នយោបាយ
សម្តេចតេជោ នឹងជួបផ្ទាល់ជាមួយលោក ស៊ី ជីងពីង នៅចិនក្នុងដំណើរទស្សនកិច្ចលើកដំបូងក្នុងនាមជាប្រធានព្រឹទ្ធសភាកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាព និងជាផ្លូវការនៅប្រទេសចិន ពីថ្ងៃទី០២ ខែធ្នូ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ដើមសប្តាហ៍ក្រោយនេះ។ នេះ គឺជាដំណើរទស្សនកិច្ចលើកទីមួយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភាកម្ពុជា ហើយដំណើរទស្សនកិច្ចនេះ គឺធ្វើឡើងតបទៅតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន។

ក្រសួងការបរទេសកម្ពុជា បានបង្ហាញឱ្យដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកានេះថា នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងនាំទៅជាមួយនូវសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងជាប្រធានគណៈទាក់ទងបរទេសនៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងឥស្សរជនជាន់ខ្ពស់ពីព្រឹទ្ធសភា រដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងដំណើរទស្សនកិច្ចនេះដែរ សម្តេចតេជោ ហ៊ុន សែន នឹងជួបទ្វេភាគីជាមួយលោក ស៊ី ជីងពីង អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ហើយក៏មានជំនួបដាច់ឡែកពីគ្នាជាមួយលោក វ៉ាង ហ៊ូនឹង ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន និងលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ក្រសួងការបរទេសកម្ពុជា។

ក្រសួងការបរទេសកម្ពុជា ក៏បានរំលេចឱ្យដឹងថា ខណៈឆ្នាំ២០២៤ ដែលជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន កំពុងឈានដល់ទីបញ្ចប់ ដំណើរទស្សនកិច្ចជាលើកទីមួយរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ក្នុងនាមជាប្រធានព្រឹទ្ធសភានេះ នឹងផ្តល់កម្លាំងចលករថ្មីដល់ការពង្រឹងចំណងមិត្តភាពដែកថែប លើកកម្ពស់កិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញទៅមុខបន្ថែមទៀតនូវការកសាងសហគមន៍រួមកម្ពុជា-ចិន ដែលមានកម្រិតខ្ពស់ និងស្តង់ដារខ្ពស់នៅក្នុងយុគសម័យថ្មី។
សូមបញ្ជាក់ថា ក្រៅពីគម្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសចិននៅដើមសប្តាហ៍ក្រោយនេះ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបង្ហើបឱ្យដឹងផងដែរថា សម្តេច នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេស៣បន្ថែមទៀត គឺប្រទេសអារ៉ាប៊ី សាអូឌីត កាតា និងប្រទេសតួកគី។ ប៉ុន្តែ នេះ គឺគ្រាន់តែជាគម្រោងប៉ុណ្ណោះ ហើយមកដល់ពេលនេះ មិនទាន់មានព័ត៌មានផ្លូវការ និងលម្អិតដែលបញ្ជាក់ដោយក្រសួងការបរទេសកម្ពុជានៅឡើយទេ៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


