លោក អូន ព័ន្ធមុនីរ័ត្ន ជំរុញភាគីពាក់ព័ន្ធដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន
Connect with us
Helistar Cambodia - Helicopter Charter Services

សេដ្ឋកិច្ច

លោក អូន ព័ន្ធមុនីរ័ត្ន ជំរុញភាគីពាក់ព័ន្ធដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន

បានផុស

នៅ

ភ្នំពេញ៖ លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច “ក្រុម ឃ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនបានស្នើ និងជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ នៃផ្នែករាជរដ្ឋាភិបាល អនុគណៈកម្មការគ្រប់គ្រងច្រកចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក បន្តខិតខំ សហការឱ្យកាន់តែជិតស្និទ្ធជាមួយផ្នែកឯកជនបន្ថែមទៀត និងយកចិត្តទុកដាក់ តាមដានរាល់បញ្ហារបស់ផ្នែក ឯកជនឱ្យជាប់ជាប្រចាំ និងដោះស្រាយទៅតាមករណីជាក់ស្តែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ ជំរុញដោះស្រាយពិសេសពាក់ព័ន្ធរយៈពេលនៃការធ្វើចត្តាឡីស័ក ការកំណត់សណ្ឋាគារសម្រាប់ស្នាក់នៅកំឡុងពេលធ្វើចត្តាឡីស័កជាដើម ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគិន។

ការជំរុញនេះបានធ្វើឡើងនៅវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននៃកិច្ចប្រជុំក្រុមការងារ “ក្រុម ឃ” ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដើម្បីបន្តពិនិត្យដោះស្រាយបញ្ហារបស់វិស័យឯកជន ដែលកំពុងប្រឈមក្នុងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺវីរុសកូវីដ-១៩ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូដោយមានការចូលរួមពីលោក អានូដ ដាក (Arnaud Darc) សហប្រធាន “ក្រុម ឃ” (ខាងផ្នែកឯកជន) ដឹកនាំកិច្ចប្រជុំ “ក្រុម ឃ”។

លោក អគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្តទៀតថា ការដោះស្រាយនៅតែអាចរក្សាបានការទប់ស្កាត់ការនាំជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងរក្សាបាននូវសកម្មភាពធុរកិច្ច ជាមួយនឹងការរក្សាបាននូវឧត្តមប្រយោជន៍ សុវត្ថិភាព សុខភាពរបស់ប្រជាពលរដ្ឋក្នុងកាលៈទេសៈដ៏លំបាកនៃការរីករាតត្បាតនៃជំងឺកូវីដ-១៩ ព្រោះថា កិច្ចការទាំងនេះ គឺជាអាទិភាព រួមចំណែកធានាបានបរិយាកាសល្អប្រសើរសម្រាប់វិស័យឯកជន សម្រាប់ការស្តារសេដ្ឋកិច្ចជាតិឡើងវិញក្រោយ វិបត្តិកូវីដ-១៩។

លោក អគ្គបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្មកម្ពុជា ក្នុងតួនាទីជាអ្នកសម្របសម្រួលការងារខាងផ្នែកឯកជន ពិសេស “ក្រុម ឃ” នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន និងបានលើកទឹកចិត្តដល់សភាពាណិជ្ជកម្មកម្ពុជាឱ្យបន្តនូវតួនាទីជាអ្នកសម្របសម្រួលក្រុមការងារខាងផ្នែកវិស័យឯកជន សំដៅធ្វើឱ្យវិស័យឯកជនកាន់តែមានជវភាព(ភាពនៃសន្ទុះ) ភាពជាម្ចាស់ និងជាដៃគូរឹងមាំរបស់រាជរដ្ឋាភិបាល រួមចំណែកស្តារសេដ្ឋកិច្ចជាតិឡើងវិញក្រោយវិបត្តិកូវីដ-១៩ ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចជាតិកម្ពុជា។

គួរបញ្ជាក់ថាកង្វល់អាទិភាពរបស់វិស័យឯកជនដែលកំពុងប្រឈមក្នុងពេលបច្ចុប្បន្ននេះ ការតម្រូវឱ្យធ្វើ​ចត្តាឡីស័កសម្រាប់និវាសនជន ម្ចាស់អាជីវកម្ម និយោជិក និងវិនិយោគិន ដែលធ្វើដំណើរចូលមកកម្ពុជា ក្នុងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរបង្កដោយវីរុសកូវីដ-១៩។ កង្វល់នេះ ត្រូវបាន ពិភាក្សារកដំណោះស្រាយម្តងរួចហើយ នៅក្នុងកិច្ចប្រជុំរវាងវិស័យឯកជន និងអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services