នយោបាយ
សម្តេចតេជោ ព្រមានគណបក្សក្នុងស្រុក កុំឱ្យមានការពាក់ព័ន្ធការបង្កើតរដ្ឋាភិបាលនិរទេសក្រៅប្រទេស
អតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហើបជាសាធារណៈថា ការផ្តួចផ្តើមគំនិតដើម្បីបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេសកំពុងចាប់ផ្តើមហើយ ខណៈសម្តេចបានអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជាត្រៀមកម្ចាត់ឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាដល់សុខសន្តិភាពដែលកម្ពុជារកបានដោយលំបាក។
ការប្រកាសជាសាធារណៈរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល បានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) នៅវិមាន៧មករា រាជធានីភ្នំពេញ ដែលមានសមាជិកចូលរួមប្រមាណ ២ម៉ឺននាក់។

សម្តេចបានថ្លែងថា ដើម្បីធានានិរន្តភាពនៃការអភិវឌ្ឍ ចាំបាច់ត្រូវជំរុញការកែទម្រង់ជាប់ជានិច្ច ព្រោះថាការកែទម្រង់ជាកម្លាំងចលករនៃការអភិវឌ្ឍន៍ បើគ្មានការកែទម្រង់ឬការកែទម្រង់គ្មានប្រសិទ្ធភាព នោះការអភិវឌ្ឍ នឹងខ្វះកម្លាំងជំរុញ។ ត្រង់ចំណុចនេះ សម្តេចបញ្ជាក់ជូនថា ចលនាជ្រុលនិយមក្នុងប្រទេសយើង នៅបន្តមាននៅឡើយ ហើយចលនាជ្រុលនិយមនេះគឺជាឬសគុល និងជាគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ ដែលទាមទារឱ្យកម្ចាត់បានទាន់ពេលវេលា។
បើតាមសម្តេចតេជោ បានទទួលដំណឹងមកថា៖«ការផ្តួចផ្តើមគំនិតដើម្បីបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេសកំពុងចាប់ផ្តើមហើយ…យើងមិនអាចឱ្យពួកគេមានក្បាលម៉ាស៊ីជារដ្ឋាភិបាលនៅក្រៅប្រទេស ហើយមានសមាជិកធ្វើសកម្មភាពនៅក្នុងប្រទេសបានទេ»។
ទន្ទឹមនឹងនេះសម្តេចតេជោ ព្រមានថាដល់គណបក្សណាក៏ដោយដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលដែលបង្កើតនៅឯបរទេសត្រូវតែកម្ចាត់ចោល។ សម្តេចសង្កត់ធ្ងន់ថា៖«បក្សណាក៏ដោយ អ្នកណាក៏ដោយ ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលដែលបង្កើតនៅឯបរទេស ប្រសិនបើកើតឡើងនាពេលខាងមុខ តាមការគ្រោងទុករបស់គេ យើងត្រូវតែកម្ចាត់ចោល និងរំសាយចោលភ្លាមនូវអង្គការចាត់តាំងបក្សណាក៏ដោយដែលនៅក្នុងប្រទេស នេះជារឿងចាំបាច់ដើម្បីធានាការពារ»។

«យើងមិនអនុញ្ញាតដាច់ខាតឱ្យពួកនយោបាយជ្រុលនិយមមួយក្តាប់តូចមកបំផ្លាញសន្តិភាពបានឡើយ។ ក្នុងន័យនេះ ខ្ញុំអំពាវនាវដល់ប្រជាជនទាំងមូល លើកកកម្ពស់ស្មារតីជាតិនិយម និងកម្ចាត់នយោបាយជ្រុលនិយមឱ្យអស់ពីកម្ពុជា»។ នេះជាការថ្លែងឡើងបន្ថែមរបស់សម្តេចតេជោ។
ជាមួយគ្នានេះ សម្តេចតេជោ អំពាវនាវចំពោះរាជរដ្ឋាភិបាល ពិនិត្យពិចារណាលើរឿងនេះ ធ្វើវិសោធនកម្មទាក់ទងនឹងច្បាប់បង្កើតគណបក្សនយោបាយ និងច្បាប់ដទៃទៀតប្រសិនបើពួកគេបង្កើតនូវរដ្ឋាភិបាលនិរទេស។
សម្តេចថ្លែងថា៖«បើអ្នកឯងមានរដ្ឋាភិបាល យើងក៏មិនអាចទុកគណបក្សនយោបាយឱ្យស្របច្បាប់បានតទៅទៀតដែរ នេះជារឿងដែលចាំបាច់ត្រូវធ្វើ។ យើងត្រូវហ៊ានលះបង់ ត្រូវហ៊ានធ្វើនូវអ្វីៗដែលការពារសន្តិភាពសម្រាប់ប្រជាជាតិ»។
សម្តេចក៏រំឭកដែរថា កម្ពុជាបានបាត់បង់សន្តិភាពរយៈពេលវែងមកហើយ ទើបតែមានសន្តិភាពរយៈពេលជាង ២៥ឆ្នាំ ដូច្នេះយើងមិនខ្លាចនឹងបង់តម្លៃណាក៏ដោយ ដើម្បីនឹងទប់ស្កាត់នូវចរន្តជ្រុលនិយមដែលបង្កើតឡើងនូវស្ថានភាពគ្រោះថ្នាក់សម្រាប់ប្រទេសជាតិនោះឡើយ។
គម្រោងបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេសនាពេលនេះ សំដៅទៅលើមនុស្សមួយដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកំពុងនិរទេសខ្លួននៅឯបរទេស។
សូមរំឭកថា ក្នុងអំឡុងឆ្នាំ ២០១៥ ក្រុមនយោបាយមួយដែលមានឈ្មោះថា គណបក្សនយោបាយ រណសិរ្យរំដោះជាតិខ្មែរ ដែលបាននិរទេសខ្លួននៅបរទេស បានប្រកាសបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសមួយ ដែលមានមូលដ្ឋាននៅប្រទេសដាណឺម៉ាក ប៉ុន្តែត្រូវបានរដ្ឋាភិបាលកម្ពុជា និងគណបក្សនយោបាយធំៗ នាពេលនោះបានប្រឆាំងចំពោះការប្រកាសបង្កើតនេះ៕
អតបទ៖ ឡាយ សាមាន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


