Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុនពង្រឹងទំនាក់ទំនងជាមួយវៀតណាមដោយ​ផ្ដោតលើថាមពល ចំពេលមាន​វិបត្តិ​ប្រេង

បានផុស

នៅ

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ​បាន​ថ្លែងថា ជប៉ុននឹងជំរុញទំនាក់ទំនងជាមួយ​វៀតណាម ដោយផ្តោតលើថាមពល និងរ៉ែសំខាន់ៗ ចំពេលដែលតំបន់អាស៊ីអាគ្នេយ៍រួមទាំងវៀតណាម​ប្រឈមនឹង​វិបត្តិថាមពលដោយសារតែជម្លោះមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន​ Al Jazeera ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបាន​ប្ដេជ្ញាបែបនេះ ក្នុងជំនួបជាមួយសមភាគីវៀតណាម លោក ​Le Minh Hung កាលពីថ្ងៃសៅរ៍ នៅទីក្រុងហាណូយ ​ដែលមន្រ្តីកំពូលៗទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៦ លើ​វិស័យ​ជាច្រើន រាប់ចាប់តាំងពីហេដ្ឋារចនាសម្ព័ន្ធ រហូតដល់កសិកម្ម ​និង​កិច្ចសហប្រតិបត្តិការអវកាស។

លោកស្រី Takaichi បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ យ៉ាងដូច្នេះថា៖ «ភាគីទាំង២ បានកំណត់សន្តិសុខសេដ្ឋកិច្ចជាវិស័យអាទិភាពថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី»​។ លោកស្រីបន្តថា៖ «ទាក់ទងនឹងរ៉ែសំខាន់ៗ​ ភាគីទាំង ២ បានព្រមព្រៀងគ្នាពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវការផ្គត់ផ្គង់ដែលមានស្ថេរភាព និងពង្រឹងខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់»​។

ដោយឡែក លោក Hung ​ឯណោះវិញ បាន​គូសបញ្ជាក់ថា ​ជប៉ុន និងវៀតណាម​ បាន​បញ្ជាក់ឡើងវិញអំពីសារៈសំខាន់នៃការដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង «តាមរយៈមធ្យោបាយសន្តិភាពដោយផ្អែកលើច្បាប់អន្តរជាតិ»។

គេមើលឃើញថា​ ជប៉ុន និងវៀតណាម​មានកង្វល់ដូចគ្នាចំពោះ​ការទាមទារទឹកដីរបស់ចិននៅសមុទ្រខាងកើត និងសមុទ្រចិនខាងត្បូង ហើយភាគីទាំង ២ បាន​ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ ដើម្បីទប់ទល់នឹង​ការរំខានពាណិជ្ជកម្ម ដែលជំរុញដោយពន្ធរបស់អាមេរិក។

លើសពីនេះ ការពង្រីកទំនាក់ទំនងលើវិស័យថាមពលបច្ចុប្បន្ន ប្រកាសឡើងចំពេលដែលវៀតណាម​ បាន​ និងកំពុង​ស្នើសុំជំនួយ​ពី​ជប៉ុន និងប្រទេសដទៃទៀត ​លើ​ការផ្គត់ផ្គង់ប្រេង ស្របពេលដែល​ជម្លោះនៅមជ្ឈិមបូព៌ាជំរុញឱ្យតម្លៃប្រេងឡើងថ្លៃ និងរំខានដល់ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់សកល ជាពិសេសអាស៊ីអាគ្នេយ៍​។

ជុំវិញបញ្ហានេះផងដែរ លោក​នាយករដ្ឋមន្រ្តី Hung ​បាន​ឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ក្រោមគំនិតផ្តួចផ្តើម «Power Asia» ​តម្លៃ ១០ ​ប៊ីលានដុល្លារដើម្បីជំរុញវិស័យថាមពលសម្រាប់បណ្ដាប្រទេសនៅអាស៊ី ​ជប៉ុននឹងជួយ​រៀបចំការផ្គត់ផ្គង់ប្រេងឆៅសម្រាប់រោងចក្រចម្រាញ់ប្រេង និងរោងចក្រគីមីឥន្ធនៈ Nghi Son របស់ប្រទេសវៀតណាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម