ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ ត្រូវជួយគ្នាថែរក្សាសុខសន្តិភាព និងប្រព្រឹត្តតែអំពើល្អ ដើម្បីជាការដឹងគុណដល់យុទ្ធជនពលីជីវិតរំដោះជាតិ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា យើងត្រូវជួយគ្នាថែរក្សាសុខសន្តិភាព និងប្រព្រឹត្តតែអំពើល្អ ដើម្បីជាការដឹងគុណដល់យុទ្ធជនដែលបានពលីជីវិតដើម្បីរំដោះជាតិ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តក្រចេះ គឺជាខេត្តទី១៥ ជាខេត្តអស់មីននៅទូទាំងព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។
លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានលើកឡើងថា រយៈពេលជាង៤០ឆ្នាំនេះ ប្រជាពលរដ្ឋខេត្តក្រចេះបានរស់នៅ និងរងគ្រោះដោយសារឃាតកលាក់មុខ (គ្រាប់មីន) និងបានបណ្តាលឲ្យប្រជាពលរដ្ឋក្លាយជាអ្នកកំព្រា អ្នកមេម៉ាយ ពោះម៉ាយ តែពេលនេះខេត្តក្រចេះអស់មីន គឺបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍខេត្តផងដែរ។

លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា រយៈពេលជាង ៣០ ឆ្នាំ ចាប់ពី ឆ្នាំ ១៩៩២ រហូតដល់ ឆ្នាំ ២០២៣ កម្ពុជា បានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមបានចំនួន ៣.០២៤ គីឡូម៉ែត្រក្រឡា សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧៦% ហេដ្ឋារចនាសម្ព័ន្ធ ៥% និងផ្សេងៗ ១៩% រួមមាន ការសាងសង់លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌល សុខភាព ជាដើម ដោយប្រជាពលរដ្ឋទទួលផល ជាង ១១ លាននាក់ ក្នុងនោះ ខេត្តចំនួន ១៥ ត្រូវបានប្រកាសជាខេត្តអស់មីន រួមទាំង ខេត្តក្រចេះ នាថ្ងៃនេះ។ ចំនួនជនរងគ្រោះ បានថយចុះពី ៤ ៣២០ នាក់ ក្នុងឆ្នាំ ១៩៩៦ មកត្រឹម ៣២ នាក់ ក្នុងឆ្នាំ ២០២៣ និង មកនៅក្រោម ១០០នាក់ ក្នុងមួយឆ្នាំជាមធ្យមរយៈពេល ១០ឆ្នាំ និង មកក្រោម ៥០នាក់ ក្នុងមួយឆ្នាំជាមធ្យមរយៈពេល ០៥ឆ្នាំ ចុងក្រោយ។ ដោយឡែក ឆ្នាំ ២០២៣ កន្លងទៅ គឺជាឆ្នាំ ប្រវត្តិសាស្ត្រ នៃការងារបោសសម្អាត មីន និង គ្រាប់ ដែលរដ្ឋាភិបាលបានធ្វើការបោសសម្អាត ច្រើនជាងគេ ក្នុងរយៈពេលជាង ៣០ ឆ្នាំ រហូត ផ្ទៃដីចំនួន ៤៤៤ គីឡូម៉ែត្រក្រឡា ក្នុងនោះបានរកឃើញ និង បំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ២៣ ៩៤៦ គ្រាប់មីនប្រឆាំងរថក្រោះ ចំនួន ២០៤ គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះ ចំនួន ៦៦ ៣៧៤ គ្រាប់។
សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ដើម្បីជាការដឹងគុណដល់យុទ្ធជន និងយុវនារីដែលបានពលីជីវិតដើម្បីរំដោះជាតិ គឺត្រូវគ្នាថែរក្សាសុខសន្តិភាព និងប្រព្រឹត្តតែអំពើល្អ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា សមិទ្ធផលខេត្តក្រចេះអស់មីន គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនទៀតក្នុងរយៈពេល ៧ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥ និងគម្រោង សម្តេចតេជោ សម្រាប់សកម្មភាពមីន រួមជាមួយនឹងការចូលរួមដ៏សប្បុរសបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា។ រយៈពេល ៧ខែ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ មានខេត្តចំនួន ០៣ ត្រូវបាន ប្រកាសជាខេត្តអស់មីន រួមមាន ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគីរី និង ខេត្តក្រចេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរដល់អាជ្ញាធរមីន ប្រតិបត្តិករជាតិ អន្តរជាតិទាំងអស់ ផ្តល់នូវកិច្ចសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បង្កើនការចូលរួមឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការអប់រំ និងផ្សព្វផ្សាយ ការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ប្រជាសហគមន៍ សិស្សានុសិស្ស និង កុមារា កុមារី ដែលរស់នៅក្បែរតំបន់ដែលមានចម្ការមីន និងតំបន់ ដែល មាន បន្សល់នូវសំណល់ជាតិផ្ទុះពីសង្គ្រាមនិង ស្នើសុំដល់អាជ្ញាធរមីន រៀបចំកំណត់តំបន់ និងបរិវេណទីតាំងដែលមានចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យបានច្បាស់លាស់ ហើយលើកស្លាកសញ្ញាបង្ហាញលើទីតាំងដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យបានច្រើន ដើម្បីឱ្យប្រជាពលរដ្ឋមើលឃើញច្បាស់ ដែលអាចជៀសវាងបាននូវគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ៕
អត្ថបទ ៖ វិមាន




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


