ព័ត៌មានជាតិ
កម្ពុជា-អាមេរិក កំពុងរិះរកមធ្យោបាយធ្វើឱ្យប្រសើរឡើងទំនាក់ទំនងកងទ័ព ពិសេសធ្វើសមយុទ្ធរួមឡើងវិញ
កម្ពុជា និងអាមេរិក កំពុងរិះរកមធ្យោបាយធ្វើឱ្យប្រសើរឡើងទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ ពិសេសការពិនិត្យលទ្ធភាពរៀបចំឡើងវិញសមយុទ្ធរួមគ្នាកម្ពុជា-អាមេរិក។ នេះជាការលើកឡើងរបស់អគ្គមេបញ្ជាការកងទ័ពកម្ពុជា និងមេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក ក្នុងជំនួបនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។

ជំនួបនេះ បានធ្វើឡើងក្នុងឱកាសដែលនាយឧត្តមនាវី សាមូអែល ជេ.ប៉ាប៉ារូ (Samuel J.Paparo) មេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចាត់ទុកដំណើរទស្សនកិច្ចរបស់នាយឧត្តមនាវី នៅកម្ពុជានាពេលនេះ គឺជាការរួមចំណែកលើកកម្ពស់ទំនាក់ទំនង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងកម្ពុជា-អាមេរិកឱ្យកាន់តែល្អប្រសើរ។ នាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក ដែលក្នុងនោះតាមរយៈដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកមកកាន់កម្ពុជា កន្លងទៅថ្មីៗ ក៏ដូចជាទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់សហរដ្ឋអាមេរិកផ្សេងទៀត គឺបានបង្ហាញពីការជឿទុកចិត្តគ្នាទៅវិញទៅមក។

ក្នុងន័យនេះ ដើម្បីជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសទៅលើកិច្ចសហប្រតិបត្តិការយោធា នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការទ័ពកម្ពុជា ចង់ឱ្យភាគីអាមេរិកបង្កើតក្រុមការងារសន្ទនាទ្វេភាគីជាមួយកម្ពុជា ក្នុងគោលបំណងងាយស្រួលប្រាស្រ័យទាក់ទងគ្នា ជាអាទិ៍ ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត គ្រប់ប្រភេទទ័ព ការបង្កើនវគ្គបណ្តុះបណ្តាលដល់កងយោធពលខេមរភូមិន្ទ ការពិនិត្យពិភាក្សាលទ្ធភាពធ្វើលំហាត់ហ្វឹកហ្វឺនរួមឡើងវិញ (សមយុទ្ធឆ្មាំអង្គរ និងសមយុទ្ធទេវតាប៉ាស៊ីហ្វិក) ព្រមទាំងការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងការបន្តរុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួនក្នុងទឹកដីកម្ពុជា។

ឆ្លើយតបនឹងភាគីកម្ពុជា លោកនាយឧត្តមនាវី សាមូអែល ជេ.ប៉ាប៉ារូ បានបង្ហាញពីបំណងនៅក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកងទ័ពប្រទេសទាំងពីរ ពិសេសក្នុងការធ្វើសមយុទ្ធរួមគ្នា ក៏ដូចជាវិស័យដទៃទៀត ខណៈកម្ពុជា-អាមេរិក នៅមានឱកាសជាច្រើនក្នុងការទំនាក់ទំនងជាមួយគ្នាលើវិស័យការពារជាតិ គ្រោះមហន្តរាយ ការបំផ្លាញយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការបោសសម្អាតគ្រាប់មីន និងការបណ្ដុះបណ្ដាល ជាដើម។
នាយឧត្តមនាវីអាមេរិក ក៏បានបញ្ជាក់ពីគោលបំណងនៃដំណើរទស្សនកិច្ចពេលនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ទំនាក់ទំនង ដូចដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជា នាកន្លងទៅ។ លោកមេបញ្ជាការ បញ្ជាក់ថា សហរដ្ឋអាមេរិក និងកម្ពុជា កំពុងចាប់ផ្ដើមស្វែងរកសកម្មភាពថ្មីៗ ក៏ដូចជាគំនិតថ្មីបន្ថែមទៀត ដែលប្រទេសទាំងពីរអាចរៀនសូត្រពីគ្នាបាន និងមានសកម្មភាពរួមគ្នា ក្នុងគោលដៅបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ឈរលើគោលការណ៍ស្មើភាពគ្នា គោរពអធិបតេយ្យភាពគ្នា និងគោរពគ្នាទៅវិញទៅមក។

ក្នុងកិច្ចសហប្រតិបត្តិការស្វែងរកអដ្ឋិធាតុជនជាតិអាមេរិកដែលបានបាត់ខ្លួននៅកម្ពុជា លោកនាយឧត្តមនាវី បានអរគុណកម្ពុជា ដែលបានខិតខំលើកិច្ចការនេះ និងបញ្ជូនទៅសហរដ្ឋអាមេរិកវិញ ដែលមកដល់ពេលនេះនៅសល់អដ្ឋិធាតុដែលពុំទាន់រកឃើញចំនួន ២៩អដ្ឋិធាតុទៀត៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


