ព័ត៌មានជាតិ
មន្ត្រីនាំពាក្យ៖ ការទាមទាររបស់ក្រសួងមហាផ្ទៃ ឱ្យសង់ត្រាល់ផ្ដល់ព័ត៌មានគណនីធនាគារ មិនមែនជាការគំរាមកំហែងឡើយ
ការទាមទាររបស់ក្រសួងមហាផ្ទៃឱ្យអង្គការសង់ត្រាល់ ផ្ដល់ព័ត៌មានអំពីគណនីធនាគាររបស់អង្គការនេះមកកាន់ក្រសួងមហាផ្ទៃ គឺមិនមែនជាការគំរាមកំហែងឡើយ។ នេះជាការឆ្លើយតបរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ដោយលោក បញ្ជាក់ថា ផ្ទុយទៅវិញ នេះជាការអនុវត្តតាមនីតិវិធីដែលច្បាប់បានកំណត់ជាធរមាន។

ការចេញមកបញ្ជាក់បែបនេះពីសំណាក់មន្ត្រីនាំពាក្យនៃក្រសួងមហាផ្ទៃ នាពេលនេះ បន្ទាប់ពីមានលើកឡើងនូវមតិមួយចំនួនថា ការដែលក្រសួងមហាផ្ទៃ តម្រូវឱ្យអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា «សង់ត្រាល់» ត្រូវផ្ដល់ព័ត៌មានអំពីគណនីធនាគាររបស់អង្គការនេះធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា គឺជាគំរាមកំហែង និងរំលោភបំពានទៅសិទ្ធិសេរីភាពរបស់អង្គការមិនមែនរដ្ឋាភិបាល។ ការលើកឡើងចោទប្រកាន់នេះ ត្រូវបានអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចេញមុខមកច្រោនចោលភ្លាមៗ។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លិខិតរបស់ក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយលោក ស សុខា មានចរិតទៅតាមច្បាប់ត្រឹមត្រូវ អត់មានជាការគំរាមកំហែងដល់តួអង្គ និងបុគ្គលណាទេ»។ តាមលោក ទូច សុខៈ កិច្ចការដែលក្រសួងមហាផ្ទៃធ្វើ គឺអនុវត្តស្របតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលក្នុងនោះ ត្រង់មាត្រា ១០ នៃច្បាប់នេះ បានកំណត់ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនីដែលត្រូវបានបើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារក្នុងប្រទេស កម្ពុជាទៅកាន់ក្រសួងមហាផ្ទៃ និងក្រសួងសដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងករណីមិនផ្ដល់ព័ត៌មាន ក្រសួងមហាផ្ទៃ មានសិទ្ធិក្នុងការជូនដំណឹងឱ្យអង្គការ ឬសមាគមនោះ ត្រូវផ្ដល់ព័ត៌មានមកកាន់ក្រសួង ក្នុងអំឡុងពេល៣០ថ្ងៃ។ លោក ទូច សុខៈ ថា ដូច្នេះការទាមទារឱ្យអង្គការសង់ត្រាល់ ផ្ដល់ព័ត៌មានមកក្រសួងមហាផ្ទៃ អនុវត្តតាមនីតិវិធីច្បាប់សុទ្ធសាធ មិនមានការគំរាមកំហែងណាមួយឡើយ ខណៈអង្គការសង់ត្រាល់ ក៏ទទួលស្គាល់ និងឆ្លើយតបថា ខ្លួននឹងផ្ដល់ព័ត៌មានទាក់ទិននឹងគណនីធនាគាររបស់អង្គការឱ្យបានមុន ៣០ថ្ងៃផងដែរ។
គួររម្លឹកថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានតម្រូវឱ្យលោក មឿន តុលា ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកម្ពុជា (សង់ត្រាល់) ឱ្យផ្ដល់ព័ត៌មានរាល់គណនីដែលបានបើកសម្រាប់កិច្ចប្រតិបត្តិការនៅធនាគារក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល៣០ថ្ងៃ។ ការតម្រូវឱ្យអង្គការសង់ត្រាល់ផ្ដល់ព័ត៌មានគណនីធនាគារនេះ គឺក្រោយមានបណ្តឹងពីកម្មកររាប់ម៉ឺននាក់។ លិខិតរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា៖ «អង្គការលោកត្រូវផ្ដល់ព័ត៌មានរាល់គណនីដែលបានបើកសម្រាប់កិច្ចប្រតិបត្តិការនៅធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា មកក្រសួងមហាផ្ទៃ ក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះជាកំណត់»។
ទន្ទឹមនេះ ក្រសួងមហាផ្ទៃ ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងករណីដែលអង្គការសង់ត្រាល់មិនបានបំពេញកាតព្វកិច្ចតាមសេចក្តីជូនដំណឹងនេះ។

ការចេញលិខិតរបស់ក្រសួងមហាផ្ទៃនេះ គឺធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានទទួលនូវពាក្យបណ្ដឹង និងសេចក្តីថ្លែងការណ៍របស់បណ្ដាសហជីព សម្ព័ន្ធសហជីព សហព័ន្ធសហជីព និងសមាគមជាច្រើនពាក់ព័ន្ធនឹងការធ្វើសកម្មភាព និងការចេញរបាយការណ៍របស់អង្គការសង់ត្រាល់ ដែលមានចំណងជើងថា «ឧបសគ្គរារាំងភាពជាតំណាង៖ សេរីភាព សហជីពនៅកម្ពុជា» ដែលត្រូវបានរិះគន់ថា មានលក្ខណៈលម្អៀង ពុំយុត្តិធម៌ យកមតិភាគតិចមកវាយតម្លៃស្ថានភាពទាំងមូល ដោយពុំបានឆ្លុះបញ្ចាំងពីការពិតនៃស្ថានភាពសេរីភាពសហជីពនៅកម្ពុជាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិ និងជះឥទ្ធិពលមិនល្អដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករនិយោជិតនៅប្រទេសកម្ពុជាទាំងមូល។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានរំលឹកអង្គការសង់ត្រាល់ ថា “អនុវត្តតាមស្មារតីនៃមាត្រា៣០ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយក្រសួងមហាផ្ទៃ ក្រើនរំលឹកចំពោះអង្គការសង់ត្រាល់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈរបស់អង្គការ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន”៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


