ព័ត៌មានជាតិ
ការកូនថ្ងៃចូលឆ្នាំយកចំណងដៃកសាងវត្ត ក្លាយជាប្រពៃណីទាក់ទាញទេសចរ
គណៈកម្មការវត្តបឹងត្រាវ បានរៀបចំពិធីមង្កលការកូនចៅពលរដ្ឋដើម្បីអបអរសាទក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងបានចំណងដៃយកទៅកសាងវត្ត។


កាលពីល្ងាចថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៤ គណៈកម្មការអាចារ្យវត្តបឹងត្រាវ មេឃុំបត់ត្រង់ និងប្រជាពលរដ្ឋមកពីទីជិតឆ្ងាយជាង ១ ០០០ នាក់ បានចូលរួមធ្វើពិធីមង្គលការកូនចៅពលរដ្ឋមួយគូ ដើម្បីអបអរសាទក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងបានចំណងដៃទុកកសាងវត្ត ។
ប្រធានគណៈកម្មការអាចារ្យវត្តបឹងត្រាវ លោក ភឹម សំអាត បានប្រាប់អ្នកយកព័ត៌មានថា យុវជននិងយុវនារីជាកូនចៅប្រជាពលរដ្ឋរស់នៅក្នុងឃុំបត់ត្រង់ បានស្ម័គ្រចិត្តរៀបមង្គលការដោយកូនប្រុសមាននាម ទឺ តុង និងកូនស្រីនាម សូត្រ លីដា រស់នៅក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។



លោក ភឹម សំអាត បានប្រាប់អ្នកយកព៍ត័មានឲ្យដឹងបន្តទៀតថា ក្នុងកម្មវិធី កូនក្រមុំនិងកូនកំលោះបានស្លៀកពាក់តុបតែងខ្លួនយ៉ាងស្អាតមកដល់វត្ត ដោយមានប្រជាពលរដ្ឋជាង ១ ០០០ នាក់ បានចូលរួម ក្នុងនោះក៏មានការលើកជំនូនចម្រុះចំនួន ២០០ គូ ចេញពីវត្តហែតាមផ្លូវជាតិអមទៅដោយភ្លេងខ្មែរ និងក្រុមឆៃយ៉ាំយ៉ាងឆ្ងាយទើបហែចូលមកក្នុងវត្តវិញ។
លោកបន្តថា ក្នុងពិធីបន្ទាប់ពីតាអាចារ្យឲ្យពរជ័យដល់កូនក្រមុំ និងកូនកំលោះ និងលោកមេឃុំ អ្នកមុខអ្នកការ ម្តាយកូនប្រុស កូនស្រី និងប្រជាពលរដ្ឋចូលរួមកាត់សក់បង្កក់សិរីសួស្តី អ្នកចូលរួមនាំគ្នាសែនចងដៃយ៉ាងសប្បាយរីករាយ។ បន្ទាប់មកទៀតកូនកំលោះ បានតោងស្បៃកូនក្រមុំបន្តទៅលេងគប់កញ្ញាធ្លាក់ទឹក រាំវង់កំដរហូតដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ ទើបបញ្ចប់កម្មពិធីបុណ្យចូលឆ្នាំខ្មែរតែម្តង។


យ៉ាងណាមិញ លោក ភឹម សំអាត បានអះអាងថា ពិធីនេះគ្រាន់រៀបចំសម្តែងមិនមែនយកគ្នាជាប្តីប្រពន្ធមែនទែននោះឡើយ។ ចប់ពិធីកូនប្រុសកូនស្រីត្រឡប់ទៅផ្ទះរៀងៗខ្លួន ។
លោក ភឹម សំអាត បានកោតសរសើរដល់កូនក្រមុំនិងកូនកំលោះ ដែលបានស្ម័គ្រចិត្តដោយពុំមានការទើសទាល់ខ្មាសអៀន ដើម្បីយកចំណងដៃកសាងវត្ត បើទោះបីអ្នកទាំងពីរពុំបានគ្នាជាប្តីប្រពន្ធពិតក៏ដោយ។


លោក ភឹម សំអាត បានប្រាប់អ្នកយកព៍ត័មានថា ប្រពៃណីនេះបានអនុវត្តតពីដូនតាឲ្យតែចូលឆ្នាំម្តងៗ តែងតែធ្វើពិធីការ មិនដែលដាច់គឺតាំងពីសម័យកាល ៦០ ឆ្នាំ មុនមកម៉្លេះ ហើយពេលខ្លះការដល់ទៅ ៥ គូ ក៏មាន។
នៅដំណាក់កាលជំនាន់កូវីដ ១៩ ខណៈវត្តបឹងត្រាវផ្អាកដំណើរការបណ្តោះអាសន្ន។ ក្រោយពីចប់កូវីដ.១៩ វត្តទូទាំងប្រទេសដំណើរការឡើងវិញ ហើយដំណើរកម្មវិធីប្រពៃណីនេះក៏រៀបចំឡើងវិញ។ តែពីរឆ្នាំមុន វត្តបឹងត្រាវពុំមានប្រជាពលរដ្ឋមកលេងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនោះទេ តែឆ្នាំនេះមានប្រជាពលរដ្ឋមកលេងច្រើនជាងឆ្នាំមុន ដោយសារតែគណៈកម្មការអាចារ្យវត្ត រកល្បែងប្រជាប្រិយជាច្រើនមកលេងក្នុងវត្តបឹងត្រាវពិសេសកញ្ញាធ្លាក់ទឹកនេះ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ