Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិបន្ត​ស្ទុះឡើង ខណៈការចរចាអាមេរិក-អ៊ីរ៉ង់ជាប់គាំង

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បន្តស្ទុះឡើងជាង ២% សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទ (២៧ មេសា) នេះ ចំពេលដែលការចរចាស្វែងរកសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ​ត្រូវជាប់គាំង ហើយ​ច្រកសមុទ្រហ័រមូហ្សនៅតែបិទខ្ទប់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមម៉ោងជិត ៨ ព្រឹក នៅទីក្រុងហុងកុង តម្លៃប្រេងឆៅ​ ម៉ាក Brent បានកើនឡើង ២,១៦ ដុល្លារ ឬ ២,០៥% ដល់ ១០៧,៤៩ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតរាប់តាំងពីថ្ងៃទី ៧ មេសា ខណៈប្រេងអាមេរិក WTI វិញ បាន​កើនឡើង ១,៧៧ ដុល្លារ ឬ ១,៨៨% ដល់ ៩៦,១៧ ដុល្លារ/បារ៉ែល។ ​

កាលពីសប្ដាហ៍មុន តម្លៃប្រេង Brent បាន​កើនឡើង ១៧% ខណៈ WTI បាន​កើនឡើង ១៣% ដែលជាកំណើនប្រចាំសប្ដាហ៍ដ៏ខ្ពស់បំផុត រាប់តាំងពីជម្លោះអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ផ្ទុះឡើង។ ​

គេមើលឃើញថា កិច្ចប្រឹងប្រែងរកសន្តិភាព បាន​ជាប់គាំងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​លុបចោលដំណើរទស្សនកិច្ចរបស់ប្រេសិតអាមេរិក​ទៅកាន់ប្រទេសប៉ាគីស្ថាន ​ភាពតានតឹងកើនឡើង ទោះបីជាមាន​ចលនាការទូតក៏ដោយ។ អ្នកវិភាគនិយាយថា អ៊ីរ៉ង់ឥឡូវនេះ មាន​សម្ពាធកាន់តែធំ ​ដោយប្រទេសអាចនឹងត្រូវ​ផ្អាកផលិតកម្ម​ប្រេង​ដោយសារតែគ្មានកន្លែងស្ដុក។

ភាពតានតឹងនៅតែបន្តរំខានដល់ការផ្គត់ផ្គង់ប្រេងចេញពីមជ្ឈិមបូព៌ា ដោយសារការបិទច្រកហ័រមូហ្សទាំងពីអ៊ីរ៉ង់ និងការបិទចរាចណ៍ទៅមកនៅកំពង់ផែអ៊ីរ៉ង់របស់អាមេរិក ដែលធ្វើឱ្យលំហូរប្រេងកាត់តាមហូរមូហ្ស ​ត្រូវបាន​កាត់ផ្ដាច់ទាំងពីអ៊ីរ៉ង់ និងបណ្ដាប្រទេសឈូងសមុទ្រពែរ្សផ្សេងទៀត។ ​

​កាលពីថ្ងៃអាទិត្យ​ ធនាគារ ​Goldman Sachs កាលពីពេលថ្មីៗ បាន​​បង្កើនការព្យាករ​តម្លៃប្រេង​នៅ​ត្រីមាសទី៤ ដល់ ៩០ ដុល្លារ/បារ៉ែល សម្រាប់ប្រេង​ម៉ាក​ Brent និង ៨៣ ដុល្លារ/បារ៉ែលសម្រាប់ប្រេង​ WTI ដោយលើកឡើង​ការធ្លាក់ចុះពីផលិតកម្មនៅ​មជ្ឈិមបូព៌ា ដោយព្រមានថា វិបត្តិផ្គត់ផ្គង់ តម្លៃប្រេងឥន្ធនៈខ្ពស់ និងកង្វះខាតដែលអាចកើតមាន អាចបង្កើតហានិភ័យសេដ្ឋកិច្ចកាន់តែទូលំទូលាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម