Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែក ២៥គ្រាប់លើកងទ័ពការ៉ែន បង្ខំឲ្យប្រជាជនភៀសខ្លួន ចូលដីថៃ

បានផុស

នៅ

តាមការចុះផ្សាយរបស់សារព័ត៌មាន DVB នៅថ្ងៃចន្ទទី១១ខែសីហាឆ្នាំ២០២៥ កងទ័ពមីយ៉ាន់ម៉ា បានបញ្ជូនយន្តហោះចម្បាំងទៅទម្លាក់គ្រាប់បែក ២៥គ្រាប់លើមូលដ្ឋានរបស់កងទ័ពរំដោះជាតិការ៉ែន(KNLA) ធ្វើឲ្យប្រជាជនត្រូវភៀសខ្លួន ឆ្លងទន្លេចូលទឹកដីថៃ។

(រូបថត៖ DVB)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហារទ្រង់ទ្រាយធំនេះ កើតឡើងកាលពីរាត្រីថ្ងៃអាទិត្យទី១០ខែសីហា ក្នុងស្រុក Hpa-an នៃរដ្ឋការ៉ែន បណ្តាលឲ្យប្រជាជននៅទីនោះ ត្រូវបង្ខំចិត្តឆ្លងទន្លេ Moei​ ចូលទឹកដីថៃ នៃស្រុក Song Yang ខេត្ត Tak។

តាមការអះអាងពី KNLA, កងទ័ពមីយ៉ាន់ម៉ា បានប្រើយន្តហោះប្រភេទ YAX130 និង Y-12 ព្រមទាំងដ្រូនផងដែរ ក្នុងការវាយប្រហារយ៉ាងសន្ធាប់នេះ។

(រូបថត៖ DVB)

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានសេចក្តីរាយការណ៍អំពីអ្នករបួសឬស្លាប់ទេ ប៉ុន្តែព័ត៌មានបឋមបង្ហាញថា មានការខូចខាតសាលារៀន មន្ទីរពេទ្យ សំណង់ហេដ្ឋារចនាសម្ព័ន្ធនិងយានយន្តមួយចំនួន។

កាលពីចុងសប្តាហ៍នេះដែរ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងកងទ័ពមីយ៉ាន់ម៉ានិងកម្លាំងប្រដាប់អាវុធការ៉ែន ក៏ធ្វើឲ្យពលរដ្ឋថៃនៅខេត្តព្រំដែន Chumphon ភ័យរន្ធត់ និងត្រៀមតែជម្លៀសចេញផងដែរ។

ស្នូរផ្ទុះអាវុធពីការប្រយុទ្ធគ្នាដ៏ក្តៅគគុកនៅមីយ៉ាន់ម៉ា បានលាន់ឮដល់ខេត្តរបស់ថៃមួយនេះ ខណៈអភិបាលស្រុក Sae បានចេញការព្រមានដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្ន ហើយត្រូវប្រុងជើងការខ្ពស់ និងត្រៀមខ្លួនជានិច្ចសម្រាប់ការជម្លៀសក្នុងករណីចាំបាច់។

(រូបថត៖ DVB)

សូមជម្រាបថា បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០២១មក ជម្លោះប្រដាប់អាវុធនៅមីយ៉ាន់ម៉ា បានកើនឡើងយ៉ាងខ្លាំងដោយ កងកម្លាំងការ៉ែន KNLA ដែលជាចលនាប្រដាប់អាវុធរបស់គណបក្សនយោបាយ Karen National Union (KNU) បានចូលរួមជាមួយកងកម្លាំងតស៊ូប្រជាធិបតេយ្យផ្សេងទៀតដូចជា People’s Defense Force – PDF ដើម្បីប្រយុទ្ធតតាំងនឹងរបបយោធា។

ការប្រយុទ្ធគ្នាភាគច្រើនកើតឡើងនៅក្នុង រដ្ឋកាយីន របស់មីយ៉ាន់ម៉ា ដែលមានព្រំដែនជាប់នឹងប្រទេសថៃ ខណៈការប្រយុទ្ធគ្នាទ្រង់ទ្រាយធំ តែងតែកើតឡើងនៅជុំវិញទីក្រុងយុទ្ធសាស្ត្រមួយចំនួនដូចជា Myawaddy ដែលជាច្រកពាណិជ្ជកម្មដ៏សំខាន់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ការប្រយុទ្ធគ្នាខ្លាំងក្លានៅមីយ៉ាន់ម៉ា ធ្វើឲ្យពលរដ្ឋថៃ ភ័យរន្ធត់ ត្រៀមតែជម្លៀសប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម