Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ឱ្យកងរាជអាវុធហត្ថរួមសហការបង្ក្រាបបទឧក្រិដ្ឋឆបោកតាមអនឡាញ

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន ម៉ាណែត បានចង្អុលបង្ហាញឱ្យកងរាជអាវុធហត្ថបន្តចូលរួមទប់ស្កាត់ និងបង្ក្រាបបទឧក្រិដ្ឋនានាដែលកំពុងប្រព្រឹត្តដោយក្រុមឧក្រិដ្ឋជនបរទេសនៅក្នុងប្រទេសកម្ពុជា ជាពិសេសនោះគឺបទឧក្រិដ្ឋគ្រឿងញៀនខុស និងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៣២ នៃទិវាកងរាជអាវុធហត្ថ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឯកសណ្ឋាននាយឧត្តមសេនីយ៍ផ្កាយមាសបួន បានណែនាំកងរាជអាវុធហត្ថត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តចូលរួមការពារសន្តិសុខ រក្សារៀបរយសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយត្រូវពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឧក្រិដ្ឋកម្មនានា ដូចជាការជួញដូរផលិត ចែកចាយគ្រឿងញៀនខុសច្បាប់ អំពើជំរិតទារប្រាក់ និងឆបោកតាមអនឡាញ អំពើជួញដូរមនុស្ស អំពើភេរវកម្ម បទល្មើសធនធានធម្មជាតិ និងអំពើល្មើសច្បាប់នានា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់កងកម្លាំងកងរាជអាវុធហត្ថឱ្យខិតខំបន្តស្មារតីតស៊ូ អត់ធន់ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានានូវសុខសុវត្ថិភាពជូនពលរដ្ឋ និងសង្គមជាតិ ជាពិសេសធ្វើការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាគ្រឹះ និង ជាសសរស្តម្ភសម្រាប់អភិវឌ្ឍប្រទេសជាតិបន្តទៀត។

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា កងរាជអាវុធហត្ថ បានចូលរួមថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ រួមចំណែកកសាងកម្ពុជា គឺជាប្រទេសនីតិរដ្ឋ និងបានជួយប្រជាជននៅពេលដែលជួបគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ មានចំនួនរហូតដល់រាប់សិបម៉ឺនលើក។

រីឯការបង្ក្រាបបទលើ្មសកន្លងទៅ នាយឧត្តមសេនីយ៍ ថា កងរាជអាវុធហត្ថបានបំបែកសំណុំរឿងឧក្រិដ្ឋកម្មធំៗជាច្រើនករណី ដូចជាករណីចាប់ជំរិតទារប្រាក់ ករណីផលិតនិងចែកចាយគ្រឿងញៀន ការបង្កើតក្រុមប្រដាប់អាវុធខុសច្បាប់ អាណាធិបតេយ្យ ករណីប្លន់ប្រដាប់អាវុធ ជួញដូរអាវុធខុសច្បាប់ ជួញដូរមនុស្ស ឃាតកម្ម បទល្មើសធនធានធម្មជាតិ បទល្មើសបច្ចេកវិទ្យា ល្បែងស៊ីសង អំពើរត់គេចពន្ធ និងសហការពង្រឹងការអនុវត្តច្បាប់ ជាដើម។

កងរាជអាវុធហត្ថ គឺជាផ្នែកមួយ​នៃកង​យោធ​ពលខេមរភូមិន្ទ ដែលត្រូវបានធ្វើការអប់រំហ្វឹកហ្វឺន បណ្ដុះបណ្ដាលនូវ​ជំនាញ​វិជ្ជាជីវៈកងរាជអាវុធហត្ថ និងជំនាញយោធា។ សម្ដេចនាយករដ្ឋមន្ត្រី ថា កងរាជអាវុធហត្ថមាន​តួនាទីយ៉ាងសំខាន់ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ជាខឿនការពារជាតិ និងខឿនសន្តិសុខជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម