ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈវៀតណាម ប្ដេជ្ញាពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា
នារសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងសន្ដិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, លោកនាយឧត្តមសេនីយ៍ លឿង តាមខ្វាង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម។

លោករដ្ឋមន្ត្រីបានសម្ដែងនូវការអបអរសាទរ ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានបង្ហាញដោយសុទិដ្ឋិនិយមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតី និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កម្ពុជានឹងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាជនកម្ពុជា។
ជាមួយគ្នានេះ លោកបានសម្ដែងនូវក្ដីសោមនស្សចំពោះភាពរីកចម្រើននៃចំណងមិត្តភាព, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង កម្ពុជា, ជាពិសេសកិច្ចសហប្រតិបត្តិការរវាងក្រសួងសន្តិសុខសាធារណៈវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ដែលជាសសរស្តម្ភ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដូចជាការជួញដូរមនុស្ស, បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសគ្រឿងញៀនជាដើម។
បន្ថែមលើនេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តថា ក្រសួងសន្តិសុខសាធារណៈវៀតណាម នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីរួមចំណែកដល់ការថែរក្សាសន្តិសុខ, ស្ថិរភាព និង ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជន និងប្រទេស ទាំងពីរ។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានស្វាគមន៍ និងអរគុណឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៨០ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៥។

សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងក្រសួងសន្តិសុខសាធារណៈវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ដែលត្រូវបានពង្រឹង និង ពង្រីក ជាប់ជាប្រចាំ។

សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់ក្រសួងសន្តិសុខសាធារណៈវៀតណាម ដែលបានចូលរួមចំណែកដល់ការកសាងធនធានមនុស្សកម្ពុជា តាមរយៈការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់សិក្ខាកាមកម្ពុជា ជាបន្តបន្ទាប់។ ជាមួយគ្នានេះ, សម្ដេចបវរធិបតីបានជំរុញលើកទឹកចិត្តដល់ក្រសួងទាំងពីរបន្តប្រពៃណីនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាពិសេស កិច្ចសហការលើការងារបណ្ដុះបណ្ដាល, ការថែរក្សាសន្តិសុខ, ស្ថិរភាព និងការទប់ស្កាត់ ក៏ដូចជាការបង្ក្រាបបទល្មើសនានា ដើម្បីរួមចំណែកលើកកម្ពស់បន្ថែមទៀត ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕



-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


