សុខភាព
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៖ មកដល់ពេលនេះស្ថានភាពការឆ្លងមេរោគអេដស៍ថ្មីមិនមានការផ្ទុះឡើងវិញទេ
នៅលើបណ្តាញសង្គមមានការចែករំលែកតៗគ្នាពីការផ្ទុះមេរោគអេដស៍សារជាថ្មី ខណៈអ្នកផ្ទុកមេរោគអេដស៍មួយចំនួនមិនបានមកទទួលសេវាព្យាបាលពីមូលដ្ឋានសុខាភិបាល។
លោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អះអាង ក្នុងនាមអ្នកបច្ចេកទេសមួយរូបថា មកដល់ពេលនេះស្ថានភាពការឆ្លងមេរោគអេដស៍ថ្មីមិនមានការផ្ទុះឡើងវិញទេក្នុងប្រទេសកម្ពុជា។ ផ្ទុយទៅវិញការឆ្លងថ្មីនៃមេរោគអេដស៍បានធ្លាក់ចុះជាបន្តបន្ទាប់។

ការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃការឆ្លងមេរោគអេដស៍ថ្មីនេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍។ លោក ឈឹម ឃិនដារ៉េត មានប្រសាសន៍ថា៖«យើងមើលនិន្នាការនៃការធ្លាក់ចុះ គិតចាប់ពីឆ្នាំ ១៩៩៧ ចំនួនអ្នកឆ្លងថ្មីនៃមេរោគអេដស៍ចន្លោះពី ១ ៥០០០ ទៅ ២ ៧០០០ នាក់ និងអត្រាប្រេវ៉ាឡង់លើងដល់ ៣ ភាគរយ ដែលជាអត្រាខ្ពស់បំផុត»។
ប៉ុន្តែគិតត្រឹមក្នុងឆ្នាំ ២០២៣ អត្រាឆ្លងថ្មីនៃមេរោគអេដស៍ មានចំនួន ១ ២០០ នាក់ ដែលចំនួននេះមានការថយចុះជាង ២០០ នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ ដែលមានអត្រាឆ្លងថ្មី ១ ៤០០ នាក់។
ទន្ទឹមនឹងលទ្ធផលភាពជោគជ័យខាងលើ បច្ចុប្បន្ន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានសម្តែងការព្រួយបារម្ភចំពោះប្រជាជនគន្លឹះដែលងាយប្រឈមនឹងការឆ្លងមេរោគអេដស៍។ ប្រជាជនគន្លឹះសំដៅដល់ក្រុមអ្នកប្រើប្រាស់គ្រឿងញៀន ក្រុមស្ត្រីបម្រើក្នុងសេវាកម្សាន្ត ក្រុមបំប្លែងភេទ និង ក្រុមបុរសរួមភេទជាមួយបុរស ជាដើម។

ផ្អែកតាមទិន្នន័យរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគនៃក្រសួងសុខាភិបាល ករណីឆ្លងថ្មីនៃមេរោគអេដស៍មានការធ្លាក់ចុះពី ១ ៤០០ នៅ ឆ្នាំ ២០២២ មក ១ ២០០ នៅឆ្នាំ២០២៣។ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤នេះ អ្នកផ្ទុកមេរោគអេដស៍ចំនួន ៦៩.៤១៣ នាក់បានមកទទួលសេវាថែទាំ និងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ដោយឥតគិតប្រាក់នៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ។
ចំណែកអ្នកផ្ទុកមេរោគអេដស៍ប្រមាណជិត ៧.០០០នាក់ទៀត នៅមិនទាន់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ពួកគាត់ ដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កំពុងធ្វើសកម្មភាពដើម្បីអប់រំ និងជូនដំណឹងឱ្យគាត់បានដឹង និងមកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ និងទទួលការព្យាបាលថែទាំឱ្យបានឆាប់។
ក្នុងនាមស្ថាប័នជំនាញ លោកបណ្ឌិត ឈឹម ឃិនដារ៉េត អំពាវនាវដល់បងប្អូន ជាពិសេសប្អូនៗយុវវ័យចូរការពារខ្លួន ការពារគ្រួសារ ការពារមិត្តភក្តិ កុំឱ្យឆ្លងមេរោគអេដស៍ តាមរយៈការសិក្សាស្វែងយល់ពីការអប់រំចំណេះដឹងទាក់ទងនឹងមេរោគអេដស៍ និងជំងឺអេដស៍។
ក្នុងករណីសង្ស័យថា បានប្រព្រឹត្តិនឹងការឆ្លងមេរោគអេដស៍ សូមក្លាហានប្រញាប់ ធ្វើតេស្តរកមេរោគអេដស៍ដើម្បីឆាប់ទទួលបានការថែទាំព្យាបាល រក្សាសុខភាពបានល្អ។ ការធ្វើតេស្តរកមេរោគអេដស៍ និងព្យាបាលដោយឱសថប្រឆាំងមេរោកអេដស៍នៅមូលដ្ឋានសុខាភិបាលមិនត្រូវឱ្យបង់ប្រាក់ឡើយ។

ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ា ឆ្ពោះទៅបញ្ចប់អេដស៍” នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន ត្រូវធ្វើការរួមគ្នាជាពហុវិស័យ ដើម្បីលុបបំបាត់ការចម្លងមេរោគអេដស៍ និងជំងឺអេដស៍។
ទិវានេះត្រូវបានប្រារព្ធឡើង ដើម្បីឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តជារួមរបស់ពិភពលោក ក៏ដូចជារាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ក្នុងការចូលរួមចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធក្នុងការប្រយុទ្ធទប់ស្កាត់ការរាលដាល នៃមេរោគអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការគាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍ និងអ្នករងផលប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ឱ្យទទួលបានសេវាថែទាំ ព្យាបាល និងសេវាគាំពារសង្គម ឆ្ពោះទៅបញ្ចប់អេដស៍ឱ្យបានឆាប់បំផុត៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


