ព័ត៌មានអន្ដរជាតិ
ក្រុមឧទ្ទាម ហ៊ូធី ចាប់ខ្លួនបុគ្គលិក UN ចំនួន៩នាក់ទៀតក្នុងប្រទេសយេម៉ែន
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៨ខែតុលា ក្រុមឧទ្ទាម ហ៊ូធី របស់ប្រទេសយេម៉ែន បានចាប់ខ្លួនបុគ្គលិករបស់អង្គការសហប្រជាជាតិចំនួនប្រាំបួននាក់បន្ថែមទៀតនៅក្នុងការបង្ក្រាបចុងក្រោយរបស់ក្រុមហ៊ូធីលើអង្គការអន្តរជាតិដែលប្រតិបត្តិការនៅក្នុងតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាម។

ការចាប់ខ្លួនថ្មីនេះបានបង្កើនចំនួនបុគ្គលិកអង្គការសហប្រជាជាតិដែលត្រូវបានចាប់ខ្លួនសរុបដល់ ៥៣ នាក់ ចាប់តាំងពីឆ្នាំ ២០២១។ អ្នកដែលត្រូវបានឃាត់ខ្លួនទាំងអស់គឺជាជនជាតិយេម៉ែនធ្វើការឱ្យទីភ្នាក់ងារនានា រួមទាំងអង្គការយូនីសេហ្វ និងកម្មវិធីអាហារពិភពលោកផងដែរ។
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិលោក Stephane Dujarric បានថ្កោលទោសការឃុំខ្លួននេះដោយអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ហើយព្រមានថាការបង្រ្កាបនេះបានរារាំងយ៉ាងខ្លាំងដល់ប្រតិបត្តិការមនុស្សធម៌នៅក្នុងប្រទេសយេម៉ែន ជាប្រទេសក្រីក្របំផុតរបស់ពិភពលោកអារ៉ាប់។

ទោះយ៉ាងណាក្រុម ហ៊ូធី អះអាងថា ពួកគេបានចាប់ខ្លួនបុគ្គលិក អង្គការសហប្រជាជាតិ ដោយសារតែសង្ស័យថាពួកគេជាផ្នែកមួយនៃបណ្តាញចារកម្ម។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ក្រុមនេះបានវាយឆ្មក់ការិយាល័យរបស់អង្គការសហប្រជាជាតិជាច្រើនដង រួមទាំងមួយនៅក្នុងខែសីហា ដោយចាប់ខ្លួនបុគ្គលិកចំនួន ១៩ នាក់។ ដោយសារតែសកម្មភាពទាំងនេះ អង្គការសហប្រជាជាតិបានបញ្ឈប់ការងាររបស់ខ្លួននៅក្នុងខេត្ត Saada ដែលគ្រប់គ្រងដោយក្រុម ហ៊ូធី ហើយបានផ្លាស់ប្តូរមន្ត្រីជំនួយកំពូលរបស់ខ្លួនពីរដ្ឋធានី Sanaa ទៅ Aden ដែលគ្រប់គ្រងដោយរដ្ឋាភិបាលផ្លូវការរបស់ប្រទេសយេម៉ែនវិញ។
គួរបញ្ជាក់ថាសង្រ្គាមយេម៉ែនបានចាប់ផ្តើមក្នុងឆ្នាំ ២០១៤ នៅពេលក្រុម ហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់បានចូលកាន់កាប់ក្រុង Sanaa ដោយបង្ខំឲ្យរដ្ឋាភិបាលភៀសខ្លួន។ មួយឆ្នាំក្រោយមក ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានចូលធ្វើសង្រ្គាមដើម្បីគាំទ្ររដ្ឋាភិបាល។ ការប្រយុទ្ធគ្នាបានថយចុះចាប់តាំងពីមានបទឈប់បាញ់រវាងក្រុមហ៊ូធី និងអារ៉ាប៊ីសាអូឌីត ប៉ុន្តែភាពតានតឹងនៅតែបន្ត។ ថ្មីៗនេះ ក្រុម ហ៊ូធី ក៏បានប៉ះទង្គិចជាមួយអ៊ីស្រាអែល និងបានវាយប្រហារលើនាវានៅសមុទ្រក្រហម ដែលពួកគេជឿថាមានទំនាក់ទំនងជាមួយអ៊ីស្រាអែល និងនាំឱ្យមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលជាការឆ្លើយតប៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


