លោកឧកញ៉ា លឹម ប៊ុនសួរ ប្រធានក្រុមហ៊ុន AZ Group បានថ្លែងថា ដើម្បីប្រែក្លាយវិស័យផលិតកម្មរបស់កម្ពុជាឲ្យក្លាយជាដៃគូប្រកួតប្រជែងជាលក្ខណៈអន្តរជាតិជាមួយនឹងបច្ចេកវិទ្យាទំនើប ក្រុមហ៊ុន AZ Group និងក្រុមហ៊ុនថៃ TKK Corporation បានសម្រេចចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា MOU ដើម្បីត្រៀមខ្លួនក្នុងការរួមគ្នាផ្លាស់ប្ដូរមុខមាត់លើវិស័យឧស្សាហកម្ម និងសេវាកម្ម ជាមួយនឹងបច្ចេកវិទ្យា Total Industrial Technology ដែលអាចប្រើប្រាស់គ្រប់ប្រភេទនៃវិស័យទាំងនេះ នៅក្នុងប្រទេសកម្ពុជា។
Mr. NIWAT KONGSOMJIT CTO និងជាសហស្ថាបនិកសាជីរកម្ម TKK បានលើកឡើងថា ជាមួយជំនាញក្នុងការក្លាយជាអ្នកផ្គត់ផ្គងឈានមុខគេនៃប្រព័ន្ធត្រួតពិនិត្យផលិតកម្មដោយស្វ័យប្រវត្តិនៅក្នុងរោងចក្រ និងវិស័យសេវាកម្ម ព្រមទាំងបទពិសោធក្នុងវិស័យឧស្សាហកម្មជាច្រើនឆ្នាំ ហើយគួបផ្សំនឹងភាពរឹងមាំរបស់ដៃគូធុរកិច្ច AZ Group នៅកម្ពុជា។ លោក បានបន្ថែមថា ជាមួយនឹងការត្រៀមខ្លួនរបស់ក្រុមហ៊ុន និងដៃគូអាជីវកម្ម បានកំណត់គោលដៅរួមក្នុងការលើកកម្ពស់វិស័យឧស្សាហកម្ម និងសេវាកម្មនៅកម្ពុជាឡើងមួយកម្រិតទៀត តារយៈការនាំយកបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីបង្កើនសមត្ថភាព រួមទាំងការស្វែងយល់ពីបញ្ហា និងតម្រូវការយ៉ាងពិតប្រាកដ។
គួរជម្រាបថា AZ Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1993 ដំបូងឡើយត្រូវបានចាប់ផ្តើមជាបរិយាកាសអាជីវកម្មដែលដំណើរការដោយគ្រួសារ ដែលក្រុមហ៊ុនត្រូវបានផ្តោតលើការជួញដូរជាចម្បង ដែលសកម្មភាពអាជីវកម្មទាក់ទងនឹងការធ្វើពាណិជ្ជកម្ម។ ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន គឺក្រុមហ៊ុន AZ Group បានផ្លាស់ប្ដូរជាបណ្តើរៗនិងជាយុទ្ធសាស្ត្រទៅជាដំណើរការអភិវឌ្ឍអាជីវកម្ម ដែលផ្ដោតលើពាណិជ្ជកម្ម និងបច្ចេកវិទ្យាបន្ថែមទៀត។ ក្រុមហ៊ុន បានបណ្ដាក់ទុន ឬរួមបញ្ចូលគ្នាជាមួយអាជីវកម្មផ្សេងៗដែលកំពុងប្រតិបត្តិការឧស្សាហកម្មជាច្រើន ដូចជា៖ ការវិនិយោគ ការកាន់កាប់ភាគហ៊ុន ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ គម្រោង smart City កំពង់ផែដឹកជញ្ជូន វិស័យសំណង់ គ្រឿងម៉ាស៊ីនការជួញដូរ ថាមពលស្អាត យានយន្តដើរដោយអគ្គិសនី រថយន្តទំនើប អាកាសរណ៍ សហគ្រាស ធនាគារ ធានារ៉ាប់រងទូរគមនាគមន៍ និងថែទាំសុខភាព ជាដើម។