Connect with us

សេដ្ឋកិច្ច

លោក​ ស្រេតថា​ ព្រមាន​ពី​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ថៃ​

បានផុស

នៅ

នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក​ ​ស្រេតថា​ ថាវីស៊ីន​ បាន​​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​​​ប្រឈម​នឹង​​ហានិភ័យ​នៃការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​​ ​​ដោយ​ចង្អុល​បង្ហាញ​ពី​​កំណើនផលិត​ផល​​ក្នុង​​ស្រុក​​សរុប​(​GDP) ទាប​ ​​បំណុល​គ្រួសារ​ និងអត្រា​តម្លៃ​​ប្រាក់​កម្ចី​ខ្ពស់​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​។

លោក​ ស្រេត ​ថា​ ដែល​​​​កំពុង​​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​ទៅ​ប្រទេស​ជប៉ុន​ បាន​ថ្លែង​ថា​ ​​លោក​​នឹ​ង​​ធ្វើ​​ជា​​ប្រធាន​​កិច្ច​​ប្រជុំ​​បន្ទាន់​​មួយ​សម្រាប់​​​រដ្ឋ​​មន្ត្រី​​ទទួល​​បន្ទុក​​សេដ្ឋកិច្ច ​និង​​ស្ថាប័ន​​ពាក់​ព័ន្ធ​​នៅ​​ថ្ងៃ​​ចន្ទ​ សប្ដាហ៍​ក្រោយ​ ដើម្បី​​បំផុស​​គំនិត​​​​ស្តារ​​សេដ្ឋកិច្ច​​ឡើង​​វិញ​។​ លោក​បន្ត​ថា​ កិច្ច​ប្រជុំ​ពិសេស​នឹង​ធ្វើ​ឡើង​រៀង​រាល់​សប្តាហ៍​ សម្រាប់​អនាគត​ដ៏​ខ្លី​ខាង​មុខ​ ​ដោយ​សង្កត់​ធ្ងន់​លើ​តម្រូវការ​ក្នុង​ការ​បង្កើត​គំនិត​ថ្មី​ៗ​។​

ការ​ព្រមាន​ និង​ចំណាត់​ការ​របស់​លោក​ ស្រេតថា​ ធ្វើ​ឡើង​ ក្រោយក្រុម​ប្រឹក្សា​​​ការ​​អភិវឌ្ឍ​​សេដ្ឋកិច្ច​ និង​​សង្គម​​ជាតិ​​ថៃ​ (NESDC) ​បាន​រាយការណ៍​ពី​កំណើន​សេដ្ឋកិច្ច​ថៃ​ត្រឹម​តែ​ ១,៥ ភាគរយ​ប៉ុណ្ណោះ​​ក្នុង​ត្រីមាស​ដំបូង​ឆ្នាំ​នេះ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។  ​

បើ​តាម​បាងកកប៉ុស្តិ៍ ​​​​​ NESDC រំពឹង​ថា​ ថៃ​នឹង​មាន​កំណើន​ GDP ​ចន្លោះ​ពី​ ២ ទៅ ៣ ភាគរយ​នៅ​ឆ្នាំ​នេះ​ ពោល​គឺ​ទាប​​ជាង​ការ​ព្យាករណ៍​កាល​ពី​លើក​មុន​ (២,២ ទៅ​ ៣,២ ភាគរយ​)។ កំណើន​សេដ្ឋកិច្ច​ថៃ​ឆ្នាំ​មុន​ មាន​ត្រឹម​ ១,៩ ភាគរយ​ប៉ុណ្ណោះ​។

​ទីភ្នាក់ងារ​រៀប​ចំ​ផែនការ​របស់​រដ្ឋថៃ​ដដែល បាន​​ឱ្យ​ដឹង​ថា​ ​​ការ​​បន្ទាប​​ការ​ព្យាករណ៍​​​​នេះ​ឆ្លុះ​បញ្ចាំង​ពី​កម្រិត​ខ្ពស់​នៃ​ហានិភ័យ​​ពី​ខាង​ក្រៅ​ ជា​ពិសេសគោល​នយោបាយ​ពាណិជ្ជកម្ម​បែប​​​​​​​គាំពារ​​និយម​​ដែល​​កំពុង​តែ​​ឡើង​កម្ដៅ​ ​​ជម្លោះ​ភូមិ​សាស្ត្រ​នយោបាយ​ និង​​ការ​ប្រែ​ប្រួល​​កាន់​តែ​ខ្លាំង​ទៅ​ៗ​នៃ​​សេដ្ឋកិច្ច​ពិភព​លោក​។​

ក្រោម​កង្វល់​នេះ​ លោក​ ស្រេត​ថា​ បាន​ថ្លែង​ថា​៖ «​​GDP ​បាន​កើន​ឡើង​ត្រឹម​តែ​ ១,៥ ភាគរយ​។ បើ​​គ្មាន​វិស័យ​សេវា​កម្ម​ និង​ទេសចរណ៍​ទ្រ​ទេ​ ​ឥឡូវ​នេះ​​យើង​នឹង​ប្រឈម​​​ពី​ហានិភ័យ​នៃ​​សេដ្ឋកិច្ច​ធ្លាក់​ចុះ​បាត់​ទៅ​ហើយ​»​។ លោក​បន្ត​ថា​៖ «​វា​ក៏​មាន​បំណុល​កាត​ឥណទាន​ វិបត្តិ​សង​បំណុល​មិន​រួច​ ​​និង​បំណុល​គ្រួសារ​ [​ដែល​ត្រូវ​ដោះ​ស្រាយ​] ផង​ដែរ​»​។

ពេល​​សួរ​​ថា​ តើ​​រដ្ឋាភិបាល​​កំពុង​​ពិចារណា​​វិធានការ​​រយៈ​ពេល​​ខ្លី​​ណា​​មួយ​​ដើម្បី​​ជំរុញ​​សេដ្ឋកិច្ច​​ ឬ​​អត់​​នោះ​ លោក​ ស្រេតថា​ ​​បាន​​និយាយ​ថា​​៖ ​«​នោះ​​ហើយ​​ជា​គោលដៅ​នៃ​​​កិច្ច​ប្រជុំ​​រដ្ឋ​មន្ត្រី​​សេដ្ឋកិច្ច ​ប៉ុន្តែ​​កិច្ច​ប្រជុំ​​នឹង​​​គ្មាន​​​គម្រោង​​អ្វី​​គួរ​​ឱ្យ​​ភ្ញាក់​​ផ្អើល​​ទេ​ ​នៅ​​ចំណុច​​នេះ​។ ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ កិច្ច​ប្រជុំ​បែប​នេះ​នឹង​ធ្វើ​ឡើង​រៀង​រាល់​សប្តាហ៍​។​ ខ្ញុំ​ចង់​ស្តាប់​គំនិត​ពី​អ្នក​គ្រប់​គ្នា​ រួម​ទាំង​អ្នក​នៅ​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ​ វិស័យ​កសិកម្ម​ជាដើម​»​។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថៃ​ ​លោក Chai Wacharonke បាន​​ឱ្យ​ដឹង​ថា​ កិច្ច​ប្រជុំ​នឹង​ធ្វើ​ឡើង​ជា​ទៀង​ទាត់​នៅ​ថ្ងៃ​ចន្ទ​។​ នេះ​បើ​តាម​បាងកកប៉ុស្តិ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម