Connect with us

ព័ត៌មានជាតិ

សម្ដេច​ធិបតី៖ តាំង​ពី​ម៉ោង​១២​យប់​មិញសមរភូមិមុខមានការ​ធូរស្រាល

បានផុស

នៅ

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ឱ្យ​ដឹងថាស្ថានភាព​សមរភូមិ​មុខមាន​ការ​ធូរស្រាលពី​ការ​វាយប្រយុទ្ធគ្នា​ហើយ​ចាប់តាំង​ពី​ម៉ោង​១២​យប់មក បន្ទាប់ពីកម្ពុជា​និង​ថៃ​បានព្រមព្រៀង​គ្នាក្នុងកិច្ចប្រជុំ​ពិសេស​នៅ​ម៉ាឡេស៊ីម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​សរសេរ​នៅ​លើហ្វេសបុក​របស់​សម្ដេច​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​កក្កដា នេះ​ថា ក្នុង​រយៈពេល​៥​ថ្ងៃ​មកនេះសម្ដេច​បាន​ប្រមូល​អារម្មណ៍​ទាំង​អស់​ជាមួយ​ជាតិ ប្រជាជន និង​កង​កម្លាំង​កម្ពុជា ដោយ​បាន​ដោះស្រាយ​បញ្ហា​ជា​ច្រើន ចាប់​ពី​សមរភូមិជួរមុខ ការ​គាំទ្រ​ដល់​កងកម្លាំង​ប្រយុទ្ធ រៀបចំ​គោលនយោបាយសម្រាប់យុទ្ធជនពលី-របួស ដោះស្រាយ​ការ​ភៀសសឹករបស់ពលរដ្ឋ និងការ​វិល​ត្រលប់​របស់​ពលករខ្មែរ​ពី​ថៃ។

សម្ដេច​បញ្ជាក់​ថា៖ «បញ្ហាគន្លឹះសម្រាប់ខ្ញុំក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺការស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ចប់ការប្រយុទ្ធគ្នាឲ្យបានឆាប់ជាទីបំផុត ដើម្បីជួយសង្គ្រោះជីវិតមនុស្សទាំងកងកម្លាំងប្រដាប់អាវុធនិងប្រជាជនស៊ីវិលដែលរស់ក្នុងតំបន់ប្រយុទ្ធគ្នា កុំឲ្យបន្តស្លាប់និងរងរបួស។ ការឈប់ប្រយុទ្ធគ្នាកាន់តែឆាប់ ក៏អាចឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដូចជាជនភាសសឹក អាចវិលត្រឡប់ទៅទីលំនៅរបស់ពួកគាត់និងធ្វើការងារចិញ្ចឹមជីវភាពរស់នៅជាប្រក្រតីវិញកាន់តែឆាប់ដែរ»។

ជាមួយ​នឹង​រូប​ថត​មួយ​សន្លឹក​ដែលឃើញសក់ស្កូវជាច្រើន​ សម្ដេចធិបតីបាន​លើក​ឡើង​ថា​បើទោះបីជាមើលទៅចាស់បន្តិច កម្លាំងខ្សោយជាងកាលពី១០ឆ្នាំមុនបន្តិច ប៉ុន្តែកម្លាំងចិត្តក្នុងការប្រឈមដោះស្រាយបញ្ហា ចំពោះមុខទាំងអស់គឺនៅតែខ្លាំងដដែល។ 

កម្ពុជា​និង​ថៃ​បាន​ឈាន​ដល់​ការ​សម្រេចបទ​ឈប់​បាញ់​មួយ​កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ២០២៥ បន្ទាប់ពី​មាន​កិច្ច​ប្រជុំ​ទល់​មុខ​មួយនៅ​ប្រទេស​ម៉ាឡេស៊ី​ ក្រោម​គំនិតផ្ដួចផ្ដើម​របស់​ប្រធានាធិបតីដូណាល់ត្រាំ ហើយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីជាអ្នកសម្របសម្រួល។ កិច្ច​ប្រជុំនោះឈាន​ដល់​មាន​បទ​ឈប់​បាញ់បន្ទាន់​មួយ​នៅ​ម៉ោង​១២​យប់​ថ្ងៃទី​២៨​ខែ​កក្កដា រៀបចំ​កិច្ចប្រជុំក្រៅផ្លូវការ​រវាង​មេបញ្ជាការ​យោធភូមិភាគជាប់ព្រំដែន និងរៀបចំ​កិច្ចប្រជុំគណៈកម្មាធិការ​ព្រំដែនទូទៅ GBC នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ២០២៥ ដែល​ធ្វើ​ឡើង​នៅកម្ពុជា។

បន្ទាប់ពីឈាន​ដល់​បទ​ឈប់​បាញ់​នេះប្រធានាធិបតីអាមេរិក ប្រធានាធិបតីបារាំង និង​តំណាងសហភាពអឺរ៉ុប​ បាន​បង្ហាញ​ការ​អបអរសាទរផងដែរ​។ ប្រធានាធិបតី​អាមេរិកលោក ដូណាល់ត្រាំ បាន​លើកឡើងថា ការសម្រេច​បាន​ជោគជ័យ​នៃ​បទឈប់បាញ់​នេះបាន​សង្គ្រោះអាយុជីវិត​មនុស្សរាប់ពាន់នាក់ ហើយលោក​ក៏បាន​បញ្ជាឱ្យ​ក្រុម​ការងារពាណិជ្ជកម្ម​របស់​លោក​ធ្វើការ​ចចារ​ពាណិជ្ជកម្ម​ឡើង​វិញជាមួយ​ប្រទេស​កម្ពុជា​ និង​ថៃ​ផងដែរ។

លោក ដូណាល់ត្រាំ សរសេរថា៖ «ពេល​នេះ​ខ្ញុំ​បាន​បញ្ចប់​សង្គ្រាម​ជា​ច្រើន​ក្នុង​រយៈពេល​៦​ខែ​មក​នេះ ខ្ញុំ​មាន​មោទនភាព​ដែលក្លាយជា​ប្រធានាធិបតី​នៃ​សន្ដិភាព»៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ្នកស្លាប់ក្នុងការបាញ់ប្រហារនៅបាងកកកើនដល់៦នាក់ ខណៈខ្មាន់កាំភ្លើងជាជនជាតិថៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

Sokha Hotels

ព័ត៌មានពេញនិយម