Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុនព្រមានវៀតណាមពីផលប៉ះពាល់សេដ្ឋកិច្ច ជុំវិញគម្រោងហាមឃាត់ម៉ូតូប្រើសាំង​​

បានផុស

នៅ

រដ្ឋាភិបាលជប៉ុន និងក្រុមហ៊៊ុនផលិតយានយន្តជប៉ុនកំពូលៗមួយចំនួន បាន​ព្រមានវៀតណាម​ថា គម្រោងហាមឃាត់ម៉ូតូប្រើសាំងក្នុងរដ្ឋធានីហាណូយ អាច​បង្កការបាត់បង់ការងារ និងរំខានដល់ទីផ្សារម៉ូតូ​វៀតណាម ដែល​មាន​ក្រុមហ៊ុនជប៉ុន Honda កាន់កាប់ទីផ្សារ ៨០ ភាគរយ​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រកាលពីថ្ងៃអង្គារ ដែលស្រង់ព័ត៌មាន​ពីឯកសារពាក់ព័ន្ធ និងប្រភពជាច្រើននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាននេះ ធ្វើឡើងក្រោយ​នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញ ឈិញ កាលពីខែកក្កដា បាន​ចេញបញ្ជាមួយ ដែល​ហាមឃាត់ម៉ូតូប្រើសាំងមិនឱ្យចូលក្រុងហាណូយចាប់ពីពាក់កណ្ដាលឆ្នាំ ២០២៦ ដើម្បីជាផ្នែកមួយនៃកិច្ចប្រឹងប្រែងកាត់បន្ថយការបំពុលខ្យល់របស់រដ្ឋាភិបាល។ ការហាមឃាត់ទ្រង់ទ្រាយធំនឹង​ចាប់ផ្ដើមនៅឆ្នាំ ២០២៨ ហើយរំពឹងថា នឹង​ដាក់ចេញនៅតាមក្រុង ឬ​តំបន់​ផ្សេងៗទៀត​នៃប្រទេសវៀតណាម។ ​

ស្ថានទូតជប៉ុននៅទីក្រុងហាណូយ បានផ្ញើលិខិតមួយទៅរដ្ឋាភិបាល​វៀតណាមដោយនិយាយថា ការហាមឃាត់ភ្លាមៗអាច «ប៉ះពាល់ដល់ការងារនៅក្នុងឧស្សាហកម្មពាក់ព័ន្ធ» ដូចជាហាងលក់ម៉ូតូ និងអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់។ នេះបើយោងតាមសេចក្តី​សង្ខេប​លិខិតរបស់ស្ថានទូត ដែល​មិនបញ្ចេញខ្លឹមសារ​ទាំងស្រុង។ ​

ស្ថានទូតជប៉ុន ក៏បានជំរុញឱ្យអាជ្ញាធរវៀតណាមពិចារណា «ផែនទីបង្ហាញផ្លូវសមស្រប» សម្រាប់ការងាកទៅការប្រើប្រាស់ម៉ូតូអគ្គិសនី ដែលនឹងរួមបញ្ចូលរយៈពេលរៀបចំ និងការអនុវត្តជាដំណាក់កាលៗនៃបទប្បញ្ញត្តិហាមឃាត់។ ស្ថានទូតមិនបានបញ្ជក់ពីកាលបរិច្ឆេទផ្ញើលិខិតទេ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលជប៉ុនម្នាក់បានប្រាប់រ៉យទ័រ លិខិតនោះត្រូវបាន​ផ្ញើនៅខែកញ្ញា។

គួរគូសបញ្ជាក់ថា វៀតណាម​គឺជាទីផ្សារលក់ម៉ូតូដ៏ធំបំផុតមួយរបស់ពិភព​លោក ក្នុងតម្លៃទីផ្សារប្រមាណ ៤,៦ ប៊ីលាន​ដុល្លារអាមេរិក។ នេះបើតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Mordor Intelligence។ ចំនួនម៉ូតូចុះបញ្ជីត្រឹមឆ្នាំមុន បានកើនឡើងដល់ ៨០ ភាគរយ នៃប្រជាជនសរុបទាំង ១០០ លាន​នាក់​ ដែលនេះបង្ហាញថា វៀតណាមគឺជាប្រទេសដែលមាន​ប្រជាជនប្រើប្រាស់ម៉ូតូដ៏ច្រើនបំផុតមួយ​លើពិភព​លោក។

ក្រៅតែពីរដ្ឋាភិបាលជប៉ុន ក្រុមហ៊ុនផលិតម៉ូតូនៅវៀតណាម​ធំៗ ដែលនាំមុខដោយ Honda, Yamaha, និង Suzuki បាន​ផ្ញើលិខិតរៀងៗខ្លួនទៅកាន់រដ្ឋាភិបាល​វៀតណាមនៅខែកក្កដា ដោយ​ព្រមានថា ការហាមឃាត់ម៉ូតូចាក់សាំង នឹងរំខានដល់ផលិតកម្ម​ ហើយបង្កហានិភ័យខ្ស័យធនសម្រាប់ក្រុមហ៊ុនពាក់ព័ន្ធក្នុងឧស្សាហកម្ម។

បណ្ដាក្រុមហ៊ុនដដែល​បាន​និយាយថា ផលប៉ះពាល់នឹង​រាលដាលដល់កម្មកររាប់សែននាក់ ក៏ដូចជាឈ្មួញ និង​ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់​រាប់ពាន់។ ពួកគេបានជំរុញឱ្យមាន​ការអនុវត្តជាដំណាក់កាលៗ ដើម្បីកែសម្រួលខ្សែផលិតកម្មទៅម៉ូតូអគ្គិសនី។

មកទល់ពេលនេះ មន្ត្រី​វៀតណាម​មិន​​ទាន់​ចាត់​វិធានការ​តាម​ការ​ស្នើ​សុំ​ពី​​​ជប៉ុន ​និង​​បណ្ដាក្រុមហ៊ុន​​ផលិត​ទេ​ ខណៈកន្លងមក រដ្ឋាភិបាលវៀតណាម​បាន​និយាយថា ការហាមឃាត់ម៉ូតូស៊ីសាំង​គឺចាំបាច់ដើម្បីកាត់បន្ថយការបំពុលបរិយាកាសនៅទីក្រុងហាណូយ។

ក្រៅពីនោះ ទីក្រុងហូជីមិញឯណោះវិញ ក៏មានគម្រោងកំណត់យានយន្តដែលប្រើសាំងផងដែរ។ កាលពីខែសីហា លោកនាយករដ្ឋមន្ត្រី ឈិញ បានប្រាប់បណ្ដា​នាយកប្រតិបត្តិក្រុមហ៊ុន​ជប៉ុនថា ការកាត់បន្ថយការបំភាយឧស្ម័នគឺជាបញ្ហាសកល ហើយទាមទារឱ្យមានវិធីសាស្រ្ត​ដែល​មាន​ការរៀបចំយ៉ាងល្អ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម