Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការងារបក្ស រដ្ឋ និងសង្គមមហាជន ត្រូវដើរទន្ទឹមគ្នា ក្នុងគោលដៅបម្រើប្រទេសជាតិ ប្រជាជន ឲ្យកាន់តែល្អប្រសើរ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល បាន​មាន​ប្រសាសន៍​ថា ការងារ​បក្ស រដ្ឋ និង​សង្គម​មហាជន ត្រូវ​ដើរ​ទន្ទឹមគ្នា ក្នុង​គោលដៅ​បម្រើ​ប្រទេសជាតិ និង​ប្រជាជន ឲ្យ​កាន់តែ​ល្អ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម ហ៊ុន ម៉ានី មាន​ប្រសាសន៍​បែបនេះ ក្នុង​ឱកាស ឯកឧត្ដម បាន​អញ្ជើញ​ផ្ដល់​បទ​ឧទ្ទេសនាម​លើ​ប្រធានបទ«ភាព​ជា​អ្នក​ដឹកនាំ នវានុវត្តន៍ និង​គុណា​ធិបតេយ្យ ក្នុង​រដ្ឋបាល​សាធារណៈ​» ក្នុង​វគ្គ​អប់រំ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា កម្រិត ២ ជំនាន់​ទី ១០ ដែល​មាន​សិក្ខាកាម​ជា​មន្ត្រី​គណបក្ស​មកពី​បណ្ដា​គណបក្ស​ក្រសួង​-​ស្ថាប័ន រាជធានី​-​ខេត្ត និង​អង្គការ​យុវជន​គណបក្ស​ចូលរួម​សរុប​ចំនួន ១៣៣ រូប (ស្រី ១៨ រូប) នៅ​វិមាន ៧ មករា កាលពី​រសៀល​ថ្ងៃ​ទី ១៣ ខែ​មិថុនា ឆ្នាំ ២០២៤។

នា​ឱកាស​នោះ​ដែរ ឯកឧត្ដម ហ៊ុន ម៉ានី បាន​រម្លឹក​អំពី​ប្រវត្តិ​កកើត នៃ​ស្ថាប័ន​មុខងារ​សាធារណៈ និង​សមិទ្ធផល​នានា ដែល​ក្រសួង​សម្រេច​បាន ព្រមទាំង​រៀបរាប់​ពី​មុខងារ ភារកិច្ច និង​ទំនួល​ខុសត្រូវ​ចម្បង​ៗ របស់​ក្រសួង​មុខងារ​សាធារណៈ ក្នុង​ការ​ដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍន៍​វិស័យ​មុខងារ​សាធារណៈ។

ជាមួយ​នេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បាន​បញ្ជាក់​ពី​សមិទ្ធផល នៃ​ការងារ​ស្នូល​សំខាន់ៗ ក្នុង​ការ​ឆ្លើយ​តប​នឹង​វិធានការ​គន្លឹះ​ទាំង ៣ របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់​ចេញ ក្នុងនាម​ជា​លេខាធិការដ្ឋាន គ​.​វ​.​រ ក្រសួង បាន​រៀបចំ​ការ​ប្រឡងប្រជែង​ចំនួន ៦ ដង ដោយ​ជ្រើសរើស​មន្ត្រី​រាជការ ៩៧៥ នាក់ ឲ្យ​ចូល​បម្រើ​ការងារ​តាម​ក្រសួង​-​ស្ថាប័ន និង​កំពុង​រៀបចំ​ការ​ប្រឡងប្រជែង​គ្រូ​បឋមសិក្សា ដែល​មាន​បេក្ខជន​ចូលរួម​ប្រឡង ៣៨,១៦៨ នាក់ ហើយ​បច្ចុប្បន្ន ក្រសួង ក៏បាន និង​ជំរុញ​ការ​ពិនិត្យ​ឡើងវិញ និង​ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង​-​ស្ថាប័ន និង​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួង​-​ស្ថាប័ន ដែល​ជា​ការងារ​អាទិភាព​មួយ នៃ​វិធានការ​គន្លឹះ របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី ៧ នៃ​រដ្ឋសភា ផង​ដែរ។

បន្ថែម​ពី​នេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បាន​បង្ហាញ​ពី​ភាព​ជា​គំរូ និង​គោលការណ៍​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​ការ​គួរ​ស្វែងយល់ និង​សិក្សា​បន្ថែម​ពី​ការ​ដឹកនាំ​របស់ សម្ដេច​តេជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ដទៃ​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ឈរ​លើ​គោល​ជំហរ​រឹងមាំ ប្រកប​ដោយ​សាមគ្គី ឯកភាព​ផ្ទៃក្នុង។

ទន្ទឹម​នោះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បាន​រំលឹក​ពី​គោលការណ៍​ដឹកនាំ និង​សារ​ដាស់តឿន​សំខាន់ៗ ក៏ដូចជា​អភិក្រម​នានា ដែល​អ្នកដឹកនាំ​ត្រូវ​ប្រកាន់ខ្ជាប់ ធ្វើ​យ៉ាងណា​រក្សា​នូវ​សាមគ្គី​ឯកភាព​ផ្ទៃក្នុង ព្រមទាំង​ជំរុញ​ចិត្ត​ឲ្យ​សិក្ខាកាម​ទាំងអស់ ចូលរួម​បំពេញ​តួនាទី ភារកិច្ច ក្នុង​ការ​កែទម្រង់ និង​លើក​កម្ពស់​រដ្ឋបាល​សាធារណៈ ស្របតាម​ទស្សនវិស័យ​របស់ សម្ដេច​ធិបតី ក្នុង​ការ​រៀបចំ​ផ្ទះសំបែង​របស់​យើង​ឲ្យ​បាន​ស្អាត និង​មាន​របៀបរៀបរយ។ ជាង​នេះ ត្រូវ​ចូលរួម​ក្នុង​ការងារ​គណបក្ស​បន្ថែម​ទៀត ធ្វើ​យ៉ាងណា​ឲ្យ​ការងារ ទាំង​បក្ស ទាំង​រដ្ឋ និង​ការងារ​មហាជន ដើរ​ទន្ទឹមគ្នា ក្នុង​គោលដៅ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ។

គួរ​ជម្រាប​ថា វគ្គ​អប់រំ​នយោបាយ​គណបក្ស​កម្រិត ២ មាន​ការ​អញ្ជើញ​ចូលរួម​ធ្វើ​បទ​ឧទ្ទេសនាម​ដោយ​ឥស្សរជន​ជាន់ខ្ពស់​របស់​កម្ពុជា​ជាច្រើន​រូប ដើម្បី​ផ្តល់​នូវ​ពុទ្ធិ និង​ចំណេះដឹង ក៏ដូចជា​បទ​ពិសោធ ដែល​វាគ្មិន​ធ្លាប់​បាន​ជួបប្រទះ​កន្លងមក ទៅ​លើ​ទិដ្ឋភាព នៃ​ការ​ដឹកនាំ ទិដ្ឋភាព នៃ​ការ​គ្រប់​គ្រង​ការងារ​រដ្ឋ ការងារ​បក្ស សង្គម និង​មហាជន ជូន​ទៅ​ដល់​សិក្ខាកាម​ទាំងអស់​គ្នា។

វគ្គ​អប់រំ​នយោបាយ​នេះ ធ្វើឡើង​ក្នុង​គោលបំណង ផ្ដល់​ជា​ចំណេះដឹង​សំខាន់ៗ និង​ចាំបាច់​មួយ​ចំនួន​ដល់​មន្ត្រី​គណបក្ស ជាពិសេស​មន្ត្រី​បន្តវេន អំពី​វិធីសាស្ត្រ​ត្រិះរិះ​ពិចារណា​ប្រកប​ដោយ​វិទ្យាសាស្ត្រ ការ​លើក​កម្ពស់​ការ​យល់ដឹង​ពី​បុព្វហេតុ សមិទ្ធផល និង​មេរៀន​ប្រវត្តិសាស្ត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៦ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១០ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម