វប្បធម៌ ជំនឿ
ទោះអាចទាញពេលថយក្រោយ ក៏តួ នាងវិធាវី នៅតែជ្រើសសិល្បៈបុរាណ (មានវីដេអូ)
ទស្សនីយភាព ល្ខោននិយាយ រឿង ផ្កាស្រពោន ដែលយកចេញពីប្រលោមលោកដ៏ល្បី របស់អ្នកនិពន្ធ លោក នូ ហាច ក្នុងឆ្នាំ១៩៤៧ ព្រមទាំងមានបញ្ចូលក្នុងកម្មវិធីសិក្សាផងនោះ នឹងសម្ដែងសារជាថ្មីនៅចុងសប្ដាហ៍នេះ បន្ទាប់ពីមានការសំណូមពរពីមហាជន កាលសម្ដែងលើកទី១ នៅចុងឆ្នាំមុន។ ថ្វីដ្បិតតែ សាច់រឿង និងការសម្ដែង មានការទាក់ទាញទទួលការគាំទ្រពីសាធារណជន និងអ្នកសិក្សា ប៉ុន្តែគេក៏ដឹងថា អ្នកសិល្បៈបុរាណ ដែលរៀនជំនាញមានក្បួនខ្នាត ពី៥ ទៅ ៩ឆ្នាំនេះ រកចំណូលមិនបានច្រើនដូចអ្នកសិល្បៈសម័យ ឬអ្នកតំណាងផ្សព្វផ្សាយផលិតផល (BA Brand Ambassador) នោះទេ។

កញ្ញា កែវ សុផានិត សម្ដែងតួអង្គ នាងវិធាវី បានឱ្យ “កម្ពុជាថ្មី” ដឹងថា នាងមិនតូចចិត្តដែលខ្លួនខំរៀនសិល្បៈបុរាណ ល្ខោនយីកេ ល្ខោននិយាយ រយៈពេល ៩ឆ្នាំ ប៉ុន្តែទទួលចំណូលតិចជាង អ្នកសិល្បៈសម័យនោះទេ ព្រោះការងារទាំង ២នេះ គឺចែកដាក់ពីគ្នា។ កញ្ញា លើកឡើងថា អ្នកសិល្បៈសម័យរកចំណូលបែបឯកជន ចំណែកកញ្ញា រៀនចប់បរិញ្ញាបត្រ ប្រឡងចូលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមន្ត្រីរាជការ បើកប្រាក់ខែរដ្ឋ ធ្វើការទាក់ទងនឹងបង្កើតស្នាដៃរឿង ទស្សនីយភាព។

មន្រ្តីនាយកដ្ឋានសិល្បៈទស្សនីយភាព រូបនេះ បញ្ជាក់ថា បើទោះជាដឹងថា ការងារសិល្បៈបុរាណមិនទទួលចំណូលបានច្រើនដូចសិល្បៈសម័យ ហើយបើទោះជា អាចទាញពេលវេលាថយក្រោយវិញបាន ក៏ កញ្ញា សុផានិត អះអាងថា កញ្ញាមិនស្ដាយក្រោយ ឬចង់បោះបង់អាជីពជាអ្នកសិល្បៈបុរាណឡើយ ប៉ុន្តែបើឱ្យបន្ថែមរៀនសិល្បៈសម័យបន្ថែម កញ្ញាព្រមរៀន ខណៈខ្លួនក៏មានមូលដ្ឋានសិល្បៈបុរាណស្រាប់។

កញ្ញា កែវ សុផានិត លើកឡើងបន្តថា៖ “បើយើងមិនជួយ បើយើងមិនដាក់ចិត្ត ក្នុងនាមជាសិល្បករ មិនថាអ្នកសម័យ អ្នកបុរាណក៏ដោយ ការពិតយើងសុទ្ធតែជាអ្នកសិល្បៈដូចគ្នាទាំងអស់។ ឧទាហរណ៍ថា សិល្បៈបុរាណកំពុងតែធ្លាក់ចុះ បាត់បង់ប្រជាប្រិយភាព ហើយក្មេងជំនាន់ក្រោយ គិតតែទៅធ្វើអីផ្សេង មិនរៀនសិល្បៈបុរាណ តើបានអ្នកណាមកស្ដារវប្បធម៌ជាតិយើងឡើង? យើងដើរមកដល់ចំណុចនេះ យើងត្រូវពង្រឹងខ្លួនឯងឱ្យកាន់តែខ្លាំងទៀត បើមិនផ្ដើមចេញពីយើង ក្មេងជំនាន់ក្រោយរៀនពីយើង ម៉េចមានសង្ឃឹមទៅ?”។

តួអង្គនាងវិធាវី លើកឡើងថា ប្រទេសយើងមានសង្គ្រាម ជួបបញ្ហាជាច្រើន ដែលយើងគួរយល់ពីប្រទេសជាតិយើង ហើយបើយើងគិតតែប្រយោជន៍ខ្លួនឯង អត់គិតប្រយោជន៍ជាតិ រស់យកសុខតែឯង… យើងគិតថា វប្បធម៌ជាតិយើងផ្នែកបុរាណ មិនថា ល្ខោន របាំ ភ្លេង ជំនាញផ្សេងៗ បើយើងមិនជួយបង្កើន មិនជួយលើកតម្លៃអីទាំងអស់ នោះនឹងបាត់បង់។

កញ្ញា កែវ សុផានិត បញ្ជាក់បន្ថែមថា៖ “ហើយសព្វថ្ងៃគេចង់បាន [សិល្បៈបុរាណ] ពីយើងទៀត តែយើងខ្លួនឯងទេ ដែលចេះតែគិតថា មិនមានតម្លៃ ដោយសាររកចំណូលមិនបាន។ យើងត្រូវគិតថា សិល្បៈវប្បធម៌មានតម្លៃ យើងត្រូវឱ្យតម្លៃ។ ខ្ញុំអត់បានគិតថា គេអ្នកសិល្បៈសម័យរកលុយបានច្រើនណាស់ ខ្ញុំបុរាណ ខ្ញុំអត់កើតទេ ហើយបើខ្ញុំអត់មានចិត្តរឹងមាំផង ឱ្យខ្ញុំជួយអ្នកជំនាន់ក្រោយយ៉ាងម៉េច? តែមិនមែនរឹងមាំតែខ្ញុំទេ គឺមិត្តភក្ដិរៀនជំនាន់ខ្ញុំ ស្រុះគ្នាទាំងអស់”។

គួរបញ្ជាក់ថា ទស្សនីយភាពល្ខោននិយាយរឿង “ផ្កាស្រពោន” នឹងមានការសម្ដែងផ្ទាល់រយៈពេល ៣ថ្ងៃ ចុងសប្ដាហ៍នេះ គឺនៅ ថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ ទី២ ៣ និង៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៥ និង ៣០នាទីរសៀល នៅសាលសន្និសីទចតុម្មុខ។ ដោយឡែក ថ្ងៃអាទិត្យ នឹងសម្ដែង ២ វេណ គឺនៅម៉ោង ២ រសៀល មួយពេលទៀត៕
គួរឱ្យដឹងថា ល្ខោននិយាយ មានរំហូរចូលមកពីប្រទេសបារាំង នៅសម័យអាណានិគមបារាំង នៅចន្លោះឆ្នាំ១៩៤០ តាមរយៈជនជាតិបារាំងម្នាក់ ដោយជនជាតិបារាំងនោះបានបង្រៀននៅក្នុងសាលាគរុកោសល្យរបស់គ្រូដើម្បីជួយសម្ដែងរឿងខ្លីពាក់ព័ន្ធនឹងប្រទេសបារាំង។ បន្ទាប់មកបន្តិចម្ដងៗល្ខោននិយាយក៏បានអភិវឌ្ឍទៅមុខល្អប្រសើរ ទទួលការចាប់អារម្មណ៍ខ្លាំងពីប្រជាជននៅក្នុងសម័យសង្គមរាស្ត្រនិយម។ ល្ខោននិយាយ មានការអភិវឌ្ឍជាខ្លាំង ដោយសារមានព្រឹទ្ធាចារ្យល្បីដូចជា ព្រឹទ្ធាចារ្យ ហុង គឹមហាក់ បានធ្វើការជាខ្លាំងទៅលើល្ខោននិយាយនេះ និងសម្ដេច សីហនុ ជាប្រមុខក៏បានគាំទ្រល្ខោននិយាយនេះខ្លាំងដែរ។

នៅក្នុងសម័យសារណរដ្ឋកម្ពុជា ឆ្នាំ១៩៨០ និងឆ្នាំ១៩៨១ ក៏បានចាប់ផ្ដើមប្រមូលអ្នកចេះដឹងផ្នែកល្ខោននិយាយនេះ មកជុំគ្នាវិញ បន្ទាប់ពីសម័យខ្មែរក្រហមបានដួលរលំ ដោយក្នុងពេលនោះមានគ្នាតែ ៣ទៅ ៤នាក់ប៉ុណ្ណោះ។ ដូច្នោះនៅឆ្នាំ១៩៨១ ក៏ចាប់ផ្ដើមបើកសាលាថ្នាក់ល្ខោននៅក្នុងប្រទេសកម្ពុជាឡើងវិញ ដោយជ្រើសរើសសិស្សចូលរៀន ដែលមានលោកគ្រូ ហួត ស៊ីថន ជាសិស្សជំនាន់ទី១ ក្នុងសាលាល្ខោនប្រទេសកម្ពុជា។ ល្ខោននិយាយ នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានសាលាមធ្យមវិចិត្រសិល្បៈ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទទួលសិស្សរៀនជារៀងរាល់ឆ្នាំ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ