ពិធីបុណ្យសែននំព្រះខែ គឺជាពិធីដែលប្រារព្ធធ្វើឡើងនៅកណ្ដាលរដូវស្លឹកឈើជ្រុះ (នៅចិន) និងជាពិធីបុណ្យប្រពៃណីសំខាន់បំផុតទីពីរនៅក្នុងប្រទេស បន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិន។
នៅប្រទេសកម្ពុជាក៏មានសែស្រឡាយចិននៃកូនខ្មែរកាត់ចិនជាច្រើនដែលរស់នៅ និងប្រកាន់ភ្ជាប់ប្រពៃណីទំនៀមទម្លាប់នេះច្រើនដូចគ្នា។
ខណៈបុណ្យសែននំព្រះខែជិតមកដល់ នេះជាអ្វីដែលជនជាតិចិនទូទាំងពិភពលោកតែងនិយមធ្វើ ក្នុងអំឡុងពេលបុណ្យប្រពៃណីដ៏ធំមួយនេះ ដើម្បីទទួលបានពរជ័យនិងហុងស៊ុយពេញមួយជីវិតពួកគេនាឆ្នាំថ្មី ៖
១. ទទួលទានអាហារពេលល្ងាចជាមួយគ្រួសារ
ដោយសារពិធីបុណ្យនេះចាប់ផ្ដើមនៅពាក់កណ្ដាលរដូវស្លឹកឈើជ្រុះ ដែលតំណាងឲ្យការជួបជុំក្រុមគ្រួសារនិងទទួលទានអាហារពេលល្ងាចជាមួយគ្នានៅពេលយប់។ មនុស្សដែលមិនមានពេលនៅជាមួយឪពុកម្ដាយ ពួកគេនឹងព្យាយាម វិលត្រឡប់ទៅផ្ទះ យ៉ាងហោចណាស់ទទួលទានអាហារពេលល្ងាចរួមគ្នា។
២. ទទួលទាននំសែនព្រះខែជុំគ្នា
នំសែនព្រះខែ គឺជានំប្រពៃណីចិនដែលបានធ្វើចេញពីម្សៅស្រូវសាលី ស្ករនិងនិងម្សៅគ្រាប់ឈូក។ នំនេះជានិមិត្តរូបនៃការជួបជុំគ្រួសារ នឹងត្រូវបានកាត់ជាចំណែកៗស្មើចំនួនមនុស្សនៅក្នុងគ្រួសារ។ នៅលើនំសែនព្រះខែ មានបោះជាតួអក្សរចិន ដែលមានន័យថា “ភាពយូរអង្វែង” និង “ភាពសុខសុខដុមរមនា”។ ការតុបតែងបន្ថែមទៀតដូចជា រូបព្រះចន្ទ រូបទេពធីតាឆាងអ៊ឺ និងរូបទន្សាយ (ទន្សាយក៏តំណាងឲ្យព្រះចន្ទដែរ)។
៣. ផ្ដល់តម្លៃដល់ព្រះចន្ទដែលជានិមិត្តរូបនៃការជួបជុំគ្រួសារ
តាមជំនឿចិន ព្រះចន្ទគឺជានិមិត្តរូបសម្រាប់ការជួបជុំគ្រួសារ។ អ្នកនិពន្ធកំណាព្យបុរាណល្បី ៗ ជាច្រើនបានសរសេរកំណាព្យអំពីព្រះចន្ទ និងបង្ហាញពីភាពកក់ក្ដៅរបស់ពួកគេ។ នៅពេលមនុស្សក្រឡេកមើលព្រះចន្ទ ក៏អាចជួយរំលឹកពួកគេពីគ្រួសារនិងស្រុកកំណើតបានដែរ។
៤. ថ្វាយបង្គំព្រះចន្ទតាមប្រពៃណី
បន្ទាប់ពីអាហារពេលល្ងាចរួចរាល់ គ្រួសារទាំងអស់នឹងដាក់តុនៅខាងក្រៅទ្វារមុខផ្ទះ ឬនៅទីធ្លាទូលាយណាមួយ។ បន្ទាប់មកពួកគេដាក់នំសែនលោកខែ ផ្លែឈើ ធូបនិងគោមនៅលើតុ ដោយបែរមុខទៅរកព្រះចន្ទ។ ផ្លែឈើសម្រាប់គោរពបូជាព្រះចន្ទរួមមានផ្លែឪឡឹក ក្រូចថ្លុង ផ្លែទទឹម ផ្លែទន្លាប់ ទំពាំងបាយជូរ ឬផ្លែឈើតាមរដូវផ្សេងទៀត។
៥. ធ្វើអំពូលគោមពណ៌ប្លែកៗបំភ្លឺ
ចង្កៀងគោមមានរាងខុសៗគ្នា ហើយក៏អាចស្រដៀងនឹងសត្វរុក្ខជាតិឬផ្កាដែលត្រូវបានគេព្យួរនៅលើដើមឈើ មុខផ្ទះឬអណ្ដែតលើទន្លេជាដើម។ ជនជាតិចិនតែងទម្លាប់ធ្វើចង្កៀងគោមប្លែកៗ ដើម្បីទុកបំភ្លឺដល់ព្រះចន្ទជានិច្ច។
៦. ផ្ដល់អំណោយដល់មិត្តភ័ក្ដិសាច់ញាតិនិងបុគ្គលិក
ក្នុងអំឡុងពេលនៃពិធីបុណ្យនេះ កូនខ្មែរកាត់ចិនមួយចំនួននឹងចំណាយពេលទៅលេងមិត្តភ័ក្ដិឬសាច់ញាតិដោយយកអំណោយទៅជាមួយ។ ជាធម្មតាពួកគេចាកចេញមុនពេលអាហារពេលល្ងាច ហើយនេះគឺជាពេលវេលាដ៏ល្អដើម្បីជិតស្និទ្ធជាមួយមិត្តភ័ក្ដិនិងសាច់ញាតិ។ ក្រុមហ៊ុនក៏ចូលចិត្តផ្ដល់អំណោយដល់បុគ្គលិកគ្រប់រូបដែរ។ អំណោយដែលពេញនិយមទូទៅ គឺនំសែនព្រះខែនិងផ្លែឈើ។
៧. ទូរស័ព្ទឬផ្ញើសារអបអរសាទរដល់អ្នកដែលនៅឆ្ងាយ
រឿងមួយទៀតដែលខ្សែស្រលាយកាត់ចិននិយមធ្វើគឺ ទូរស័ព្ទទៅសួរសុខទុក្ខឬក៏ផ្ញើសារអបអរសាទរដល់មិត្តភ័ក្ដិ សាច់ញាតិឬមនុស្សដែលនៅឆ្ងាយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រវត្តិនៃពិធីបុណ្យ «សែននំព្រះខែ» ក្នុងជំនឿជនជាតិចិន