ព័ត៌មានអន្ដរជាតិ
ក្រោយរុះរើគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ថៃ ចុះចេញពីតំណែង
លោក Parnpree Bahiddha-Nukara រដ្ឋមន្ត្រីការបរទេសថៃបានសម្រេចចិត្តលាលែងពីតំណែង បន្ទាប់ពីអស់តំណែងជាឧបនាយករដ្ឋមន្ត្រីនៅក្នុងការរុះរើគណៈរដ្ឋមន្ត្រី ស្របពេលដែលប្រទេសអាស៊ានមួយនេះឈ្មុសឈ្មុលជួយដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា ។ នេះបើយោងតាមសេចក្ដីប្រកាសពីរដ្ឋាភិបាលថៃ និងចុះផ្សាយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៨ ខែមេសាកន្លងទៅ ។

បច្ចុប្បន្នកៅអីរដ្ឋមន្ត្រីការបរទេសថៃកំពុងទំនេរគ្មានអ្នកអង្គុយ បន្ទាប់ពីលោក Parnpree ប្រកាសលាលែងពីតំណែងដ៏គួរឲ្យភ្ញាក់ផ្អើល ។ លោក Parnpree គឺជាអ្នកដឹកនាំក្រុមការងារទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា ហើយកាលពីខែមីនា លោករដ្ឋមន្ត្រីរូបនេះបានចាប់ផ្តើមគំនិតផ្តួចផ្តើមមនុស្សធម៌ ដើម្បីស្វែងរកការត្រួសត្រាយផ្លូវសម្រាប់កិច្ចពិភាក្សាពាក់ព័ន្ធបញ្ហាភ្លើងសង្គ្រាម អស្ថិរភាព និងអំពើហិង្សាដែលដុតបញ្ឆេះឡើងដោយរដ្ឋប្រហារយោធាមីយ៉ាន់ម៉ាអស់រយៈកាល ៣ ឆ្នាំមកនេះ ។
ទាក់ទិននឹងរឿងរ៉ាវលាលែងពីតំណែងនេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Chai Wacharonke បានប្រាប់ Reuters ថា “លោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន បានទទួលយកលិខិតលាលែងរបស់លោក Parnpree រួចរាល់ហើយ ហើយពាក់ព័ន្ធបញ្ហានេះទៀតសោត នឹងមិនប៉ះពាល់ដល់ការងាររបស់រដ្ឋាភិបាលក្នុងកិច្ចការបរទេសនោះទេ ក៏ដោយសារតែលេខាធិការដ្ឋានអចិន្ត្រៃយ៍របស់ក្រសួងការបរទេស និងមន្ត្រីក្នុងក្រសួងអាចធ្វើការជំនួសបាន” ។

នៅក្នុងសំណេរលិខិតលាលែងពីតំណែង អតីតតំណាងពាណិជ្ជកម្មវ័យ ៦៧ ឆ្នាំរូបនេះបានសរសេររ៉ាយរ៉ាប់ថា ការដកតំណែងរបស់លោកចេញពីកៅអីឧបនាយករដ្ឋមន្ត្រី គឺមិនមែនដោយសារតែលោកធ្វើការងារមិនបានល្អនោះទេ ។ លោកបានបំពេញតួនាទីបានយ៉ាងល្អ ជាពិសេសថែមទាំងជួយលើកមុខមាត់ប្រទេសជាតិនៅលើឆាកអន្តរជាតិថែមទៀតផង ។
មិនមែនត្រឹមលោក Parnpree នោះទេដែលបាត់បង់តំណែងក្នុងការរុះរើគណៈរដ្ឋមន្ត្រីថៃនាពេលនេះ ពោលសូម្បីតែលោកនាយករដ្ឋមន្ត្រី សេដ្ឋា ក៏របូតតំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវុត្ថុផងដែរ ប៉ុន្តែទោះជាយ៉ាងណា តំណែងនេះបានធ្លាក់ទៅដល់ដៃអតីតនាយកប្រតិបត្តិថាមពល លោក Pichai Chunhavajira ឲ្យឡើងអង្គុយកៅអីមួយនេះជំនួស ។
គួរបញ្ជាក់ថា ការរុះរើគណៈរដ្ឋមន្ត្រីថៃមានហេតុផលជាច្រើន ហើយនេះក៏អាចជាស្ទីលរបស់គណបក្សភឿថៃផងដែរ ខណៈការផ្លាស់ប្ដូរកន្លងមកអនុវត្តតាំងតែពីសម័យបក្សថៃស្រលាញ់ថៃក្រោមការដឹកនាំរបស់លោក ថាក់ស៊ីន ដើម្បីឆ្លើយតបចំពោះក្រុមនយោបាយ ក៏ដូចជាការចរចាផលប្រយោជន៍ជាមួយក្រុមមូលធន ហើយស្ទីលនេះជាមធ្យមនឹងមានការរុះរើគណៈរដ្ឋមន្ត្រីនៅរៀងរាល់ ៦ ខែ ឬ ១ ឆ្នាំម្តង ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ថៃ រុះរើគណៈរដ្ឋមន្ត្រីជាផ្លូវការ លោក សេដ្ឋា របូតតំណែងមួយក្នុងដៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


