ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការងារ ជំរុញសង្គមស៊ីវិល អង្គការដៃគូនៅកម្ពុជា សហការផ្ដល់ព័ត៌មានរបស់ពលករមិនទាន់មានការងារធ្វើមកក្រសួង
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ២ ខែកញ្ញា នេះ បានជំរុញឱ្យអង្គការក្រៅរដ្ឋាភិបាល និងសមាគម ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត សហការផ្ដល់ព័ត៌មានរបស់ពលករខ្មែរដែលមិនទាន់មានការងារធ្វើមកក្រសួងការងារ ដើម្បីអាចឱ្យក្រសួងជួយសម្របសម្រួលរកការងារជូន។


ការជំរុញនេះធ្វើឡើងក្រោយពេលដែលសង្គមស៊ីវិលមួយចំនួន បានលើកឡើងពីការព្រួយបារម្ភចំពោះឱកាសការងាររបស់ប្រជាពលករទើបត្រឡប់ពីប្រទេសថៃ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកឡើងថា “សម្រាប់ខ្ញុំស្វាគមន៍ជានិច្ច ហើយយើងចង់បានណាស់។ អង្គការសង្គមស៊ីវិលទាំងអស់ គឺជាដៃគូរបស់រាជរដ្ឋាភិបាល ដូចនេះការផ្តល់ព័ត៌មានអំពីពលករមកកាន់ក្រសួងការងារ ដើម្បីអាចឱ្យក្រសួងជួយសម្របសម្រួលរកការងារជូនពលករ គឺជាការបង្ហាញពីកិច្ចសហការដ៏ល្អរបស់សង្គមស៊ីវិល និងដៃគូក្រៅរដ្ឋាភិបាលក្នុងការជួយពលករឱ្យមានការងារធ្វើ ព្រោះនេះគឺជាកិច្ចការរួមទាំងអស់គ្នា ក្នុងនាមជាខ្មែរ មិនថាសង្គមស៊ីវិល រាជរដ្ឋាភិបាល ឬដៃគូផ្សេងទៀតនោះទេ”។

ជាមួយគ្នានេះ លោក ស៊ុន មេសា បានរំលឹកពីវិធានការសំខាន់ៗ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមការដឹកនាំរបស់លោក ហេង សួរ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងទាំងយប់ ទាំងថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងអាទិត្យ ផង ក្នុងការជួយសម្របសម្រួលជូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ ដោយបានដាក់ចេញវិធានការបន្ទាន់ជាង ១០ ចំណុច ដើម្បីជួយពលករឱ្យមានការងារធ្វើ។

វិធានការបន្ទាន់ទាំងនោះរួមមាន ៖ ការរៀបចំមណ្ឌលសំចត ឬកន្លែងទទួលពលករតាមបន្ទាត់ព្រំដែន , ការរៀបចំវេទិកាការងារឃុំចំនួន ៤០៧ , ការចុះទៅតាមរោងចក្រសហគ្រាស-ក្រុមហ៊ុន ដើម្បីជំរុញឱកាសការងារដល់ពលករ និងការទទួលយកពលករដោយការយកចិត្តទុកដាក់ , ការបណ្តុះបណ្តាលយុវជនស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ២ ០០០ នាក់ នៅទូទាំងប្រទេស ដើម្បីចុះឈ្មោះស្វែងរកការងារជូនពលករ , និងការលើកលែងឯកសារអត្តសញ្ញាណបណ្ណចំពោះការស្វែងរកការងារធ្វើជាដើម។


តាមរយៈវិធានការ និងការសម្របសម្រួលខាងលើនេះ មានពលករខ្មែរជាច្រើនម៉ឺននាក់ ដែលត្រឡប់មកពីប្រទេសថៃវិញ ទទួលបានការងារធ្វើជាបន្តបន្ទាប់ ហើយ ក្រសួងការងារ នឹងបន្តជួយសម្របសម្រួលឱ្យពលករផ្សេងទៀតទទួលបានការងារជាបន្តបន្ទាប់ទៀតដែរ។ នេះបើតាមការគូសបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ។

ជាមួយនឹងការជំរុញឱ្យសង្គមស៊ីវិល និងដៃគូរបស់រាជរដ្ឋាភិបាលផ្តល់ព័ត៌មានពីពលករមិនទាន់មានការងារធ្វើហើយនោះ, លោក ស៊ុន មេសា ក៏បានអំពាវនាវសាជាថ្មីឱ្យពលករខ្មែរ គួរស្វែងរកការងារនៅក្នុងស្រុកដែលមានសុវត្ថិភាព អត្ថប្រយោជន៍ច្រើនជាង ហើយប្រាក់ឈ្នួលប្រហាក់ប្រហែលនឹងប្រទេសថៃ ជាជាងប្រថុយប្រថានទៅធ្វើការងារដោយខុសច្បាប់ ដែលអាចចាញ់បោកមេខ្យល់ , ខាតបង់ថវិកា , រងការកេងប្រវ័ញ្ច , អសុវត្ថិភាព និងប្រឈមនឹងការជាប់ពន្ធនាគារនៅប្រទេសគេ ថែមទៀត៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


