នយោបាយ
សម្ដេចតេជោ៖ ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន
ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបនឹងការចុះផ្សាយរបស់សារព័ត៌មានថៃដែលថានាយករដ្ឋមន្ត្រីស្ដីទីថាបានប្រកាសចាប់ខ្លួនសម្ដេចតេជោ និងសម្ដេចធិបតីភ្លាមៗប្រសិនជាសម្ដេចទាំងពីរចូលប្រទេសថៃ ថាបើការចុះផ្សាយនោះជាការពិតនោះគឺបង្ហាញនាយករដ្ឋមន្ត្រីស្ដីទីថៃជាមនុស្សព្រៃគ្មានស្គាល់ច្បាប់ទម្លាប់។

សម្ដេចតេជោបានសរសេរលើហ្វេសបុករបស់សម្ដេចកាលពីយប់ថ្ងៃទី១៨ ខែសីហាថា៖ «ប្រសិនបើការចុះផ្សាយរបស់កាសែតជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិបង្ហាញឲ្យឃើញថា គាត់គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។ ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ»។
សម្ដេចតេជោបានចាត់ទុកសកម្មភាពទាំងនេះជា ការបំផ្លាញច្បាប់ទម្លាប់ដោយពួកឈ្លានពាន និងសួរថាតើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អឬបំផ្លាញដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងឈប់បាញ់?
សារព័ត៌មាន Khaosod របស់ប្រទេសថៃបានចេញផ្សាយកាលពីល្ងាចថ្ងៃទី១៨ ខែសីហា ដោយបានសរសេរចំណងជើងថា ហ៊ុន សែន និងហ៊ុន ម៉ាណែត ត្រូវតាមចាប់ទាំងរស់នៅប្រទេសថៃ ក្រុមប្រឹក្សាសន្ដិសុខជាតិសម្រេចប្ដឹងមេដឹកនាំកម្ពុជា, លោក Phumtham និយាយថាពួកគេនឹងត្រូវចាប់ខ្លួនភ្លាមៗប្រសិនជារកឃើញនៅប្រទេសថៃ។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាលោកបណ្ឌិត គិន ភា យល់ថាការលើកឡើងនេះគឺជាភាសាប្រមាថដែលមិនអាចទទួលយកបានដែលកំពុងបង្ហាញថាថៃមិនមែនជារដ្ឋស៊ីវីល័យ គ្មានសេចក្ដីថ្លៃថ្នូរ រំលោភដល់ពិធីការទូត និងគ្មានឆន្ទៈក្នុងការស្ដារទំនាក់ទំនងជាមួយកម្ពុជាឡើងវិញនោះទេ។
លោកបន្ថែមថា៖ «វាមិនអាចមានអ្នកណាដឹកនាំរបៀបនាយករដ្ឋមន្ត្រីស្ដីទីថៃហ្នឹងទេ! គ្មានអ្នកណាគេប្រកាសចាប់ខ្លួនមេដឹកនាំមួយនៃប្រទេសណាមួយបែបនេះទេ។ ការប្រកាសបែបនេះគឺមានតែប្រទេសដែលប្រើច្បាប់ព្រៃទេ ឬមនុស្សព្រៃទេដែលមិនយល់ច្បាប់។ ឥឡូវនេះសតវត្សទី២១ហើយច្បាប់ទម្លាប់អន្តរជាតិមានច្រើនណាស់សម្រាប់គ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋគេអត់អាចប្រើប្រាស់យន្តការច្បាប់ក្នុងស្រុកមួយហើយប្រមាថទៅលើមេដឹកនាំប្រទេសមួយផ្សេងទៀតទេ»។

លោកបណ្ឌិតឱ្យជាយោបល់ថា ថៃគួរគិតឡើងវិញពីការសកម្មភាព និងពាក្យសំដីរបស់ខ្លួន ដែលមិនត្រឹមតែបង្ហាញពីភាពគ្មានសណ្ឋាប់ធ្នាប់ក្នុងប្រទេសនោះទេ វាក៏បង្ហាញពីភាពអសមត្ថភាពក្នុងការយល់ដឹងពីច្បាប់ទម្លាប់ពិភពលោករបស់មេដឹកនាំប្រទេសមួយនេះផងដែរ។
សកម្មភាពជាបន្តបន្ទាប់របស់ថៃក្រោយបទឈប់បាញ់ដែលរួមមានការដើរល្បាតចូលដីខ្មែរជាន់មីន ការរាយបន្លាលួសទាំងក្នុងតំបន់ជម្លោះ និងក្នុងភូមិស្រុកពលរដ្ឋខ្មែរ និងការប្រកាសចាប់ខ្លួនមេដឹកនាំខ្មែរនេះបានប៉ះពាល់ដល់ទំនុកចិត្ត និងបានយាយីដល់ការស្ដារទំនាក់ទំនងគ្នាឡើងវិញជាមួយកម្ពុជា។ រដ្ឋមន្ត្រីស្ដីទីក្រសួងការបរទេសលោកស្រី អ៊ាត សោភា កាលពីថ្ងៃទី១៥ ខែសីហា បានអំពាវនាវទៅប្រធានអាស៊ាន ប្រទេសម៉ាឡេស៊ី និងដៃគូពាក់ព័ន្ធផ្សេងទៀតពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្ទាប់ពីសម្ដែងក្ដីកង្វល់ចំពោះការគំរាមកំហែងលើបទឈប់បាញ់ពីប្រទេសថៃ។ លោកស្រីបានជំរុញដល់ប្រទេសថៃឱ្យគោរព និងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់ និងក្លាហានមកដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


