អត្ថាធិប្បាយ
អ្នកតាមដាន៖ ថៃខ្លាចបាក់មុខចំពោះអន្តរជាតិតែនៅបន្តឈ្លានពានខ្មែរ
អ្នកតាមដានបានបង្ហាញការយល់ឃើញថាប្រទេសថៃខ្លាចបាក់មុខចំពោះអន្តរជាតិ ខ្លាចប៉ះពាល់សេចក្ដីថ្លៃថ្នូររបស់ខ្លួន តែប្រទេសនេះនៅតែបន្តឈ្លានពានខ្មែរ។ ពួកគេបានជំរុញដល់រដ្ឋាភិបាលក្នុងការបង្ហាញការពិតពីមុខមាត់ថៃលើឆាកអន្តរជាតិកាន់តែច្រើនថែមទៀត ដើម្បីជាសម្ពោធលើប្រទេសនេះឱ្យងាកមកគោរពបទឈប់បាញ់ ចរចារដោយសន្ដិវិធីឡើងវិញ។

អ្នកជំនាញផ្នែកទស្សនវិជ្ជាលោកបណ្ឌិត ឈត ប៉ុនថង យល់ថាសំឡេងនៃអ្នករងគ្រោះពិតប្រាកដនៃបញ្ហាព្រំដែនកំពុងត្រូវបានអន្តរជាតិដឹងឮជាបន្តបន្ទាប់ហើយបន្ទាប់ពីថ្នាក់ដឹកនាំកម្ពុជាបានព្យាយាមធ្វើនយោបាយការទូតបង្ហាញរូបភាពពិតនៃជម្លោះកម្ពុជា-ថៃទៅអន្តរជាតិ។ លោកថាព្រឹត្តិការណ៍ថ្ងៃទី១៨ ខែកញ្ញាដែលថៃរត់ឆ្លេឆ្លាក្នុងវេទិកាអន្តរសភាអាស៊ានអាយប៉ានៅម៉ាឡេស៊ី បានបង្ហាញច្បាស់ថាប្រទេសនេះខ្លាចបាក់មុខចំពោះអន្តរជាតិណាស់។
លោកថា៖ «អ្នកឈ្លានពានហាក់បីជាខ្លាចយើងទៅលាតត្រដាងការពិត និយាយការពិតដែលនាំឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះកិត្តិយសសេចក្ដីថ្លៃថ្នូររបស់គាត់។ គាត់ចង់បានកិត្តិយសសេចក្ដីថ្លៃថ្នូរប៉ុន្ដែគាត់បែរជារំលោភបំពានកម្ពុជា ហើយពេលកម្ពុជាលាតត្រដាងការពិតគាត់បែរជាស្លន់ស្លោរខ្លាចគេដឹង»។

កាលពីថ្ងៃទី១៨ ខែកញ្ញា ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានថ្លែងក្នុងពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាននៅប្រទេសម៉ាឡេស៊ី ដោយបានព្រមានពីការគំរាមកំហែងលើសន្ដិសុខក្នុងតំបន់បើប្រទេសក្នុងតំបន់អាស៊ានមិនអាចបញ្ឈប់សកម្មភាពឈ្លានពានរបស់ថៃបាននោះ។ សម្ដេចបានហៅសកម្មភាពបំពានលើដែនដីអធិបតេយ្យរបស់ប្រទេសដទៃដូចដែលថៃកំពុងបំពានលើកម្ពុជាគឺជាការអនុវត្ត «ច្បាប់ព្រៃ» ដែលប្រទេសក្នុងតំបន់អាស៊ានត្រូវនាំគ្នាចូលរួមទប់ស្កាត់។

ជាការកត់សម្គាល់ក្រោយពីប្រធានសភាកម្ពុជាថ្លែង ប្រតិភួសភាថៃបានឆ្លេឆ្លា ទូរស័ព្ទ រត់ឆ្វាត់ឆ្វែងដើម្បីរកការឆ្លើយតបមកកម្ពុជាវិញផងដែរ។
អ្នកតាមដានភូមិសាស្ត្រនយោបាយលោកបណ្ឌិត ជ័យ តិច យល់ថានេះជាការបង្ហាញនូវភាពអាម៉ាស់របស់ថៃលើឆាកអន្តរជាតិ ដោយលោកចាត់ទុកថាជាជោគជ័យថ្មីមួយទៀតរបស់កម្ពុជាដើម្បីបង្ហាញនូវសេចក្ដីស្មោះត្រង់ និងភាពរងគ្រោះរបស់ខ្លួន។
លោកថា៖ «យើងបានឃើញហើយពីការឆ្លើយតបរបស់ថ្នាក់ដឹកនាំកម្ពុជាលើគ្រប់សេណារីយ៉ូទាំងអស់ រួមទាំងនីតិបញ្ញត្តិ ប្រតិបត្តិ និងប្រជាជនយើង។ ប្រជាជនគួរតែមានភាពជឿជាក់លើរាជរដ្ឋាភិបាលការដឹកនាំនិងការឆ្លើយតបរបស់រាជរដ្ឋាភិបាលលើបញ្ហាព្រំដែនកម្ពុជានិងថៃនេះ»។

លោកបានជំរុញដល់ពលរដ្ឋធ្វើពហិការលើទំនិញរបស់ថៃ ហើយក្រសួងស្ថាប័នរដ្ឋត្រូវបន្តពង្រឹងបន្ថែមទៀតនាំអ្នកអង្កេតការណ៍ អ្នកសារព័ត៌មានទៅពិនិត្យនិងយកព័ត៌មាននៅព្រំដែនដើម្បីបង្ហាញពីការឈ្លានពានរបស់ថៃនេះ ខណៈលោកស្វាគមន៍ចំពោះចំណាត់ការរបស់រដ្ឋាភិបាលដែលបានដាក់លិខិតតវ៉ាទៅកាន់អគ្គលេខាធិកា UN និងស្ថាប័នអន្តរជាតិដើម្បីបង្ហាញពីភាពគ្មានច្បាប់ទម្លាប់របស់ថៃនេះ។
កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីមានការប៉ះទង្គិចរវាងពលរដ្ឋ និងទាហានថៃនៅព្រំដែនអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាយករដ្ឋមន្ត្រីកម្ពុជាបានដាក់លិខិតទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីរាយការណ៍ពីសកម្មភាពបំពានរបស់ថៃលើដែនអធិបតេយ្យរបស់កម្ពុជាបំពានអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ដែលទទួលស្គាល់ដោយ ICJ និងអនុស្សរណៈនៃការវាយវែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ឆ្នាំ២០០០ ព្រមទាំងបំពានលើការសន្យាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ RBC ផងដែរ។
ក្នុងលិខិតនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា៖ «វិធានការជាឯកតោភាគីទាំងនេះ រួមទាំងការអនុវត្តក្រៅដែនដីនៃច្បាប់អាជ្ញាសឹកថៃ គឺជាការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា ដែលមិនអាចទទួលយកបាន និងជាការរំលោភយ៉ាងជាក់ច្បាស់ចំពោះច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គកាសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ លើសពីនេះ សកម្មភាពឯកតោភាគីទាំងនេះមិនត្រឹមតែជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបង្កឱ្យមានហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយហិង្សា»។

សម្ដេចជំរុញដល់អគ្គលេខាធិការជំរុញទៅប្រទេសថៃឱ្យប្រកាន់ខ្ជាប់នូវបទឈប់បាញ់និងកិច្ចព្រមព្រៀងជាមួយកម្ពុជា ហាមប្រើកម្លាំងប្រឆាំងជនស៊ីវិល រុះរើឧបសគ្គបន្លាលួស កង់ឡានក្នុងតំបន់ពលរដ្ឋខ្មែររស់នៅ និងក្នុងតំបន់ដែលមិនទាន់បញ្ចប់ការកំណត់ខណ្ឌសីម៉ា អនុញ្ញាតឱ្យពលរដ្ឋខ្មែរត្រលប់ទៅលំនៅដ្ឋានវិញ បញ្ឈប់ការប្រើប្រាស់ ឬគ្រោងប្រើកម្លាំងយោធាដើម្បីកំណត់ខណ្ឌសីមា និងដោះលែងយោធិនខ្មែរទាំង១៨នាក់មកវិញ។
ងាយទៅកាន់ប្រទសថៃវិញ កាលពីថ្ងៃទី១៩ ខែកញ្ញា កាសែត The Nation របស់ថៃបានចុះផ្សាយថានាយករដ្ឋមន្ត្រីថៃដែលទើបនឹងតែងតាំងថ្មីលោក អានុទីន ថាលោកចង់ទៅឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិដើម្បីឆ្លើយតបនឹងលិខិតរបស់កម្ពុជាដែលបានផ្ញើទៅកាន់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ រាយការណ៍ពីការបំពានបទឈប់បាញ់របស់ថៃនាពេលកន្លងមកនោះ ទោះបីជាគណៈរដ្ឋមន្ត្រីលោកមិនទាន់បានបញ្ជូនគោលនយោបាយទៅឱ្យសភាក្ដី។
មហាសន្និបាតអង្គការសហប្រជាជាតិនឹងរៀបចំនៅថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញានេះសម្រាប់ការពិភាក្សាកម្រិតខ្ពស់ នៅស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក។ ប្រធានបទឆ្នាំនេះគឺ «រួមគ្នាកាន់តែប្រសើរ ៨០ឆ្នាំនិងបន្តទៀតសម្រាប់សន្ដិភាព ការអភិវឌ្ឍន៍ និងសិទ្ធិមនុស្ស»។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាលោកបណ្ឌិត គិន ភា យល់ថា នាយកររដ្ឋមន្ត្រីកម្ពុជាក៏គួរអញ្ជើញចូលរួមមហាសន្និបាតនេះដើម្បីលាតត្រដាងប្រាប់ពិភពលោកពីអំពោះឈ្លានពានរបស់ថៃលើទឹកដីកម្ពុជា ក៏ដូចជាបង្ហាញពីការស្អប់ខ្ពើមសង្គ្រាម និងជ្រើសរើសយកសន្ដិភាពតាមរយ:យន្តការការទូត និងច្បាប់អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។
លោកបានសរសេរលើហ្វេសបុករបស់លោកថា៖ «ក្នុងឋានៈជារដ្ឋតូចដូចកម្ពុជា, ការប្រើប្រាស់យន្តការការទូត និងច្បាប់អន្តរជាតិប្រកបដោយសន្តិវិធីតាមរយ:យន្តការនានារបស់អង្គការសហប្រជាជាតិ ជាពិសេស មហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ និងវេទិកាពហុភាគីដទៃទៀត ដូចជា អាស៊ាន អាយប៉ា អង្គការហ្វ្រង់កូហ្វូនី ជាដើម ជាជម្រើសដ៏ល្អបំផុតក្នុងការដោះស្រាយបញ្ហា»។

ជម្លោះព្រំដែនកម្ពុជាថៃបានកើតឡើងជាថ្មីបន្ទាប់ពីថៃបានព្យាយាមយកផែនទីដែលគូសដោយខ្លួនឯងដាក់ក្នុងតុចរចាជាមួយកម្ពុជាដែលបានបំពានដល់សន្និសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ ឆ្នាំ១៩០៧ និងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងបានបាញ់សម្លាប់ទាហានខ្មែរម្នាក់កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ បន្ទាប់ពីចរចារមិនត្រូវរ៉ូវគ្នានិងមានបញ្ហាព្រំដែនជាបន្តបន្ទាប់នោះកម្ពុជាបានស្នើឱ្យថៃឡើងទៅតុលាការយុត្តិធម៌អន្តរជាតិជាមួយគ្នាតែថៃតែងតែបដិសេធ និងបានរុកគួនព្រំដែនជាមួយកម្ពុជាជានិច្ចនៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របីក្នុងខេត្តឧត្តរមានជ័យ និងតំបន់មុំបីនៅក្នុងខេត្តព្រះវិហារ។
នៅព្រឹកថ្ងៃទី២៤ ខែកក្កដាថៃបានបើកការបាញ់ប្រហារមុនមកលើកម្ពុជានឹងបានបាញ់តបតគ្នារហូតដល់មានការព្រមព្រៀងនៃបទឈប់បាញ់នៅពាក់កណ្ដាលយប់ថ្ងៃទី២៨ ខែកក្កដា។ ទោះបីជាមានបទឈប់បាញ់ហើយក្ដីក៏ប្រទេសនេះនៅតែបំពានជាបន្តបន្ទាប់ដោយចាប់ទាហានខ្មែរយកទៅឃុំឃាំង ដើរចូលដីខ្មែរជាន់មីន បន្តរាយបន្លាលួសចូលដីខ្មែរ និងដេញពលរដ្ឋខ្មែរចេញពីផ្ទះសំបែងនៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យផងដែរ។

កម្ពុជាបានបន្តរក្សាភាពស្ងៀមស្ងាត់ និងបានធ្វើនយោបាយការទូតជាបន្តបន្ទាប់ដោយបាននាំអ្នកអង្កេតការណ៍អាស៊ាន អ្នកកាសែតអន្តរជាតិទៅពិនិត្យជាក់ស្ដែង រួមទាំងការតវ៉ាទៅកាន់អង្គការសហប្រជាជាតិ និងស្ថាប័នសិទ្ធិមនុស្សអន្តរជាតិផ្សេងៗផងដែរ។ ព្រឹត្តិការណ៍ថ្ងៃទី១៨ ខែកញ្ញា ដែលប្រធានសភាថ្លែងបកអាក្រាតពីក្រោយភាពញញឹមដ៏ពិសពុលរបស់ថៃបានបង្ហាញពីភាពជោគជ័យនៃនយោបាយការទូតរបស់កម្ពុជា ដែលអាចមើលឃើញតាមរយៈសំឡេងទះដៃពីតំណាងសភាប្រទេសតំបន់អាស៊ាន និងដៃគូរ រួមទាំងការរត់ឆ្លេឆ្លាព្រមទាំងប្រតិកម្មស្លន់ជាន់ជាបន្ទាប់របស់ប្រតិភូថៃផងដែរ។
ទោះបីជាថៃបានរារាំងការចេញសេចក្ដីថ្លែងការណ៍រួមរបស់អាយប៉ាលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃក្ដីតែអ្នកតាមដានយល់ថាកម្ពុជាបានឈ្នះលើសមរភូមិការទូត និងបានបង្ហាញការពិតកាន់តែច្បាស់ទៅពិភពលោកថាអ្នកណាជាជនរងគ្រោះ អ្នកណាជាជនល្មើសដែលរំលោភបំពានលើគេហើយព្យាយាមបំបិទសំឡេងលើអ្នកទន់ខ្សោយជាងខ្លួននោះ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


