ព័ត៌មានជាតិ
សម្តេច ហ៊ុន ម៉ាណែត៖ កំពង់ផែដើរ ជាដង្ហើមពាណិជ្ជកម្មបង្កើតការងារជំរុញកំណើនសេដ្ឋកិច្ចជាតិ
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កំពង់ផែមានដំណើរការ គឺជាផ្នែកមួយជួយភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មក្នុង និងក្រៅប្រទេស ធ្វើឱ្យកើតមានសកម្មភាពដឹកជញ្ជូនរស់រវើក ជាពិសេសសកម្មភាពសេដ្ឋកិច្ចនៅតាមខេត្តផ្សេងៗរីកចម្រើន និងបង្កើតប្រាក់ចំណូលសម្រាប់ពលរដ្ឋផងដែរ។ សម្តេចនាយករដ្ឋមន្រ្តីលើកឡើងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ នៅខេត្តព្រះសីហនុ ព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៣។

សម្តេចបានបន្តដូច្នេះថា« នៅពេលផែមួយដើរ តម្លៃការដឹកជញ្ជូនកាន់តែថោក វិនិយោគិននឹងចូលមកវិនិយោគក្នុងវិស័យកសិកម្ម ឧស្សាហកម្មកាន់តែច្រើន ព្រោះតម្លៃដឹកជញ្ជូនធូរថ្លៃ យើងភ្ជាប់ការដឹកជញ្ជូនតាមទន្លេ និងសមុទ្រ កាន់តែមានប្រសិទ្ធភាព»។
សម្តេច បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល បានធ្វើព្រែកជីកភ្ជាប់ទន្លេ-សមុទ្រ និងការអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុ គឺដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន និងបង្កើនប្រាក់ចំណូលដល់ពលរដ្ឋឱ្យមានជីវភាពធូរធា។
ជាក់ស្តែងនៅថ្ងៃទី ២២ ធ្នូនេះ រាជរដ្ឋាភិបាល បានបើកការដ្ឋានសាងសង់ចំណតផែទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុងព្រះសីហនុ មានតម្លៃ ២៤៣លានដុល្លារអាមេរិក ដែលមានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹកសាងសង់ ១៤,៥ម៉ែត្រ ដោយអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង ៤ពាន់ TEUs ដែលមានផ្លូវដឹកជញ្ចូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបង្កើនសមត្ថភាពកំពង់ផែសរុបកើនដល់ប្រមាណ ១,២៥លាន TEUs ក្នុងមួយឆ្នាំ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣ បរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនជាង ៧លានតោន កើនឡើង ១១,៣៤ភាគរយ និងចំណូលអាជីវកម្មសរុបមានចំនួនជាង ៨៥លានដុល្លារអាមេរិក កើនឡើង ២,៧១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។
បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបជាង ៧៥ម៉ឺនTEUs ដោយមានកំណើនជាមធ្យម ១០,៨៣ភាគរយក្នុងរយៈពេល ១២ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២២៕

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


