ព័ត៌មានជាតិ
សំណល់យុទ្ធភណ្ឌសល់ពីសង្គ្រាម ៤៥គ្រាប់ ត្រូវបានកម្ទេចដោយជោគជ័យ នៅខេត្តបន្ទាយមានជ័យ
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានឱ្យដឹងថា សំណល់យុទ្ធភណ្ឌសង្គ្រាមដែលត្រូវបានកប់លាក់ទុកក្នុងសម័យកាលធ្វើសង្គ្រាម ចំនួន ៤៥គ្រាប់ ស្ថិតក្នុងវាលស្រែប្រជាពលរដ្ឋក្នុងភូមិទ្រាល ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានកម្ទេចចោលដោយជោគជ័យ។

បើតាម CMAC ប្រជាពលរដ្ឋពេលកំពុងភ្ជួរស្រែរាយការណ៍ថា ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន ១គ្រាប់ ប៉ុន្តែពេលកម្លាំងជំនាញចុះទៅរាវឃើញ ២ រណ្តៅចំនួន ៤៥ គ្រាប់ ក្នុងនោះមានគ្រាប់ B40 ចំនួន៣០គ្រាប់ និងគ្រាប់រ៉ុកកែតB62ចំនួន១៥គ្រាប់បន្ថែមទៀត។
បន្ទាប់មក នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាមទាំងនេះ ត្រូវបានកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ធ្វើ ការបោសសម្អាត និងកម្ទេចចោលប្រកបដោយសុវត្ថិភាព ព្រមទាំងសហការជាមួយកម្លាំងនគរបាលនិងអាជ្ញាធរមូលដ្ឋានធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងការរួមស្មារតីគ្នាបង្ការការពារគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមឱ្យកាន់តែសកម្មថែមទៀត។

ពាក់ព័ន្ធសកម្មភាពមីននេះដែរ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅបន្តស្វះស្វែងរកការគាំទ្រការបោសសម្អាតមីននៅកម្ពុជា ពីអង្គទូត តំណាងស្ថានបេសកកម្ម អង្គការជាតិ-អន្តរជាតិ និងស្ថាប័នអង្គការ សហប្រជាជាតិ។
កម្ពុជាប្រែក្លាយពីប្រទេសរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្តុះពីសង្គ្រាម ទៅជាប្រទេសឈានមុខមួយក្នុងសកម្មភាពមីនសាកល និងបានដើរតួសំខាន់ ក្នុងការចែករំលែកចំណេះដឹង និងជំនាញទៅកាន់ប្រទេសរងគ្រោះផ្សេង ទៀត។ ទោះបីជាសម្រេចបានសមិទ្ធផលដ៏ធំធេងដូចនេះក្តី កម្ពុជា នឹងត្រូវបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាដែលនៅសេសសល់ ជាពិសេសតំបន់ចម្ការមីនដែលមានភាពស្មុគស្មាញខ្លាំង ដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ទីកន្លែង មិនរស់នៅក្នុងភាពភ័យក្លាច ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ១៩៩២ មក ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងមានការគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធនានា កម្ពុជាបានរំដោះផ្ទៃដីសរុបប្រមាណជាង ៣ ០០០ គីឡូម៉ែតក្រឡា ដោយផ្ទៃដីដែលបានបោសសម្អាតរួច បានប្រគល់ជូនសហគមន៍ សម្រាប់ការរស់នៅ និងអភិវឌ្ឍ ដែលបានចូលរួមយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


