Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងហក់ឡើង​ក្បែរ ១១០ ដុល្លារ/បារ៉ែល ក្រោយ​ ត្រាំ និង ស៊ី ថាអ៊ីរ៉ង់មិនអាចមាន​អាវុធ​នុយក្លេអ៊ែរ

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​ហក់ឡើងជាង ៣% សម្រាប់ការជួញដូរនារសៀលថ្ងៃសុក្រនេះ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បាន​បង្ហាញថា លោក និងមេដឹកនាំចិន ស៊ី ជីនពីង បាន​យល់ស្របគ្នាថា អ៊ីរ៉ង់មិនគួរមាន​អាវុធនុយក្លេអ៊ែរ ចំពេលដែលជម្លោះនៅមជ្ឈិមបូព៌ានៅតែបន្តតានតឹង។ នេះ​បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ​ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅ​ ម៉ាក Brent បាន​កើនឡើង ៣,៣៥ ដុល្លារ​ ឬ ៣,១៧% ដល់ ១០៩,១​ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៤ កន្លះ នៅកម្ពុជា ខណៈតម្លៃប្រេងអាមេរិក WTI បាន​កើនឡើង ៣,៥២ ឬ ៣,៤៨% ដល់ ១០៤,៧ ដុល្លារ/បារ៉ែល។

ក្នុងសប្ដាហ៍នេះ តម្លៃប្រេង ម៉ាក Brent បាន​កើនឡើង ៦% រួចហើយ ហើយ WTI បាន​ស្ទុះឡើង ៧% ជុំវិញភាពស្រពេចស្រពិលនៃដំណោះស្រាយសន្តិភាពក្នុងជម្លោះអាមេរិក-អ៊ីរ៉ង់។

អំឡុងទស្សនកិច្ចទៅចិននៅ​ថ្ងៃសុក្រនេះ លោក ត្រាំ និយាយថា លោកអស់ការអត់ធ្មត់ជាមួយអ៊ីរ៉ង់ហើយ ខណៈលោក និងលោក ស៊ី បាន​ព្រមព្រៀងគ្នាថា អ៊ីរ៉ង់មិនត្រូវមាន​អាវុធនុយក្លេអ៊ែរនោះទេ ហើយត្រូវតែបើកច្រកសមុទ្រហ័រមូហ្សឡើងវិញ។ លោក ស៊ី ឯណោះវិញ មិនបាន​និយាយពីបញ្ហាអ៊ីរ៉ង់ ដែលលោកបាន​ពិភាក្សាជាមួយ ត្រាំ នោះទេ ខណៈក្រសួងការបរទេសចិនបានចេញសេចក្ដីថ្លែងការណ៍ថា ជម្លោះជាមួយអ៊ីរ៉ង់មិនគួរកើតមាន​ឡើយ ហើយត្រូវតែបញ្ចប់។ ​

អ្នកវិភាគយល់ឃើញថា ជំនួបរវាងលោក ត្រាំ និង ស៊ី មិនបាន​បង្កើតជាផ្លែផ្កាកំភួនជុំវិញបញ្ហាអ៊ីរ៉ង់នោះទេ ជាហេតុធ្វើឱ្យភាពស្រពេចស្រពិលនៃជម្លោះនៅតែបន្ត ហើយធ្វើឱ្យតម្លៃប្រេងហក់ឡើង។

ឥឡូវនេះ ភាពតានតឹងជុំវិញច្រកសមុទ្រហ័រមូហ្សកំពុងកើនឡើងជាថ្មី ក្រោយ​ពីអ៊ីរ៉ង់រឹងអូសកប៉ាល់មួយគ្រឿងក្បែរអារ៉ាប់រួម ខណៈកប៉ាល់ឥណ្ឌាមួយគ្រឿងបាន​លិចក្បែរប្រទេសអូម៉ង់ ដោយមិនទាន់មាន​ការបញ្ជាក់ថាភាគីណាមួយវាយប្រហារនោះទេ។

កំណើនតម្លៃប្រេងបច្ចុប្បន្ន កើតឡើងទោះបីជាអ៊ីរ៉ង់បាន​និយាយថា កប៉ាល់ ៣០ គ្រឿង ត្រូវបាន​អនុញ្ញាត​ឱ្យឆ្លងកាត់ច្រកហ័រមូហ្សតាំងពីថ្ងៃពុធមក។ ចំនួននេះទាបជាងឆ្ងាយ ធៀបនឹង​ ១៤០ គ្រឿង/ថ្ងៃ មុនជម្លោះផ្ទុះឡើង ប៉ុន្តែបង្ហាញពីភាពប្រសើរឡើងនៃការជាប់គាំងនាវាចរណ៍តាមច្រកដ៏សំខាន់ដដែល។ អ្នកវិភាគនៅតែមើលឃើញថា តម្លៃប្រេងនឹង​បន្តខ្ពស់ ដោយសារតែការផ្គត់ផ្គង់នៅ​តែ​រងសម្ពាធ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម