ព័ត៌មានជាតិ
ជិត ៨ ខែ រាជរដ្ឋាភិបាលឧបត្ថម្ភថវិកាជិត ៣០០ ប៊ីលានរៀល ដល់កម្មការិនីជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ
ក្នុងរយៈពេលជិត ៨ ខែ ឆ្នាំ ២០២៤ នេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកាប្រមាណជិត ៣០០ ប៊ីលានរៀល ដល់កម្មការិនីជាស្ត្រីមានផ្ទៃពោះ មុន និងក្រោយសម្រាល និងកុមារអាយុក្រោម ២ ឆ្នាំ ដែលបានជួយលើកកម្ពស់សុខភាព និងជីវភាពគ្រួសារកាន់តែប្រសើរបន្ថែមទៀត។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២២ សីហា នេះថា គិតពីខែមករា រហូតដល់ ២០ ខែសីហា ឆ្នាំ ២០២៤ នេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភថវិកាដល់កម្មការិនីជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ចំនួន ៩៨ ២៣៤ នាក់ មានកូនចំនួន ៩៥ ១៧០ នាក់ ដោយចំណាយថវិកាប្រមាណជា ៦៥,៤១ ប៊ីលានរៀល និងបានឧបត្ថម្ភថវិកាដល់កម្មការិនីជាស្ត្រីសម្រាលកូនសរុបចំនួន ៥៤៧ ៣១១ នាក់ មានកូនចំនួន ៥៣៣ ៥៦៦ នាក់ ចំណាយថវិកាសរុបចំនួន ២៥៥,៥៧ ប៊ីលានរៀល។
លោកបានបន្តថា ការផ្ដល់ប្រាក់ឧបត្ថម្ភនេះបានជួយលើកកម្ពស់សុខភាព និងជីវភាពគ្រួសារសមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ កាន់តែប្រសើរឡើងបន្ថែមទៀត។

លោកបានបន្តទៀតថា រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជូនកម្មករ-និយោជិត ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ ក្នុងនោះមុនពេលសម្រាលកូនកម្មករ-និយោជិត ស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ លើក ដោយ ១ លើក ទទួលបានថវិកា ៨ ម៉ឺនរៀល។ ពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភដោយកូន ១ ទទួលបានថវិកា ៨០ ម៉ឺនរៀល កូនភ្លោះពីរទទួលបាន ១ លាន ២ សែនរៀល និងកូនភ្លោះបីទទួលបាន ១ លាន ៦ សែនរៀល និងទទួលបានការឧបត្ថម្ភពិសេសបន្ថែមពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀល ទៀតផងដែរ។
លោកបានបន្ថែមថា ជាមួយគ្នានេះដែរ ក្រោយពេលសម្រាលកូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ លើក ដោយ ១ លើក ទទួលបាន ៨ ម៉ឺនរៀល ក្នុងនោះ ៣ លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧ លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ ឆ្នាំ។

លោកបានបន្ថែមថា «ការទទួលបានប្រាក់ឧបត្ថម្ភនេះ នឹងជួយឱ្យស្ត្រីមានសុវត្ថិភាព និងសុខភាពតាំងពីពពោះរហូតដល់សម្រាលកូន។ មានន័យថាគាត់ទៅពិនិត្យសុខភាពទៀងទាត់ ថែទាំសុខភាពបានល្អ ក្រោមការត្រួតពិនិត្យរបស់គ្រូពេទ្យ ហើយពេលសម្រាលកូនសម្រាលដោយក្រុមគ្រូពេទ្យ ឬឆ្មបមានវិជ្ជាជីវៈ និងបច្ចេកទេសត្រឹមត្រូវ ធានាសុវត្ថិភាពពេលសម្រាល ហើយពេលកូនកើតមកបាន ២ ឆ្នាំ ទទួលបានការចាក់វ៉ាក់សាំង និងពិនិត្យសុខភាពក្រោយពេលសម្រាល»។
លោកបានបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះជាសមាជិក ប.ស.ស មិនខ្វល់ពីការខ្វះខាតប្រាក់ក្នុងការពិនិត្យផ្ទៃពោះពេលសម្រាល និងចាក់វ៉ាក់សាំងដល់កូនឡើយ ព្រោះ ប.ស.ស.ធានារ៉ាប់រងទាំងអស់ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលទៀតផង ដែលនឹងជួយលើកស្ទួយជីវភាពគ្រួសារកាន់តែប្រសើរ។

លោក កត្តា អ៊ន បានបន្ថែមទៀតថា ប៉ុន្តែមុននឹងទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចជា ៖ ត្រូវមានប័ណ្ណសមាជិក ប.ស.ស. ដែលមានសុពលភាព។ ត្រូវទៅទទួលសេវាសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈ (មន្ទីរពេទ្យរដ្ឋ) តាមតារាងកម្មវិធី។ កុមារដែលម្តាយបានចុះឈ្មោះរួចក្នុងកម្មវិធី កុមារនោះ ត្រូវចូលក្នុងកម្មវិធីដោយស្វ័យប្រវត្តិ ដោយត្រូវភ្ជាប់មកជាមួយនូវប័ណ្ណសុខភាពកុមារ។
លោកបានឱ្យដឹងទៀតថា ពេលមកស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនៅ ប.ស.ស. ត្រូវភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (មានសុពលភាព) ប័ណ្ណសមាជិក ប.ស.ស. (មានសុពលភាព) លេខទូរស័ព្ទ និងលេខគណនីធនាគារអេស៊ីលីដា កាណាឌីយ៉ា និង អេប៊ីអេ សៀវភៅសុខភាពមាតាបញ្ជាក់ពីអាយុគភ៌ដំបូង ដែលចេញដោយមន្ទីរពេទ្យរដ្ឋ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


