឡើងនូវវិស័យចំនួន៣ ដែលប្រទេសទាំងពីរ អាចពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រួមមាន៖ ទី១) ការសម្របសម្រួលគោលនយោបាយអភិវឌ្ឍន៍ ទី២) ការលើកកម្ពស់ប្រសិទ្ធភាពនៃការតាក់តែងច្បាប់ និងទី៣) ការលើកកម្ពស់សមត្ថភាពរបស់មន្ត្រីរាជការ។ ភាគីទាំងពីរ ក៏បានឯកភាពចាប់ផ្តើមសិក្សាស៊ីជម្រៅលើទស្សនាទាននៃគម្រោង «ច្រករបៀងមច្ឆានិងអង្ករ» (Fish and Rice Corridor) និង «ច្រករបៀងការអភិវឌ្ឍឧស្សាហកម្ម» (Industrial Development Corridor) ដោយផ្តោតលើទិដ្ឋភាពសេដ្ឋកិច្ច បរិស្ថាន បច្ចេកវិទ្យា ហើយជាពិសេសលើទិដ្ឋភាពសង្គម និងជីវភាពរបស់ប្រជាជនកម្ពុជា។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលមិនមែនគ្រាន់តែជាគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប៉ុណ្ណោះទេ តែក៏បានដើរតួជាផ្នែកមួយយ៉ាងសំខាន់នៃការតភ្ជាប់គោលនយោបាយអភិវឌ្ឍន៍ និងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការតភ្ជាប់រវាងមនុស្ស និងមនុស្ស ស្ថាប័ន និងស្ថាប័ននៃប្រទេស និងប្រជាជនទាំងពីរផងដែរ។

លោកវង្សី វិស្សុត បានសម្តែងនូវស្មារតីសុទិដ្ឋិនិយមចំពោះសក្តានុពល និងផ្លែផ្កាជាច្រើនផ្សេងទៀត ដែលអាចសម្រេចបានក្រោមភាពជាដៃគូដ៏ជិតស្និទ្ធនេះ តាមរយៈការចាប់យកកាលានុវត្តភាពនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយកម្ពុជា ចិន នៅក្នុងក្របខណ្ឌនៃការអនុវត្ត ផែនការសកម្មភាពស្តីពីការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មីឆ្នាំ២០២៤-២០២៨ ដែលជាផែនការសហប្រតិបត្តិការយ៉ាងសំខាន់សម្រាប់ជាផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យមានការពន្លឿនការអនុវត្តផែនការសកម្មភាពនេះ។ លោកជំទាវទីប្រឹក្សា ក៏បានឯកភាព និងបានបង្ហាញនូវការប្តេជ្ញាខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដោយផ្អែកលើស្មារតីនៃការកសាងសហគមន៍វាសនារួមគ្នារវាងប្រទេសទាំងពីរនេះ។

ជាកិច្ចបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណជាថ្មីម្តងទៀតជូនចំពោះ លោកជំទាវទីប្រឹក្សា និងជាពិសេសរដ្ឋាភិបាល និងប្រជាជនចិន ដែលបានគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើស្ទើរគ្រប់វិស័យ។ លោកជំទាវទីប្រឹក្សា បានសម្តែងសេចក្តីរីករាយ និងការប្តេជ្ញាចិត្តចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យបានរីកចម្រើនមួយកម្រិតថែមទៀត៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ