Connect with us

ព័ត៌មានជាតិ

ជប៉ុននឹងជួយសាងសង់រ៉ាដាគ្រប់គ្រងនាវានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

បានផុស

នៅ

ជប៉ុននឹងជួយសាងសង់រ៉ាដា ដើម្បីគ្រប់គ្រងកប៉ាល់ដែលធ្វើនាវាចរណ៍តាមផ្លូវសមុទ្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាការបន្តជួយធ្វើទំនើបកម្មសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្តទៀត រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី២៣ ខែមីនា អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក លូ គឹមឈន់ បានឱ្យដឹងថា គម្រោងសាងសង់រ៉ាដា ដើម្បីគ្រប់គ្រងកប៉ាល់នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលភាគីជប៉ុនជួយនេះ គ្រោងនឹងបើកការដ្ឋានសាងសង់នៅដើមខែឧសភា ហើយអាចសាងសង់រួចរាល់នៅខែកញ្ញា។

លោក លូ គឹមឈន់ បានគូសបញ្ជាក់ដូច្នេះ៖ «ជប៉ុនជួយធ្វើជាអង់តែនរ៉ាដា ដើម្បីគ្រប់គ្រងកប៉ាល់ដើរក្នុងសមុទ្រទាំងអស់ហ្នឹងមកកាន់ផែយើង។ នៅខែកញ្ញា គម្រោងសាងសង់អង់តែនរ៉ាដានេះ ត្រូវសាងសង់រួចរាល់ហើយ»។

លោក លូ គឹមឈន់ អះអាងថា កំពង់ផែជាបំពង់កដ៏សំខាន់នៃសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះការធ្វើឱ្យទំនើបកម្មកំពង់ផែគឺជារឿងដ៏សំខាន់ ហើយនាំឱ្យសេដ្ឋកិច្ចរីកចម្រើន ហើយបើគ្មានកំពង់ផែទេនោះកម្ពុជានឹងជួបការលំបាកមួយចំនួន។

ប្រតិភូរាជរដ្ឋាភិបាលរូបនេះ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានបន្តជួយធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ៣០ឆ្នាំមក ទាំងការជួយចាប់តាំងពីហេដ្ឋារចនាសម្ព័ន្ធ និងគ្រប់គ្រង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។

បើតាមលោក លូ គឹមឈន់ ក្នុងឆ្នាំ២០២៥កន្លងទៅ កំពង់ផែអន្តរជាតិមួយនេះទទួលកុងតឺន័រឆ្លងកាត់ជាង១លាន៣៤ម៉ឺនទូកុងតឺន័រ កើននជាង១២ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ សម្រាប់រយៈពេល៣ខែដំបូងក្នុងឆ្នាំ២០២៦ គឺការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាបានកើនឡើង៣៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕

អត្ថបទ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម