ព័ត៌មានជាតិ
អនុប្រធានសភាចិន បញ្ជាក់ពីការស្វាគមន៍វត្តមានសម្ដេចតេជោ ទៅធ្វើទស្សនកិច្ចនៅចិន តាមពេលសមស្របណាមួយ
អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិន បានបញ្ជាក់ជូនសម្ដេចតេជោ ថា ភាគីចិនត្រៀមទទួលស្វាគមន៍វត្តមានរបស់សម្ដេចតេជោ ក្នុងតំណែងជាប្រធានព្រឹទ្ធសភា ដើម្បីអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន តាមពេលវេលាសមស្របខាងមុខ។ ការបញ្ជាក់របស់ភាគីចិននេះ ធ្វើឡើងនៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។

ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា លោក Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃ សភាតំណាងប្រជាជនចិន បានចូលរួមសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចតេជោ បានសម្តែងក្ដីរីករាយដោយឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសរវាងស្ថាប័ននីតិបញ្ញត្តិកម្ពុជា និងចិន មានការរីកចម្រើនជាលំដាប់។
ជាការឆ្លើយតប លោក Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន បានសម្ដែងអំណរសាទរចំពោះជោគជ័យយ៉ាងត្រចះត្រចង់នៃការបោះឆ្នោតបន្តបន្ទាប់របស់កម្ពុជា ដែលគណបក្សប្រជាជនកម្ពុជាបានទទួលភាពជោគជ័យជាបន្តបន្ទាប់ ដែលបង្ហាញពីការគាំទ្រដ៏លើសលប់ពីប្រជាជនចំពោះគណបក្សប្រជាជនកម្ពុជា។

លោក Shohrat Zakir បានគូសរំលេចជូនសម្ដេចតេជោ ថា ក្នុងឱកាសខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានប្រឈមនឹងកាលានុវត្តភាពថ្មី ជាមួយស្ថានការណ៍ភូមិសាស្ត្រនយោបាយ ដែលកម្ពុជា និងចិន ត្រូវតែសហការជាមួយគ្នា ដើម្បីកសាងសហគមន៍វាសនារួមគ្នា។ លោក បានរម្លឹកពី ការស្វាគមន៍របស់ចិនចំពោះព្រះរាជវត្តមានរបស់ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា និងសម្ដេចម៉ែ យាងពិនិត្យព្រះរាជសុខភាពជាទៀងទាត់ និងព្រះរាជទស្សនកិច្ចផ្សេងៗនៅប្រទេសចិន។ ជាមួយគ្នានេះ លោក ក៏បានបញ្ជាក់ពីការត្រៀមរបស់ភាគីចិន ក្នុងការរៀបចំទទួលស្វាគមន៍វត្តមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញបំពេញទស្សនកិច្ចទៅប្រទេសចិន តាមពេលវេលាសមស្របខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ក៏ដូចជាការជំរុញ និងលើកកម្ពស់ឱ្យហកាន់តែរឹងមាំបន្ថែមទៀត។

លោកអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន បានចាត់ទុកសម្ដេចតេជោ គឹជាមិត្តចាស់ ដែលបានចូលរួមចំណែករឹតចំណងមិត្តភាពកម្ពុជា-ចិន ដែលបានបង្កើតជាច្រើនជំនាន់មកហើយ ដែលផ្ដួចផ្ដើមដោយសម្ដេចព្រះ នរោត្តម សីហនុ ជាមួយនឹងថ្នាក់ដឹកនាំចិន ហើយដែលត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំចិន និងកម្ពុជា ជាបន្តបន្ទាប់រហូតរក្សាបានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ និងផ្ដល់នូវភាពរីកចម្រើនឱ្យគ្នាទៅវិញទៅមក។
លោក បានបន្តថា ភាគីចិនចាត់ទុកកម្ពុជា ជាប្រទេសអាទិភាព ហើយគាំទ្រកម្ពុជាយ៉ាងមុតមាំនូវមាគ៌ាអភិវឌ្ឍន៍របស់ខ្លួន ស្របតាមសភាពការណ៍ជាក់ស្ដែង ហើយចិន ក៏បានប្តេជ្ញាសហការក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងខិតខំជំរុញច្រករបៀងមច្ឆា និងអង្ករ និងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ឱ្យមានការរីកចម្រើនដើម្បីផលប្រយោជន៍ទៅវិញទៅមកផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានអរគុណភាគីចិនចំពោះការអញ្ជើញសម្ដេចទៅបំពេញទស្សនកិច្ចនៅប្រទេសចិន និងពេញចិត្តចំពោះការលើកពីកិច្ចសហប្រតិបត្តិការ ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ ក៏ដូចជារាល់កិច្ចសហប្រតិបត្តិការទាំងអស់បានផ្ដល់ប្រយោជន៍ដល់កម្ពុជាយ៉ាងច្រើនផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ