ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន បន្តប្រាប់ពលករខ្មែរនៅថៃឱ្យប្រញាប់ចូលប្រទេសវិញ កុំនៅឱ្យគេប្រមាថ
សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានអំពាវនាវជាថ្មីដល់ពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃឱ្យប្រញាប់វិលចូលប្រទេសវិញ ខណៈសភាពការណ៍កំពុងឡើងកម្ដៅ ដើម្បីបញ្ចៀសការប្រមាថណាមួយដោយជ្រុលនិយមថៃមកលើពលរដ្ឋខ្មែរ។

សម្ដេចតេជោ បានឱ្យអាជ្ញាធររបស់រាជរដ្ឋាភិបាល ត្រូវតែត្រៀមទទួលយកប្រជាពលរដ្ឋខ្មែរ ពិសេសពលករតែម្ដង ទោះមាន ឬ គ្មានលិខិតត្រឹមត្រូវក៏ដោយ គឺកម្ពុជាត្រូវតែទទួលយកជនជាតិខ្លួន ដែលនឹងវិញត្រឡប់ពីប្រទេសថៃ។ បើតាមសម្ដេចតេជោ អ្នកដែលត្រូវការលិខិត គឺត្រូវទៅរកនៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក៏ដូចជាស្ថានកុងស៊ុល ហើយស្ថានតំណាងកម្ពុជានៅទីនោះ ក៏ត្រូវជួយសម្របសម្រួលលើការងារនេះ។ ខណៈពលករដែលអត់មានលិខិត ហើយអាចធ្វើដំណើរមកបាន ក៏កម្ពុជាទទួលយកដូចគ្នា។

ថ្លែងសារពិសេសក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា នៅថ្ងៃចន្ទនេះ សម្តេចតេជោ បានប្រាប់ទៅកាន់ពលករកម្ពុជានៅថៃ ដូច្នេះថា៖ «សម្រាប់អ្នកដែលគ្មានលិខិត ហើយអាចធ្វើដំណើរមកបាន កម្ពុជា រាជរដ្ឋាភិបាលទទួលយកទាំងអស់ មាន ឬគ្មានលិខិត ឱ្យតែជាជនជាតិកម្ពុជា គឺយើងទទួលយកទាំងអស់ ដោយមិនគិតថា មានលិខិត ឬអត់លិខិតទេ ព្រោះយើងត្រូវតែទទួលយកពលរដ្ឋរបស់យើងត្រឡប់មកវិញ កុំទុកឱ្យគេប្រមាថ កុំទុកឱ្យគេធ្វើបាប ព្រោះទង្វើរើសអើងជាតិសាសន៍នៅប្រទេសថៃ ទៅលើពលរដ្ឋ ពលករកម្ពុជា កំពុងបានឡើងកម្ដៅ»។

សម្ដេចតេជោ បញ្ជាក់បន្ថែមថា បើការធ្វើដំណើរមិនត្រូវការលិខិតទេ មកដល់ទល់ដែន គឺអាជ្ញាធរកម្ពុជាមិនត្រូវការលិខិតស្នាមអ្វីទេឱ្យតែប្រជាពលរដ្ឋខ្មែរ។ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា អះអាងធានាពីការដឹកជញ្ជូនទៅស្រុកកំណើត និងរកការងារឱ្យធ្វើសម្រាប់ពលរដ្ឋដែលវិកត្រឡប់មកវិញ ដែលបច្ចុប្បន្នកម្ពុជាកំពុងខ្វះកម្លាំងពលកម្មរាប់ម៉ឺនកន្លែង ទាំងវិស័យឧស្សាហកម្ម កសិកម្ម និងវិស័យសំណង់។ សម្ដេចតេជោ ថា ការងារនេះ ត្រូវតែយកចិត្តទុកដាក់ឱ្យច្បាស់ចំពោះពលរដ្ឋដែលវិលត្រឡប់មកវិញ។
សម្ដេចតេជោ សែន បានថ្លែងសង្កត់ធ្ងន់ថា មិនអាចនៅទីនោះអស់មួយជីវិតទេ ខណៈជម្លោះព្រំដែននឹងបន្តអូសបន្លាយក្នុងរយៈពេលទៅមុខទៀត នោះ ការប្រមាថ ការមាក់ងាយ នឹងមានជាបន្ត។ ដូច្នេះ ពលករខ្មែរគួរចាកចេញឱ្យបានមុន ពេលដែលថៃបណ្ដេញចេញ។

ជាថ្មីម្ដងទៀត សម្ដេចតេជោ ប្រាប់ស្ថានទូតកម្ពុជានៅប្រទេសថៃ បណ្ដាភ្នាក់ងារការងាររបស់កម្ពុជា គឺត្រូវសម្របសម្រួលលើកិច្ចការងារនេះ រួមជាមួយអាជ្ញាធរជាប់ព្រំដែន និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាដុតដៃដុតជើងដើម្បីជួយដោះស្រាយបញ្ហារបស់ពលករ។ ពាក់ព័ន្ធនឹងបំណុលធនាគារ សម្ដេចតេជោ ក្នុងនាមជាប្រធានគណបក្សកាន់អំណាច បានអរគុណដល់សមាគមធនាគារ ដែលប្រកាសបន្ធូរបន្ថយចំពោះពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ ដែលអាចទទួលបានការបន្ថូរបន្ថយច្រើន ដូចជាអាចពន្យារពេលក្នុងការបង់ការប្រាក់ ឬមិនបង់ការប្រាក់ក្នុងរយៈពេលណាមួយ តបតាមការអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា។ សម្ដេច បានបន្តអំពាវនាវសមាគមធនាគារ ជួយស្រោចស្រង់ដល់ស្ថានភាពពលរដ្ឋ ដែលស្ថិតក្នុងកាលៈទេសៈនេះ។

គួរជម្រាបដែរថា តាមរយៈសារសំឡេងពិសេស នៅព្រឹកថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអភិបាលខេត្តជាប់ព្រំដែនថៃទាំង៧ គឺធ្វើយ៉ាងណាសហការគ្នាក្នុងការសម្រួលប្រជាពលរដ្ឋខ្មែរ ដែលត្រឡប់មកវិញ មានឬគ្មានឯកសារ គឺឱ្យគាត់ចូលមកឱ្យតែជាជនជាតិខ្មែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


