ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស ៖ កូរ៉េ នឹងបន្តសហការកាន់តែជិតស្និទ្ធបន្ថែមទៀត លើការអនុវត្តគម្រោងប្រព័ន្ធស្ដារនីតិសម្បទានៅកម្ពុជា
មន្ត្រីជាន់ខ្ពស់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានអះអាងថា ភាគីកូរ៉េ នឹងបន្តកិច្ចសហការកាន់តែជិតស្និទ្ធបន្ថែមទៀត លើការជំរុញឱ្យកាន់តែប្រសើរឡើង នៃប្រព័ន្ធស្ដារនីតិសម្បទានៅកម្ពុជា ការអភិវឌ្ឍធនធានមនុស្ស ការកសាងសមត្ថភាពមន្ត្រី និងបុគ្គលិកជំនាញ ប.ស.ស ផងដែរ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ នៃសាធារណរដ្ឋកូរ៉េ (COMWEL) ដឹកនាំដោយលោក Lee Seung Wook ប្រធាននាយកដ្ឋានស្រាវជ្រាវ នៃវិទ្យាស្ថានស្រាវជ្រាវសុខុមាលភាពការងារ កាលពីថ្ងៃទី ១៩ វិច្ឆិកា នៅទីស្នាក់ការកណ្តាល ប.ស.ស. លោក ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តថា ជំនួបនេះធ្វើឡើងដើម្បីរៀបចំកិច្ចប្រជុំបូកសរុបការងារស្ដីពី ផែនការមេ នៃគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ព្រមទាំងប្រមូលធាតុចូល និងឯកសារពាក់ព័ន្ធ ដើម្បីរៀបចំស្នើសុំគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការថ្មី (New ODA Project)។
នៅក្នុងជំនួបនោះ លោក Lee Seung Wook បានបង្ហាញពីទំនុកចិត្តលើ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ស្ដីពី “កម្មវិធីពិគ្រោះយោបល់គោលនយោបាយសម្រាប់ការបង្កើតប្រព័ន្ធស្តារនីតិសម្បទា នៅកម្ពុជា” ដែលមានរយៈពេល ៣ ឆ្នាំ (២០២២-២០២៤) ព្រមទាំងប្ដេជ្ញាបន្តគាំទ្រការអនុវត្តសកម្មភាព នៃផែនការមេ ដើម្បីធ្វើឱ្យប្រព័ន្ធស្ដារនីតិសម្បទា នៅកម្ពុជា មានភាពកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ លោកអគ្គនាយករង ប.ស.ស. បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអង្គភាព COMWEL និងអបអរសាទរចំពោះភាពជោគជ័យ នៃការអនុវត្តគម្រោងកន្លងមករវាងអង្គភាពទាំងពីរ។
ទន្ទឹមនេះ លោកអគ្គនាយករង ជឿជាក់ថា ភាគីទាំងពីរ នឹងបន្តកិច្ចសហការកាន់តែជិតស្និទ្ធបន្ថែមទៀត លើការជំរុញឱ្យកាន់តែប្រសើរឡើង នៃប្រព័ន្ធស្ដារនីតិសម្បទាកម្ពុជា ការអភិវឌ្ឍធនធានមនុស្ស ការកសាងសមត្ថភាពមន្ត្រី និងបុគ្គលិកជំនាញ ប.ស.ស ផងដែរ។

លោកអគ្គនាយករង ប.ស.ស. បញ្ជាក់បន្ថែមថា សម្រាប់ជំនួយគម្រោងបន្ទាប់ ភាគីទាំងពីរ នឹងពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរៀបចំគម្រោងផែនការមេ ព្រមទាំងឯកសារទស្សនាទាន នៃគម្រោងថ្មីជូនរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ នៅឆ្នាំ ២០២៥ ខាងមុខនេះ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


