សេដ្ឋកិច្ច
អ្នកជំនាញព្រមាន គោលនយោបាយពន្ធរបស់ បក្សចលនាឆ្ពោះទៅមុខ អាចធ្វើឲ្យប៉ះពាល់ហិរញ្ញវត្ថុ ថៃ
លោក Pichai Naripthaphan អតីតរដ្ឋមន្ត្រីក្រសួងថាមពលថៃបាននិយាយកាលពីពេលថ្មីៗនេះថា គោលនយោបាយពន្ធរបស់គណបក្សចលនាឆ្ពោះទៅមុខដែលទើបជាប់ឆ្នោតថ្មី អាចប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេសថៃ ។

លោកបានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីលោកស្រី Sirikanya Tansakun អនុប្រធានបក្សចលនាឆ្ពោះទៅមុខ និងជាប្រធានក្រុមសេដ្ឋកិច្ច បានបង្ហាញអំពីគោលនយោបាយបក្សស្តីពីពន្ធលើទ្រព្យសម្បត្តិ ពន្ធលើមូលធន និងការដំឡើងពន្ធសាជីវកម្ម ។
លោក Pichai ដែលបច្ចុប្បន្នជាអនុប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រ និងនយោបាយរបស់គណបក្សភឿថៃ យល់ឃើញថា វាជាគំនិតល្អក្នុងការប្រមូលពន្ធបន្ថែម ដោយសារការយកពន្ធរបស់ប្រទេសថៃមានកម្រិតទាប បើធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) ។ ប៉ុន្តែទោះយ៉ាងណា ដោយសារលក្ខខណ្ឌបច្ចុប្បន្ននៅក្នុងប្រទេស គណបក្សចលនាឆ្ពោះទៅមុខ ត្រូវតែពិនិត្យមើលពេលវេលាសមស្របសម្រាប់ការបង្កើនពន្ធ ។

ចំណែកស្តីពីពន្ធចំណេញមូលធនវិញ លោកបានព្រមានថា គោលនយោបាយបែបនេះកំពុងបង្កភាពមិនច្បាស់លាស់ក្នុងចំណោមអ្នកវិនិយោគរួចហើយ ដោយសារទីផ្សារមូលធនថៃមិនទាន់មានការអភិវឌ្ឍន៍គ្រប់គ្រាន់ ពោលការបង្កើនពន្ធនេះ ភាគច្រើនត្រូវបានអនុវត្តនៅក្នុងប្រទេសអភិវឌ្ឍន៍ ។
ដោយឡែក សម្រាប់ការដំឡើងពន្ធសាជីវកម្មដល់ ២៣ ភាគរយ, លោក Pichai លើកឡើងថា កាលរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា គឺបានកាត់បន្ថយពន្ធសាជីវកម្មពី ៣០ ភាគរយមក ២៣ ភាគរយ និង ២០ ភាគរយដើម្បីទាក់ទាញការវិនិយោគបរទេស ។ ក្រៅពីទាក់ទាញអ្នកវិនិយោគហើយ ការកាត់បន្ថយពន្ធសាជីវកម្មក៏ជួយឲ្យរដ្ឋាភិបាលប្រមូលពន្ធបានកាន់តែច្រើនផងដែរ ។
ប្រសិនសេដ្ឋកិច្ចមានភាពល្អប្រសើរ ហើយអ្នកវិនិយោគកាន់តែច្រើនចូលមកក្នុងប្រទេសថៃ នោះរដ្ឋាភិបាលនឹងអាចរកចំណូលពន្ធបានកាន់តែច្រើន ហើយបើតាមសម្តីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា “តិចគឺច្រើន” ជាយុទ្ធសាស្ត្រល្អបំផុត ។

ចំណែកឯពន្ធលើទ្រព្យសម្បត្តិ ០.៥ ភាគរយ លើអ្នកដែលមានទ្រព្យសម្បត្តិលើសពី ៣០០ លានបាត លោកបាននិយាយថា នេះអាចបណ្តាលឲ្យមានការដកថយពីការរៃអង្គាសប្រាក់នៅក្នុងទីផ្សារមូលធន ។ លោកបន្តថា ការប្រមូលពន្ធពីអ្នកមានដើម្បីកាត់បន្ថយភាពមិនស្មើគ្នា គឺត្រឹមត្រូវ ប៉ុន្តែគួរធ្វើវាដោយប្រុងប្រយ័ត្ន។
លោកបានបន្ថែមថា អ្នកដែលមានទ្រព្យសម្បត្តិលើសពី ៥០០ លានបាត គួរតែត្រូវបង់ពន្ធលើទ្រព្យសម្បត្តិ ជំនួសឲ្យអ្នកដែលមានទ្រព្យសម្បត្តិលើសពី ៣០០ លានបាត ។ លើសពីនេះ លោកសម្ដែងការព្រួយបារម្ភថា អ្នកដែលទទួលបានដីជាមរតកនឹងត្រូវជាប់ពន្ធទ្រព្យសម្បត្តិ ហើយត្រូវលក់ដីបង់ពន្ធបន្ថែម ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Nation Thailand
ចុចអាន ៖ លោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីពេលវេលាវិលត្រឡប់ចូលស្រុកវិញ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


