អត្ថាធិប្បាយ
«៧មករា» ជាឫសគល់នៃសន្តិភាព សន្តិភាពជាដើមឈើផ្តល់ម្លប់ដល់ដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា
ឆ្នាំ២០២៥នេះ គឺជាគម្រប់៤៦ឆ្នាំនៃថ្ងៃជ័យជម្នះ៧ មករា ១៩៧៩។ ៤៦ឆ្នាំមកនេះ កម្ពុជា បានកសាង និងអភិវឌ្ឍខ្លួនក្លាយជាប្រទេសមានសន្តិភាពពេញលេញ មានភាពរីកចម្រើន ជឿនលឿន និងស្មើមុខស្មើមាត់ជាមួយប្រទេសនានានៅលើឆាកអន្តរជាតិ។ ត្បិតថា នៅពេលនេះ កម្ពុជាមានសន្តិភាព និងភាពសម្បូរសប្បាយ ប៉ុន្តែ កូនខ្មែរជំនាន់ក្រោយមិនភ្លេចឡើយនូវវីរភាព និងការលះបង់របស់អ្នកតស៊ូខ្មែរ និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានកៀកស្មាគ្នាប្រយុទ្ធផ្តួលរំលំរបបខ្មែរក្រហម ហើយនាំយកនូវសន្តិភាពជូនប្រជាជាតិកម្ពុជា។ សន្តិភាពដែលកើតចេញពីថ្ងៃជ័យជម្នះ ៧មករានេះ បានផ្តល់ជាម្លប់យ៉ាងត្រជាក់ត្រជុំដល់ការដំណើរកសាង និងអភិវឌ្ឍប្រទេសកម្ពុជា។
និយាយពីរបបខ្មែរក្រហម ប្រជាពលរដ្ឋខ្មែរជាច្រើនទាំងអ្នកដែលបានឆ្លងកាត់ ក៏ដូចជាក្មេងៗជំនាន់ក្រោយ សុទ្ធតែនៅចងចាំមិនភ្លេច និងបានឈ្វេងយល់ដឹងយ៉ាងច្បាស់ពីភាពសាហាវឃោរឃៅនៃរបបនេះ ដែលបានធ្វើមកលើប្រជាពលរដ្ឋខ្លួនឯង។ របបខ្មៅងងឹតខ្មែរក្រហម គឺជារបបដែលគួរឱ្យស្អប់ខ្ពើម និងត្រូវបានសហគមន៍អន្តរជាតិថ្កោលទោស ហើយអង្គការសហប្រជាជាតិបានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំយកមេដឹកនាំកំពូលៗ និងអ្នកទទួលខុសត្រូវជាន់ខ្ពស់នៃរបបនេះមកកាត់ទោសទៅតាមច្បាប់ជាតិ និងអន្តរជាតិ។ ជាលទ្ធផល មេដឹកនាំកំពូលៗនៃរបបខ្មែរក្រហម និងអ្នកទទួលខុសត្រូវជាន់ខ្ពស់ដទៃទៀត ភាគច្រើនបានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ និងខ្លះកំពុងអនុវត្តទោសនៅក្នុងពន្ធនាគារអស់មួយជីវិតទៅតាមទង្វើដែលពួកគេបានសាងមកលើប្រជាពលរដ្ឋខ្មែរ។
គិតមកដល់ពេលនេះ ពោល គឺចាប់តាំងពីថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ មក កម្ពុជា បានប្រែក្លាយទៅជាប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានមុខមានមាត់នៅលើឆាកអន្តរជាតិ។ ចំណែក ប្រជាពលរដ្ឋកម្ពុជាវិញ បាន និងកំពុងរស់នៅក្នុងសុខសន្តិភាព សេរីភាពគ្រប់បែបយ៉ាង និងរស់នៅក្នុងជីវភាពធូរធារ និងសមរម្យ មិនចាញ់ប្រទេសផ្សេងៗនៅក្នុងតំបន់ និងពិភពលោកឡើយ។ នេះ គឺខុសគ្នាស្រឡះកាលពីមុន៤៦ឆ្នាំមុន ដែលប្រជាពលរដ្ឋកម្ពុជា រស់នៅសឹងថា ដូចសត្វធាតុ ឬរស់នៅវេទនាជាងសត្វធាតុទៅទៀត ក៏អាចថាបាន។ អាចនិយាយបានថា មាន «ថ្ងៃ៧ មករា» ទើបកម្ពុជា មានសុខ សន្តិភាព ការអភិវឌ្ឍ និងមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ។
ថ្ងៃ៧ មករា ១៩៧៩ ត្រូវបានមហាជនកម្ពុជាចាត់ទុកថា គឺជាថ្ងៃកំណើតទី២ដែលប្រជាពលរដ្ឋខ្មែរបានរួចរស់ជីវិតពីចង្កូមមច្ចរាជខ្មែរក្រហម ក្រោមការដឹកនាំដោយ ប៉ុល ពត អៀង សារី ខៀវ សំផន និងនួន ជា។ គណបក្សប្រជាជនកម្ពុជា និងកងទ័ពវៀតណាម គឺជាតួអង្គសំខាន់ដែលនាំជ័យជម្នះ និងកំណើតទី២នេះ មកជូនប្រជាជាតិកម្ពុជា។ ថ្ងៃជ័យជម្នះ ៧ មករា នាំឱ្យកម្ពុជាសម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រចំនួ៤ គឺទី១.បានរំដោះប្រជាជនកម្ពុជាពីរបប ប៉ុល ពត ដ៏សែនមហាឃោឃៅ យង់ឃ្នង និងទប់ស្កាត់របបអន្យតិរ្ថិយនេះ មិនឱ្យវិលត្រឡប់មកកម្ពុជាជាលើកទី២។ ទី២.គឺបាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពទាំងអស់ ដែលសិទ្ធិសេរីភាពទាំងនោះត្រូវបាន ប៉ុល ពត កម្ចាត់បង់ក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ទី៣.គឺបានស្តារ និងកសាងខឿនសេដ្ឋកិច្ចជាតិឱ្យមានស្ថេរភាពជាបណ្តើរៗតាំងពីពេលនោះមក និងទី៤.គឺបានធ្វើជាកម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងជាកម្លាំងមិនអាចខ្វះបាន ក្នុងការអនុវត្តកិច្ចព្រមព្រៀងទីកុ្រងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១។
ជាសច្ចៈភាពប្រវត្តិសាស្រ្តដែលមិនអាចប្រកែកបាន គឺការទទួលបានជ័យជម្នះលើរបបខ្មែរក្រហម មានការរួមចំណែកយ៉ាងសំខាន់ពីសំណាក់កងទ័ពវៀតណាម។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាម បានបើកការវាយលុកកម្ទេចកងទ័ពខ្មែរក្រហមនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨។ កាលណោះ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា មានកងទ័ពតែប្រមាណ ២ម៉ឺននាក់ប៉ុណ្ណោះ ខណៈវៀតណាមវិញ មានកងទ័ពដល់ទៅប្រមាណ១០ ម៉ឺននាក់ ដោយរួមមាន ទាំងកងរថក្រោះ និងយន្តហោះចម្បាំង។ ក្នុងអំឡុងពេលប្រតិបត្តិការយោធានៅកម្ពុជា កងទ័ពវៀតណាម បានជួយផ្តល់ម្ហូបអាហារដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងតែស្រកឃ្លាន ផ្តល់ថ្នាំសង្កូវ ជួយព្យាបាលជំងឺ និងផ្តល់ជំនួយផ្សេងៗទៀតដល់ពួកគេ។ ក្រោយវាយផ្តួលរំលំរបបខ្មែរក្រហមបានជោគជ័យនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពវៀតណាម ក៏បានជួយរៀបចំកងកម្លាំងកម្ពុជា ដើម្បីទប់ទល់នឹងកងកម្លាំងខ្មែរក្រហមដែលសេសសល់ និងបានផ្តល់ជំនាញការវៀតណាមជាច្រើននាក់ ដើម្បីជួយរៀបចំរដ្ឋាភិបាលថ្មី ដឹកនាំ និងគ្រប់គ្រងប្រទេសកម្ពុជា មុនដកកងទ័ពចាកចេញពីប្រទេសកម្ពុជាទាំងស្រុងនៅក្នុងឆ្នាំ១៩៨៩។
មកដល់ពេលនេះ កម្ពុជា មានសន្តិភាពពេញលេញ ឯវៀតណាម ក៏ដូចគ្នា។ ក្នុងពេលកំពុងមានសន្តិភាពពេញលេញនេះ រដ្ឋាភិបាលកម្ពុជា និងវៀតណាម បាន និងកំពុងរក្សាបាននូវទំនាក់ទំនងយ៉ាងល្អជាមួយគ្នាស្ទើរគ្រប់វិស័យទាំងអស់។ គិតត្រឹមឆ្នាំ២០២៥នេះ កម្ពុជា និងវៀតណាម មានទំនាក់ទំនងទ្វេភាគីរយៈពេល៥៨ឆ្នាំហើយ។ កម្ពុជា និងវៀតណាម បានចាត់ទុកគ្នាទៅវិញទៅមកថា ជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង។ ភាគីទាំងពីរ បានរក្សា និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយៈបក្ស រដ្ឋាភិបាល និងរដ្ឋសភា ពង្រឹងការផ្លាស់ប្តូរទស្សនកិច្ច កិច្ចប្រជុំ និងទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់។
ត្បិតថា នៅពេលនេះ កម្ពុជា មាននាយករដ្ឋមន្រ្តីថ្មី គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ប៉ុន្តែ ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងវៀតណាម មិនមានការប្រែប្រួលនោះឡើយ។ ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម តែងតែវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងរយៈកាលកន្លងមក ព្រមជាមួយនឹងការដាក់ចេញនូវទិសដៅក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជនទាំងពីរ ជាពិសេស វិស័យនយោបាយ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល អប់រំ ការតភ្ជាប់ ការពារជាតិ សន្តិសុខ ការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែន។ ជាមួយគ្នានេះ កម្ពុជា-វៀតណាម តែងតែផ្លាស់ប្តូរយោបល់អំពីកិច្ចការតំបន់ និងសាកល ដោយបានបង្ហាញនូវការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិនានា ដូចជា ក្របខណ្ឌអង្គការសហប្រជាជាតិ អាស៊ាន និងអនុតំបន់មេគង្គ ជាដើម។
និយាយពីផ្នែកវិនិយោគ និងពាណិជ្ជកម្មវិញ វៀតណាម គឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំលេខ៣របស់កម្ពុជា បន្ទាប់ពីចិន និងសហរដ្ឋអាមេរិក។ កម្ពុជា និងវៀតណាម បាន និងកំពុងតែជំរុញកំណើនទំហំនៃការវិនិយោគ និងទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ឱ្យកាន់តែល្អប្រសើរឡើង។ ជាក់ស្តែង នាយករដ្ឋមន្រ្តីនៃប្រទេស២ បានប្តេជ្ញាជំរុញឱ្យទំហំពាណិជ្ជកម្មទ្វេភាគីកើនដល់២០ពាន់លានដុល្លារនៅឆ្នាំខាងមុខ។ ដោយសារតែការខិតខំលើកកម្ពស់សមិទ្ធផលជាវិជ្ជមានក្នុងរយៈពេលកន្លងមកនេះ ទំនាក់ទំនងកម្ពុជា-វៀតណាមនាពេលខាងមុខ ពិតជានឹងអភិវឌ្ឍដល់កម្រិតថ្មី ដើម្បីភាពរីកចម្រើននៃប្រទេសទាំង២ និងសម្រាប់ជីវភាពរស់នៅដ៏រុងរឿងរបស់ប្រជាជននៃប្រទេសនីមួយៗ៕
ដោយ៖ វណ្ណ សុគន្ធា
-
ចរាចរណ៍៤ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ