Connect with us

ព័ត៌មានជាតិ

គិតត្រឹមព្រឹកនេះ មណ្ឌលប្រឡងក្នុងខេត្តសៀមរាប ដំណើរការទៅយ៉ាងរលូន មិនមានបញ្ហាគួរកត់សំគាល់

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នេះ គឺជាថ្ងៃដែលសិស្សានុសិស្សនៅទូទាំងប្រទេស ប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដោយឡែកនៅខេត្តសៀមរាប សង្កេតឃើញនៅតាមមណ្ឌលប្រឡងទាំង ១៦មណ្ឌល មានសិស្សានុសិស្សមកពីបណ្តាវិទ្យាល័យនានាក្នុងក្រុង ស្រុកទាំង១៣។ បើតាមមន្ទីរអប់រំខេត្តសៀមរាប គិតត្រឹគិតត្រឹមម៉ោង៨៖៣០ព្រឹកនេះ មណ្ឌលប្រឡងទាំង១៦ ក្នុងខេត្តសៀមរាប បានដំណើរការទៅយ៉ាងរលូន មិនមានបញ្ហាគួរកត់សំគាល់នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់របស់លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តសៀមរាប ឆ្នាំសិក្សា២០២៤-២០២៥ នេះ មាន១៦មណ្ឌលប្រឡង ស្មើនឹង ៤៤៩បន្ទប់ ដែលមានសិស្សប្រឡងសរុប ១១ពាន់១៦២នាក់ ស្រី៦ពាន់៥១៤នាក់។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មាន៥មណ្ឌល មាន១៣៣បន្ទប់ មានបេក្ខជន សរុប ៣ពាន់៣០០នាក់ ស្រី ១ពាន់៩៦៣នាក់។ ថ្នាក់វិទ្យាសាស្ត្រសង្គម មាន ១១មណ្ឌល មាន ៣១៦បន្ទប់ មានបេក្ខជន សរុប ៧ពាន់៨៦២នាក់ ស្រី ៤ពាន់៥៥១នាក់។ ចំពោះវិញ្ញាសារ ប្រឡង មាន១០មុខវិជ្ជា គឺ គណិតវិទ្យា ភាសាខ្មែរ គីមីវិទ្យា ភូមិវិទ្យា, ប្រវត្តិវិទ្យា ,ពលរដ្ឋវិទ្យា ,ផែនដីវិទ្យា ,រូបវិទ្យា ,ជីវៈវិទ្យា និងភាសារបរទេស។

នាឱកាសនេះដែរ លោក សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងលោក ម៉ក់ សំភា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ព្រមទាំងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ក៏បានមានប្រសាសន៍ណែនាំ និងផ្តាំផ្ញើមួយចំនួន ដល់លោកគ្រូ អ្នកគ្រូ ជាគណៈមេប្រយោគ អនុរក្ស និងបេក្ខជនទាំងពីរភេទបានឱ្យដឹងថា ការប្រឡងនេះ ជាការវាស់ស្ទង់នូវកម្រិត នៃចំណេះដឹងរបស់សិស្ស ដែលត្រូវបានបញ្ចប់ការសិក្សា នៅមធ្យមសិក្សាទុតិយភូមិ និងឈានចូលទៅសិក្សាបន្តនៅមហាវិទ្យាល័យសកលវិទ្យាល័យផងដែរ។

ម៉្យាងទៀតបេក្ខជនទាំងពីរភេទ ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឱ្យល្អត្រឹមត្រូវទៅលើក្រដាសវិញ្ញាសារ មុននឹងឆ្លើយត្រូវគិតត្រិះរិះ ពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និង ប្រកាន់យកនូវគោលការណ៍ «ចេះជាប់»។ 

លោកបានបន្តថា ការប្រឡងនេះ គឺដើម្បីដឹងពីសមត្ថភាពចំណេះដឹង ដែលបានសិក្សាអស់រយៈពេល១២ឆ្នាំកន្លងមក និងស្វែងរកនូវធនធានមនុស្ស ជាទំពាំងស្នងឫស្សី ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ ដែលបានចាត់ទុក វិស័យអប់រំ ជាវិស័យអាទិភាពចម្បង ក្នុងយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទីមួយ ។

សូមបញ្ជាក់ថា មុនពេលបេក្ខជនចូលទៅក្នុងមណ្ឌលប្រឡង អ្នកសារព័ត៌មានបានសង្កេតឃើញ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមគណៈកម្មការមេប្រយោគ រួមទាំងមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះបេក្ខជនចូលប្រឡង ធ្វើការលាក់បំបាំងទុកឯកសារយ៉ាងណាក៏ដោយ បានសហការគ្នាល្អ ធ្វើការឆែកឆេ និង ដកហូតនូវឯកសារទាំងនោះ ដោយមានការ ប្រុងប្រយ័ត្នខ្ពស់ មិនឱ្យឯកសារទាំងនោះហូរចូលទៅក្នុងបន្ទប់ប្រឡងបានឡើយ៕ 

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម