សេដ្ឋកិច្ច
កម្ពុជាកំពុងកែសម្រួលឧស្សាហកម្មតាមវិស័យ ផ្គត់ផ្គង់គោលដៅទីផ្សារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតរបស់អាស៊ី» នៅប្រទេសជប៉ុននៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ថា កម្ពុជាកំពុងអនុវត្តសកម្មភាពចំនួន ៣ ដើម្បីថែរក្សា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងថា សង្គ្រាមពាណិជ្ជកម្ម មិនប៉ះពាល់ដល់គ្រប់វិស័យទាំអស់នោះទេ ចំពោះវិស័យដែលរងផលប៉ះពាល់ យើងគួព្យាយាមកែសម្រួលខ្សែច្រវាក់ផ្គត់ផ្គង់ និងគោលដៅទីផ្សារឡើងវិញ ខណៈរដ្ឋាភិបាលបានត្រៀមលក្ខណៈ ដើម្បីជួយគាំទ្រដល់កម្មករ និងឧស្សាកម្មដែលរងផលប៉ះពាល់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា វិបត្តិក៏នាំមកនូវឱកាស ស្ថានភាពបច្ចុប្បន្នបានផ្ដល់នូវឱកាសដល់កម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពឧស្សាហកម្មរបស់ខ្លួន និងជំរុញការធ្វើពិពិធកម្ម។
កម្ពុជាត្រូវខិតខំបង្កើនសមត្ថភាពឧស្សាហកម្ម ឆ្ពោះទៅរកឧស្សាហកម្មដែលផ្អែកលើជំនាញ និងចំណេះដឹង ខណៈរាជរដ្ឋាភិបាល កំពុងអនុវត្តនូវសកម្មភាព និងផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍន៍វិស័យយានយន្ត និងអេឡិកត្រូនិកកម្ពុជា ដើម្បីទាក់ទាញការវិនិយោគ។
សម្ដេច ហ៊ុន ម៉ាណែត បន្ថែមថា៖ «យើងក៏បានបង្កើតកម្មវិធីពិសេស ដើម្បីជំរុញការវិនិយោគ នៅតាមតំបន់មួយចំនួនក្នុងស្រុក ដូចជាតំបន់ឆ្នេរ និងតំបន់ភូមិភាគឦសាន ដើម្បីជំរុញឧស្សាហកម្ម ដែលមានឧត្តមភាពប្រកួតប្រជែង តួយ៉ាងដូចជាការកែច្នៃផលិតផលកសិកម្ម និងការពង្រឹងការតភ្ជាប់រវាងសហគ្រាសក្នុងស្រុកមួយចំនួន ជាមួយខ្សែច្រវាក់ផ្គត់ផ្គង់ និងការទាក់ទាញឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់»។

ថ្នាក់ដឹកនាំឧស្សាហកម្មកម្ពុជា ត្រូវតែខិតខំបង្កើនធាតុចូល ផលិតកម្មដែលមានប្រភពនៅកម្ពុជា គំនិតក្នុងការបង្កើតផលិតផលក៏គួរចេញពីកម្ពុជា ហើយអ្នកដឹកនាំឧស្សាហកម្មកម្ពុជា ក៏ត្រូវខិតខំប្រែក្លាយខ្លួនឱ្យទៅជាអ្នកផលិត និងឧស្សាហករកម្មន្តសាលផងដែរ។
សហគមន៍ធុរកិច្ចកម្ពុជា ត្រូវតែចូលរួមនៅក្នុងផលិតកម្ម ដើម្បីធានាបាននូវការកែសម្រួលគុណភាព នៃប្រព័ន្ធឧស្សាហកម្ម ការតភ្ជាប់ឧស្សាហកម្មជាមួយខ្សែច្រវាក់តម្លៃសាកល និងការធានាភាពធន់ នៃឧស្សាហកម្ម និងកម្លាំងពលកម្មរបស់កម្ពុជា។
បើតាមសម្ដេចនាយករដ្ឋមន្ត្រី ដល់ពេលដែលយើងធ្វើសកម្មភាពហើយ រដ្ឋាភិបាលនឹងព្យាយាមផ្ដល់ការគាំទ្រឱ្យបានច្រើន ក្នុងការចូលរួមបន្តិចម្ដងៗ នៃធុរកិច្ចកម្ពុជា ទៅក្នុងខ្សែច្រវាក់ ផលិតកម្ម ក្នុងន័យនេះ យើងក៏ត្រូវមានការគាំទ្រពីដៃគូបរទេស របស់យើងផងដែរ ពីព្រោះយើងកំពុងស្ថិតនៅលើទូកតែមួយ ក្នុងការខិតខំផ្ដល់ខ្លឹមសារបន្ថែមទៅលើស្លាកសញ្ញាដែលសរសេរថា ផលិតនៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ការធ្វើពាណិជ្ជកម្ម ពហុភាគី និងការជំរុញសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ លើការពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគី ដែលមានស្រាប់ និងការស្វែងរកកិច្ចព្រមព្រាងថ្មីបន្ថែមទៀត ក្នុងពេលដេលរងសម្ពាធបណ្ដាប្រទេសនានា ត្រូវពង្រឹងសាមគ្គីភាព ដើម្បីទប់នឹងផលប៉ះពាល់ នៃការដាក់ពន្ធគយ ខណៈកម្ពុជាកំពុងបង្ហាញខ្លួនក្នុងនាមជាគោលដៅ វិនិយោគដ៏ទាក់ទាញ និងមានស្ថិរភាព សម្រាប់វិនិយោគិន តាមរយៈការប្រើប្រាស់ អត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងទំនាក់ទំនង ជាយុទ្ធសាស្ត្រ ជាមួយទីផ្សារសំខាន់ៗរបស់ពិភពលោក៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


