Connect with us

សេដ្ឋកិច្ច

ធនាគារពិភពលោក ព្យាករណ៍ថា កម្ពុជា ជាប្រទេសមានកំណើនសេដ្ឋកិច្ច​លឿនជាងគេនៅ អាស៊ាន ក្នុងឆ្នាំនេះ

បានផុស

នៅ

ធនាគារពិភពលោកបានចេញការព្យាករណ៍កាលពីពេលថ្មីៗនេះថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងហ្វីលីពីននឹងហក់ឡើងដល់ ៥.៨ ភាគរយដូចគ្នានៅក្នុងឆ្នាំ ២០២៤ នេះ ដោយទាញដៃឲ្យប្រទេសទាំងពីរក្លាយជាប្រទេសមានការអភិវឌ្ឍន៍លឿនបំផុតប្រចាំតំបន់អាស៊ាន ។ នេះបើយោងតាមការចេញផ្សាយដោយភ្នាក់ងារព័ត៌មានចិន Xinhua កាលពីថ្ងៃទី១ ខែមេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺជាការធ្វើបច្ចុប្បភាពចុងក្រោយបង្អស់របស់ធនាគារពិភពលោកចំពោះសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ស្របពេលដែលកាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅ ធនាគារពិភពលោកបានព្យាករណ៍ថា កម្ពុជាមានកំណើនសេដ្ឋកិច្ចត្រឹម ៥.៥ ភាគរយប៉ុណ្ណោះ ខណៈហ្វីលីវិញវិញប្រមាណ ៥.៦ ភាគរយ ។

ចំណែកកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសអាស៊ានផ្សេងទៀតដូចជា វៀតណាម, ធនាគារពិភពលោកក៏បានបង្កើនការព្យាករណ៍ទៅដល់ប្រទេសជាប់ភូមិផងរបងជាមួយកម្ពុជាមួយនេះផងដែរ កើនពី ៤.៧ ភាគរយទៅ ៥.៥ ភាគរយ ដោយរុញឲ្យវៀតណាមប្រែមុខមាត់ជាខ្លាសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតលំដាប់ទី៣ ក្នុងចំណោមប្រជាជាតិកំពុងអភិវឌ្ឍន៍ទាំង ៨ របស់អាស៊ាន ។

ដោយឡែក ប្រទេសម៉ាឡេស៊ីត្រូវបានធនាគារពិភពលោកព្យាករណ៍ថា នឹងមានកំណើនសេដ្ឋកិច្ចពី ៣.៩ ភាគរយទៅ ៤.៣ ភាគរយ ស្របដែលប្រទេសឡាវវិញហក់ឡើងពី ៣.៧ ភាគរយទៅ ៤.០ ភាគរយ ខណៈប្រទេសក្បែរខាងកម្ពុជាមួយទៀតគឺ ថៃត្រូវបានបន្ថយការព្យាករណ៍ពី ៣.៤ ភាគរយមក ២.៨ ភាគរយ ឯមីយ៉ាន់ម៉ាក៏ដូចគ្នាពី ៣.០ ភាគរយមក ១.៣ ភាគរយ ។

ទន្ទឹមនោះ មហាអំណាចសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីគឺប្រទេសចិនក៏ត្រូវបានធនាគារពិភពលោកកែប្រែការព្យាករណ៍សេដ្ឋកិច្ចផងដែរ ពោលទម្លាក់ពី ៥.១ ភាគរយមកត្រឹម ៤.៥ ភាគរយ ស្របពេលដែលឥណ្ឌូណេស៊ីឯណេះវិញក៏បន្ថយការព្យាករណ៍ដូចគ្នាពី ៥.០ ភាគរយមក ៤.៩ ភាគរយ ។

ពាក់ព័ន្ធទៅនឹងវិស័យដែលទាញឲ្យធនាគារពិភពលោកដាក់ការព្យាករណ៍លើកម្ពុជាថាមានកំណើនសេដ្ឋកិច្ចរីកលូតលាស់បែបនេះ គឺជំរុញដោយការនាំចេញសម្លៀកបំពាក់ វិស័យទេសចរណ៍ កសិកម្ម ក៏ដូចជាសំណង់ និងវិស័យអចលនទ្រព្យជាដើម ស្របពេលដែលកម្ពុជាមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយប្រទេសចិន ទាំងពាណិជ្ជកម្ម និងការវិនិយោគ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន នឹងអាចជួយសម្រួលលំហូរវិនិយោគផ្ទាល់ពីចិនមកកម្ពុជា ជាពិសេសទាំងចិន និងកម្ពុជាសុទ្ធសឹងតែកំពុងជួបប្រទះអតិផរណាអវិជ្ជមានដូចគ្នា ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២៤ នេះ ធនាគារពិភពលោកបានបង្កើនការព្យាករណ៍លើកំណើនសេដ្ឋកិច្ចកម្ពុជាពី ៥.៥ ភាគរយទៅ ៥.៨ ភាគរយដែលជាអត្រាមួយខ្ពស់ជាងគេបំផុតប្រចាំនៅតំបន់អាស៊ាន ខណៈសម្រាប់ឆ្នាំ ២០២៥ វិញ ធនាគារពិភពលោកបន្តព្យាករណ៍ថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចស្ទុះដល់ ៦.១ ភាគរយឯណោះ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ កម្ពុជា គ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម