កីឡា
មកស្គាល់ប្រវត្តិគ្រូក្មេង កំពុងបង្ហាត់គុនខ្មែរល្បីឈ្មោះនៅប្រទេសបារាំង
គ្រូក្មេង សៀងហៃ ដែលល្បីក្នុងការបង្ហាត់ផ្សព្វផ្សាយគុនខ្មែរ និងជាអ្នកមានទឹកចិត្តស្រឡាញ់ចេះជួយយកអាសារគ្នានៅឯប្រទេសបារាំង និងរាល់ពេលក្រុមគុនខ្មែរចេញទៅប្រកួតនៅទីនោះគឺតែងតែមានមុខរូបគេជាប្រចាំក៏ដូចជាចាំជួយសម្រួបសម្រួលការងារជានិច្ច។

រូបភាពហ្វេសបុកគ្រូក្មេង
ថ្ងៃនេះកម្ពុជាថ្មី នឹងលើកយកពីប្រវត្តិរបស់គ្រូក្មេងមានសាវតារយ៉ាងណា និងដើមចមដូចម្ដេចទើបអាចទៅរស់នៅ និងបង្ហាត់គុនខ្មែរបាននៅឯប្រទេសបារាំង។
គ្រូក្មេងមានឈ្មោះដើម ធីម សៀងហៃ អាយុ ២៧ឆ្នាំ មានបងប្អូន ២នាក់គឺរូបគេ និងប្អូនស្រីឈ្មោះ ធីម ម៉េងអួយ អាយុ ១៥ឆ្នាំ។ ឪពុកឈ្មោះ ទិត្យ ផល្លា និងម្ដាយឈ្មោះ ភាព សុភី។ គ្រូក្មេងជាអ្នករស់នៅភូមិបួន ឃុំដងទង់ ស្រុក ស្មាច់មានជ័យ ខេត្តកោះកុង ។
ប្រវត្តិ នៃការសិក្សារៀនសូត្រ សៀងហៃ បានបញ្ចប់បាក់ឌុប និងបានបន្តការសិក្សានៅសកលវិទ្យាល័យ PPIU ផ្នែក IT ក្នុងឆ្នាំ ២០១៦ ។

រូបភាពហ្វេសបុកគ្រូក្មេង
សៀងហៃ ចាប់ហាត់ប្រដាល់នៅអាយុ ៤-៥ឆ្នាំ អំឡុងឆ្នាំ ២០០៤ ជាមួយឪពុក និងពូបង្កើតរបស់ខ្លួនគឺ ទិត្យ សុវណ្ណគិរី បន្ទាប់ពីទំនេរពីការសិក្សា។ ឈានដល់វ័យ ៩-១០ យុវជនខេត្តកោះកុងរូបនេះ ចាប់ផ្ដើមហ្វឹកហាត់ពេញលេងនៅឯក្លឹបប្រដាល់ និងហាត់ខ្លួនឯងបន្ថែមរហូតបានចេញប្រកួតតាមកម្មវិធីផ្សេងៗនៅឯកោះកុងផង និងឈានទៅដល់រាជធានីភ្នំពេញផង។ កាលពីនៅខ្មែរគ្រូក្មេង ធីម សៀងហៃ ក៏ជាអ្នកបង្ហាត់ប្រដាល់ឯកជន (Private) មួយរូបដែរនៅរាជធានីភ្នំពេញ។

រូបភាពហ្វេសបុកគ្រូក្មេង
អាចថាជានិស្ស័យកាលឆ្នាំ ២០១៩ សៀងហៃ មានឱកាសចេញទៅប្រទេសបារាំងដើម្បីកសាងជីវភាពថ្មីតាមរយៈអ្នកស្គាល់គ្នា និងស្វែងរកការងារធ្វើនៅទីនោះសង្ឃឹមខ្សែជីវិតរសាតអណ្ដែតមួយនេះប្រសើរឡើង និងអាចជួយដល់ជីវភាពក្រុមគ្រួសារនៅឯខ្មែរផង។

រូបភាពហ្វេសបុកគ្រូក្មេង
ការងារដំបូងនៅប្រទេសបារាំង គ្រូក្មេងធ្វើជាអ្នកខ្ចប់ផ្លែឈើក្នុងឃ្លាំងមួយកន្លែងរយៈពេលបាន ១ខែក៏បានស្វែងយល់ពីការរស់នៅទីនោះ និងឆ្លៀតឱកាសស្វែងរកដំណឹងពីក្លឹបប្រដាល់ផ្សេងៗដើម្បីបានធ្វើការងារក្នុងក្ដីស្រឡាញ់។ ជារឿងល្អបំផុតរូបគេក៏បានជាប់ការសាកល្បង (Test) ការបង្ហាត់ និងកាន់ស៊ីបក្នុងក្លឹបប្រដាល់មួយបន្ទាប់មកចាប់ផ្ដើមការងារនេះរហូតមកដល់ពេលបច្ចុប្បន្ននេះតែម្ដង។

រូបភាពហ្វេសបុកគ្រូក្មេង
បច្ចុប្បន្នរូបគេកំពុងបង្ហាត់ប្រដាល់នៅក្លឹបឯកជនមួយនៅក្នុងទីក្រុងបុកដូ ប្រទេសបារាំង។ ងាកមកនិយាយពីប្រាក់ចំណូលវិញរបស់ សៀងហៃ សម្រាប់ការងារប្រចាំខែនេះទទួលបានសមរម្យដើម្បីយកមកចំណាយលើការជួលផ្ទះស្នាក់នៅ ហូបចុក និងជួយដល់ក្រុមគ្រួសារនៅឯស្រុកខ្មែរ។

រូបភាពហ្វេសបុកគ្រូក្មេង
ការចេញផ្សព្វផ្សាយគុនខ្មែរ ឬបង្ហាត់គុនខ្មែររូបគេធ្លាប់ចេញទៅបណ្ដាប្រទេសនៅអ៊ឺរ៉ុបជាច្រើនកន្លងទៅដូចជា អេស្ប៉ាញ បែលហ្ស៉ិក ជាដើម និងប្ដេជ្ញាចិត្តបន្តផ្សព្វផ្សាយគុនខ្មែរមួយនេះឲ្យរឹតតែទទួលបានភាពល្បីល្បាញលើឆាកអន្តរជាតិបន្ថែមទៀត៕




អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


