ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ មិនទាន់មានមូលដ្ឋានសុខាភិបាលណាមួយរងការខូចខាតដោយសារសង្គ្រាមឈ្លានពានថៃនៅឡើយទេ
លោកសាស្ត្រាចារ្យ គុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាប្រធានក្រុមអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២ សីហា នេះថា នៅមិនទាន់មានមូលដ្ឋានសុខាភិបាលនៅតាមព្រំដែនកម្ពុជា-ថៃណាមួយទទួលរងនូវការខូចខាតដោយសារសង្គ្រាមឈ្លានពានថៃក្នុងរយៈពេល ៥ ថ្ងៃ កន្លងមកនេះ ពោលគឺមន្ត្រីសុខាភិបាល នៅតែបម្រើសេវាជូនប្រជាពលរដ្ឋ ជនភៀសសឹក និងក្រុមគ្រួសារវីរកងទ័ពប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

លោកសាស្ត្រាចារ្យ គុយ វ៉ាន់នី បានបន្តថា «របាយការណ៍សរុប មិនមានការបិទបញ្ចប់នៅឡើយទេ។ ការវាយតម្លៃពឹងច្រើនលើគ្រប់វិស័យពាក់ព័ន្ធ។ ឯកឧត្ដមរដ្ឋមន្ត្រី នៅបន្តតាមមើលការវិវត្តន៍សភាពការណ៍»។

នៅក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យរកវិធីសាស្ត្របម្រើសេវាសុខាភិបាលដល់ប្រជាពលរដ្ឋ យុទ្ធជន និងវាយតម្លៃផលប៉ះពាល់មូលដ្ឋានសុខាភិបាល នៅបណ្តាខេត្តជាប់ព្រំដែន បន្ទាប់ពីរងផលប៉ះពាល់ដោយសមរភូមិប្រយុទ្ធកាលពីល្ងាចថ្ងៃទី ១ សីហា តាមប្រព័ន្ធ Zoom លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសំដែងនូវការកោតសរសើរស្មារតីរួបរួមគ្នាមន្ត្រីសុខាភិបាលទាំងអស់ «អ្នកកំពុងអនុវត្ត អ្នកចូលរួមសហការ និងអ្នកត្រៀមចូលរួមជួយបន្ថែមទៀត»។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើបញ្ហាដែលត្រូវដោះស្រាយចំពោះមុខ និងការពិនិត្យវាយតម្លៃផលប៉ះពាល់របស់មូលដ្ឋានសុខាភិបាល ដែលរងការខូចខាត ដើម្បីពិនិត្យលទ្ធផលរៀបចំ និងដាក់ដំណើរការឡើងវិញ ក្នុងការបន្តបម្រើសេវាសុខាភិបាលនៅក្នុងមូលដ្ឋាន ដែលនឹងមានការត្រឡប់របស់ប្រជាពលរដ្ឋទៅលំនៅឋានវិញ។

លោករដ្ឋមន្ត្រី ក៏បានណែនាំត្រូវរៀបចំផែនការឱ្យបានគ្រប់ជ្រុងជ្រោយ ត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងករណីដែលអាចកើតមានឡើងជាយថាហេតុ ដោយយកបទពិសោធជួបប្រទះលើកនេះ មកធ្វើការឆ្លុះបញ្ចាំង វាយតម្លៃ ដើម្បីរៀបចំផែនការទៅមុខឱ្យបានកាន់តែប្រសើរជាងមុន។

គួរបញ្ជាក់ថា អង្គប្រជុំបានសម្រេច ដោយផ្តល់ជាយុទ្ធសាស្ត្រគន្លឹះ ដើម្បីដោះស្រាយបញ្ហាដែលឱ្យមន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាលខេត្តផ្សេងទៀត បញ្ជូនក្រុមគ្រូពេទ្យជំនាញបន្ថែម ដែលមានឯកទេស ភ្នែក ត្រចៀក ជំនាញពិនិត្យ និងព្យាបាលអាការពុលឧស្ម័ន និងអ្នកឯកទេសសុខភាពផ្លូវចិត្ត ព្រមទាំងអ្នកជំនាញអាហារូបត្ថម្ភ ដើម្បីជួយពិនិត្យ និងគាំទ្រផ្នែកសុខភាពសាធារណៈ ជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ព និងកងទ័ពរបស់យើង ឱ្យកាន់តែល្អប្រសើរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


