សន្តិសុខសង្គម
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបសិប្បកម្មវេចខ្ចប់ប៊ីចេង និងម្សៅស៊ុបខុសច្បាប់ ដកហូតបានជាង ៣០ តោន
កម្លាំងសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត រហូតចុះបង្ក្រាបជាក់ស្ដែងដល់ទីតាំងលួចផលិត និងចែកចាយប៊ីចេង និងម្សៅស៊ុប ដែលបាននិងកំពុងវេចខ្ចប់ បន្លំម៉ាក ឆេហ្វ ៥៥ ក្លែងក្លាយ និងខុសច្បាប់ ប្រមាណជាង ៣០ តោន រួមទាំងម៉ាស៊ីនសម្រាប់ផលិតផងដែរ។


ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥ ដោយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពី លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រី នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាប និងបិទទីតាំងសិប្បកម្ម ១ កន្លែង ស្ថិតនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។


តាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់សិប្បកម្មខុសច្បាប់នេះមានឈ្មោះ អ៊ីវ សារិន បាននាំចូល ប៊ីចេង និងម្សៅស៊ុប គ្មានម៉ាកយីហោពីក្រៅប្រទេស រួចលួចលាក់ធ្វើការវេចខ្ចប់ដាក់ម៉ាក ឆេហ្វ ៥៥ ប្រើប្រាស់ស្លាកសញ្ញាគុណភាព បាកូដ និងអាសយដ្ឋានផលិតនៅប្រទេសថៃ រួចធ្វើការលក់ចែកចាយស្ទើរគ្រប់ទីផ្សារក្នុងប្រទេសកម្ពុជា ដោយក្លែងបន្លំដល់អ្នកប្រើប្រាស់ថាជាផលិតផលរបស់ប្រទេសថៃ។


ក្នុងរង្វង់ប្រតិបត្តិការឆែកឆេរត្រួតពិនិត្យជាក់ស្ដែង សមត្ថកិច្ចបានរកឃើញនូវសម្ភារៈវត្ថុតាងដូចជា ប៊ីចេង ម្សៅស៊ុបវេចខ្ចប់រួច រួមនឹងសម្បកថង់ សម្បកកេស សម្បកបាវ ម៉ាក ឆេហ្វ ៥៥ ខុសច្បាប់ ប្រមាណជាង ៣០ តោន , ម៉ាស៊ីនវាយកាលបរិច្ឆេទ ០១ គ្រឿង , ម៉ាស៊ីនវេចខ្ចប់ធំ ០២ គ្រឿង , ម៉ាស៊ីនវេចខ្ចប់តូច ០៣ គ្រឿង , ម៉ាស៊ីនអ៊ុតកេស ០២ គ្រឿង , ម៉ាស៊ីនរ៉ៃ ០២ គ្រឿង , រថយន្តដឹកទំនិញ ០៤ គ្រឿង និងរ៉ឺម៉កសម្រាប់ដឹកទំនិញ ០៦ គ្រឿង។

ក្រោយពីប្រតិបត្តិការ ដោយពិនិត្យឃើញថាសម្ភារៈទាំងអស់បម្រើឲ្យការងារវេចខ្ចប់ ដឹកជញ្ជូន ចែកចាយប៊ីចេង និងម្សៅស៊ុបម៉ាក ឆែហ្វ ក្លែងបន្លំប្រភពផលិត ដូចនេះសមត្ថកិច្ចបានសម្រេចដកហូតសម្ភារៈវត្ថុតាងទាំងអស់ខាងលើ ហើយធ្វើការបិទឃ្លុំបេសិប្បកម្មមួយនេះជាបណ្ដោះអាសន្ន រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច និងបាននាំខ្លួនម្ចាស់ទីតាំងឈ្មោះ អ៊ីវ សារិន ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួចក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីនីតិវិធី។

ឆ្លៀតក្នុងឱកាសនេះដែរ សមត្ថកិច្ច នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏បានបន្តផ្ដាំផ្ញើ និងក្រើនរំលឹកដល់អាជីវករ សូមចូលរួមគោរពច្បាប់ទាំងអស់គ្នា រកស៊ីដោយសុចរិត មិនក្លែងបន្លំ ឬផលិតនូវផលិតផលក្លែងក្លាយ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ ក៏ដូចជាលើកកម្ពស់មុខមាត់ផលិតផលខ្មែរស្របច្បាប់ជាដើម៕
អត្ថបទ ៖ សុភា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


