នយោបាយ
ប្រធានាធិបតីចិន ចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ជាអ្នកនយោបាយជើងចាស់ ជាអ្នកដឹកនាំមានទស្សនៈនយោបាយវែងឆ្ងាយ
នៅក្នុងជំនួបកម្រិតខ្ពស់កាលពីរសៀលថ្ងៃអង្គារម្សិលមិញ នៅក្នុងរដ្ឋធានីប៉េកាំង លោក ស៊ី ជីងពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិនបានចាត់ទុកសម្តេចតេជោ ថាជាអ្នកនយោបាយជើងចាស់ ជាអ្នកដឹកនាំដែលមានទស្សនៈនយោបាយវែងឆ្ងាយ មានបទពិសោធន៍កម្ររកបាន ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ជាប្រវត្តិសាស្ត្រ។ លោកប្រធានាធិបតិចិន ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយ ដែលបានជួបសម្តេចតេជោដែលជាមិត្តចាស់សាជាថ្មីនៅលើទឹកដីចិននាពេលនេះ។

ជាមួយនឹងការចាត់ទុកសម្តេចតេជោ ថាជាអ្នកនយោបាយជើងចាស់ ជាអ្នកដឹកនាំដែលមានទស្សនៈនយោបាយវែងឆ្ងាយ មានបទពិសោធន៍កម្ររកបាននេះ លោក ស៊ី ជីងពីង ក៏បានលើកឡើងថា ក្នុងពេលដែលជំងឺរាតត្បាតកូវីដ១៩ ផ្ទុះឡើង លោកមានក្តីរំភើបយ៉ាងខ្លាំង ដែលសម្តេចតេជោ បានអញ្ជើញមកធ្វើទស្សនកិច្ចនៅប្រទេសចិន និងបានបង្ហាញពីជំហរដ៏រឹងមាំរបស់សម្តេចតេជោ ជាមួយរដ្ឋ ប្រជាជន និងគណបក្សកុម្មុយនីស្តចិន។ លោកបានបន្តថា ចិន និងកម្ពុជា តែងតែរួមគ្នាការពារផលប្រយោជន៍រួម ក្នុងស្ថានការណ៍អន្តរជាតិដែលមានការប្រែប្រួលយ៉ាងលឿន និងស្មុគស្មាញ។ ចិន នឹងបន្តគាំទ្រកម្ពុជា កសាងសហគមន៍ ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ហើយនឹងបន្តពួតដៃជាមួយកម្ពុជា ជាកម្លាំងអភិវឌ្ឍន៍ដែលចូលរួមចំណែកក្នុងការរក្សាសន្តិភាពពិភពលោក។

ចំណែក សម្តេចតេជោ ហ៊ុន សែន វិញ បានថ្លែងអំណរគុណលោក ស៊ី ជីងពីង យ៉ាងជ្រាលជ្រៅចំពោះការផ្តល់អំណោយពហុកីឡដ្ឋានមរតកតេជោ ដែលឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមប្រកបដោយជោគជ័យត្រចះត្រចង់ និងបានឆ្លើយតបនឹងចំណង់ចំណូលចិត្តរបស់ប្រជាជន និងយុវជនកម្ពុជាទាំងមូល។ សម្តេចតជោ ក៏បានលើកឡើងប្រាប់ទៅលោកប្រធានាធិតី ស៊ី ជីងពីង អំពីការផ្លាស់ប្តូរបន្តវេនអ្នកដឹកនាំដោយរលូនអស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ ហើយអ្នកដឹកនាំបន្តវេនជំនាន់ថ្មី បានធ្វើការងារក្នុងល្បឿនលឿន ឈានទៅមុខរក្សាបាននូវស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា និងធ្វើឱ្យជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើង ។
ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី សម្តេចតេជោ បានអរគុណរដ្ឋាភិបាល គណបក្សកុម្មុយនីស្តចិន ដែលបានជួយគ្រប់យ៉ាងដល់កម្ពុជា ដូចជា ការផ្គត់ផ្គង់វ៉ាក់សាំងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩ ដែលបានផ្តល់លទ្ធភាពឱ្យកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍ទប់ស្កាត់ជំងឺកូវីដ ១៩ បានល្អប្រសើរ ឈានទៅស្តារសេដ្ឋកិច្ច និងបើកប្រទេសឡើងវិញយ៉ាងឆាប់រហ័ស។ សម្តេចតេជោ បានលើកឡើងផងដែរអំពីការពង្រឹងទំនាក់ទំនងជឿជាក់ និងទំនុកចិត្តខាងនយោបាយ ដោយបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងបក្ស និងបក្ស និងរវាងរដ្ឋទាំងពីរ។ សម្តេចតេជោ បានស្នើសុំមិត្តចិនបន្តផ្តល់ជំនួយឥតសំណង កម្ចីឥណទាន ជំរុញការវិនិយោគ ដែលមិនត្រឹមតែចូលរួមដល់ការអភិវឌ្ឍសេដកិច្ច-សង្គមប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានជួយពង្រឹងឯករាជ្យភាពនយោបាយរបស់កម្ពុជាផងដែរ។

ស្របពេលជាមួយគ្នានេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់លោកប្រធានាធិបតី ស៊ី ជីងពីង ចំពោះការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលមិនមែនជាគម្រោងថ្មីទេ ដោយសារជាគម្រោងមានតាំងពីសម័យព្រះបាទ អង្គឌួង មកម្លេះ។ គម្រោងនេះ អនុញ្ញាតឱ្យកម្ពុជា មានឯករាជ្យភាពខាងវិស័យដឹកជញ្ជូនផ្លូវទឹក និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច ដ៏ច្រើន។ សម្តេចតេជោ ក៏បានស្នើបន្ថែមថា ចិន និងកម្ពុជា គឺទី១. បន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការឆបោក ការបង្រ្កាបបទល្មើសល្បែងអនឡាញ …។ល។ ទី២. បន្តពង្រឹងទំនាក់ទំនងរវាងបក្ស និងបក្ស ជាពិសេស ទំនាក់ទំនងរវាងចលនាមហាជន និងគណៈទាក់ទងបរទេស។ តាមបទពិសោធរបស់សម្តេចតេជោ ការស្គាល់គ្នាដែលចាប់ផ្តើមពីយុវជន និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន គឺមានអត្ថប្រយោជន៍ ក្នុងការពង្រឹងទំនាក់ទំនងរវាងគណបក្សទាំងពីរទៅអនាគត និងទី៣.បន្តពង្រឹងទំនាក់ទំនងកិច្ចការបរទេស ជាពិសេសក្នុងវេទិកាតំបន់ និងអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ក៏បានអញ្ជើញលោកប្រធានាធិបតី ស៊ី ជីនពីង មកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាថ្មីម្តងទៀតនៅកម្ពុជា ដើម្បីលោកបានឃើញនូវសមិទ្ធផលយ៉ាងច្រើននៅកម្ពុជា ធៀបនឹងទស្សនកិច្ចផ្លូវរដ្ឋរបស់លោកកាលពីឆ្នាំ២០១៦។
ជាការឆ្លើយតប លោកប្រធានាធិបតី ស៊ី ជីងពីង បានឯកភាពចំពោះការវាយតម្លៃទំនាក់ទំនងកម្ពុជា-ចិន របស់សម្តេចតេជោ។ លោកបានលើកឡើងថា ប្រទេសចិន និងកម្ពុជា នឹងបន្តពង្រឹងការគាំទ្រគ្នាទៅវិញទៅមក ក្នុងនាមជាមិត្តដែកថែប ដើម្បីការពារផលប្រយោជន៍ស្នូលនៃប្រទេសទាំងពីរ។ លោក ស៊ី ជីនពីង ក៏បានលើកឡើងអំពីការផ្លាស់ប្តូរទស្សនៈ និងបទពិសោធក្នុងការកសាងគណបក្សរៀងៗខ្លួន និងបានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានភាពរឹងមាំដោយសារសម្តេចតេជោ រីឯ គណបក្សកុម្មុយនីស្តចិន ក៏បានធ្វើការពង្រឹងគណបក្សឱ្យកាន់តែរឹងមាំឡើងជាលំដាប់ផងដែរ។

បើតាមលោក ស៊ី ជីងពីង ប្រទេសចិន និងកម្ពុជា ត្រូវចាប់យកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះថ្មី នៅក្នុងក្របខ័ណ្ឌនៃកំណែទម្រង់ និងអភិវឌ្ឍបែបថ្មីនៃការសម្រេចការកសាងសហគមន៍ជោគវាសនារួម ការអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការកសាងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ។ លោកបានជំរុញការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអណត្តិថ្មី។ លោក ស៊ី ជីនពីង មានក្តីសប្បាយរីករាយដែលកម្ពុជាសម្រេចបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ កម្ពុជា-ចិន នឹងបន្តការផ្លាស់ប្តូរប្រជាជនឱ្យកាន់តែជិតស្និទ្ធ ដោយកម្ពុជា ជាគោលដៅពេញនិយមសម្រាប់ទេសចរចិន។ សម្រាប់លោក ស៊ី ជីនពីង កម្ពុជា-ចិន មានទំនុកចិត្ត ទៅវិញទៅមក ក្នុងការដោះស្រាយភាពស្មុគស្មាញនៃស្ថានការណ៍អន្តរជាតិ ហើយភាគីចិន គាំទ្រតួនាទីកាន់តែសកម្មរបស់កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ។ លោក ស៊ី ជីងពីង ក៏ទទួលការអញ្ជើញរបស់សម្តេចតេជោ មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាមពេលវេលាសមស្រប នាពេលខាងមុខ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ