Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូឡូញព្រមានបាញ់ទម្លាក់ «គ្រប់វត្ថុ» ទាំងអស់ ដែលបំពានដែនអាកាសរបស់ខ្លួន

បានផុស

នៅ

នាយករដ្ឋមន្ត្រីប៉ូឡូញ បាន​ឱ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសប៉ូឡូញ ដែល​ជា​សមាជិករបស់អង្គការសម្ព័ន្ធភាពយោធាណាតូ នឹងមិនស្ទាក់ស្ទើរក្នុងការបាញ់ទម្លាក់គ្រប់ «វត្ថុ» ទាំងអស់ ដែលរំលោភបំពាន​ដែនអាកាសរបស់ខ្លួន ហើយ​បង្កការគំរាមកំហែងផ្សេងៗនោះទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមានយ៉ាងដូច្នេះ ធ្វើឡើងចំពេលដែលភាពតានតឹងកើនឡើងរវាងណាតូ និងរុស្ស៊ី ក្រោយ​ដ្រូនរុស្ស៊ីចំនួន ២០ គ្រឿង បាន​ហោះចូលទៅក្នុងដែនអាកាសរបស់ប៉ូឡូញនៅថ្ងៃទី ៩ និង ១០ កញ្ញា។ ក្នុងករណីដាច់ដោយឡែក ប៉ូឡូញបាន​និយាយថា យន្តហោះចម្បាំងរុស្ស៊ីចំនួន ២ គ្រឿង បាន​បំពាន«តំបន់សុវត្ថិភាព» ​នៅកន្លែងរុករកប្រេងរបស់ក្រុមហ៊ុន Petrobaltic ក្នុងសមុទ្របាល់ទិក កាលពីថ្ងៃសុក្រ។

នាយករដ្ឋមន្រ្តីប៉ូឡូញ លោក Donald Tusk បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃចន្ទថា៖ «យើងនឹងធ្វើការសម្រេចចិត្តបាញ់ទម្លាក់វត្ថុហោះហើរ ដែលបំពានទឹកដីរបស់យើង និងហោះហើរលើប្រទេសប៉ូឡូញរបស់យើង។ វាគ្មានការចរចាលើបញ្ហានេះទេ»។

យ៉ាងណាមិញ លោកបន្តយ៉ាងដូច្នេះថា នៅពេលដែលស្ថានការណ៍មិនច្បាស់លាស់ ដូចជាយន្តហោះរុស្ស៊ីដែលហោះពីលើតំបន់សុវត្ថិភាពរបស់ Petrobaltic ដែលមិនស្ថិតក្នុងដែនទឹករបស់ប៉ូឡូញ រដ្ឋាភិបាល​ត្រូវប្រុងប្រយ័ត្នខ្លាំងមុននឹងចាត់វិធានការណាមួយ ដែលអាចបង្កឱ្យមានជម្លោះធ្ងន់ធ្ងរ។

អ្វីគួរឱ្យកត់សម្គាល់នោះគឺថា ការព្រមានចុងក្រោយរបស់ប៉ូឡូញ ធ្វើឡើងក្រោយប្រទេស​អេស្តូនី បាននិយាយថា យន្តហោះរុស្ស៊ី ៣ គ្រឿង បានរំលោភលើដែនអាកាសរបស់ខ្លួនកាលពីថ្ងៃសុក្រ ដោយបង្កើនការព្រួយបារម្ភក្នុងចំណោមប្រទេសណាតូ ដែលថា រុស្ស៊ីកំពុងសាកល្បងសម្ព័ន្ធភាពរបស់ខ្លួន​។ មេដឹកនាំមួយចំនួនកំពុងអំពាវនាវឱ្យមានការឆ្លើយតបខ្លាំងៗ ខណៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងពិភាក្សាគ្នានៅថ្ងៃចន្ទនេះ។ យ៉ាងណាមិញ រុស្ស៊ីបាន​ច្រានចោលការចោទប្រកាន់របស់អេស្ដូនីថាមិនពិត និងថាជារឿងដែលបង្កើតឡើងដើម្បីបង្កើនភាពតានតឹង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម