Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ៖ លេខទូរសព្ទ ១២៩៧មិនមែនជាទេវតា ប៉ុន្តែអាចជួយឱ្យបងប្អូនមានការងារធ្វើ

បានផុស

នៅ

ភ្នំពេញ ៖ លោក ហេង សួរ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងជាថ្មីថា លេខទូរសព្ទ ១២៩៧ មិនមែនជាទេវាតា ប៉ុន្តែអាចជួយឱ្យបងប្អូនប្រជាពលរដ្ឋមានការងារធ្វើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានថ្លែងបែបនេះ ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការចុះឈ្មោះស្វែងរកការងារ ដល់សមាជិក សមាជិកា ស.ស.យ.ក. ជាភ្នាក់ងារព័ត៌មានទីផ្សារការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលរៀបចំឡើងនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ក្រោមកិច្ចសហការរវាង ស.ស.យ.ក. និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកថ្លែងថា «បើសិនជា បងប្អូនណាត្រូវការងារសូមកុំភ្លេចលេខ (ទូរសព្ទ) ១២៩៧។ លេខ ១២៩៧ មិនមែនជាទេវតា ប៉ុន្តែលេខ ១២៩៧ ខលទៅពេលណាគឺមានប្រយោជន៍ ខលទៅពេលណាមានគេជួយ ខលទៅពេលណា គឺអាចដោះទុក្ខបាន។ ដូចច្នេះ សង្ឃឹមថា មហាជនកម្ពុជាទាំងអស់នឹងចាំលេខ ១២៩៧»។

ក្នុងន័យនេះ លោក ហេង សួរ ក៏បានអំពាវនាវដល់សមាគមសិល្បៈ កីឡាករ កីឡាការិនី យុវជន ក្រុមហ៊ុន និងវិស័យឯកជន ព្រមទាំងមជ្ឈដ្ឋាននានាសូមបន្តចូលរួមក្នុងស្មារតីខ្មែរជួយខ្មែរ ក្នុងការផ្សព្វផ្សាយព័ត៌មានឱកាសការងារ និងជួយចុះឈ្មោះឱកាសការងារដល់បងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ដើម្បីមានឱកាសក្នុងការចូលរួមចំណែកកសាងប្រទេសជាតិបន្ថែមទៀត ដោយគ្រាន់តែជួយផ្សព្វផ្សាយនូវលេខទូរសព្ទ ១២៩៧៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម