កូវីដ-១៩
ជីវិតក្រុមសម្ដែងល្ខោនបាសាក់ កំឡុងពេលវិបត្តិកូវីដ-១៩
ល្ខោនបាសាក់គឺជាទម្រង់សិល្បៈបុរាណមួយដែលមានប្រជាប្រិយភាពជាងគេនៅក្នុងស្រទាប់ប្រជាពលរដ្ឋខ្មែរ។ សិល្បៈនេះអាចសម្ដែងបានបានឱកាស និងពិធី មិនថាបុណ្យភូមិ បុណ្យបញ្ចុះសីមា បុណ្យសពព្រះគ្រូចៅអធិការវត្ត ក្នុងឱកាសឈប់សម្រាក ឬក្រោយប្រមូលផលរបស់ប្រជាកសិករ រហូតដល់បុណ្យជាតិធំៗដូចជា ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែជាដើម។

បច្ចុប្បន្នដោយសារវិបត្តិកូវីដ-១៩ ពសេសក្រោយពីផ្ទុះព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ដើមឆ្នាំ២០២១នេះមក ដើម្បីបង្ការ និងបញ្ជៀសការឆ្លងរាលដាលរដ្ឋាភិបាលបានផ្អាកបណ្ដោះអាសន្ននូវការជួបជុំ និងការសម្ដែងសិល្បៈនានា។
ក្រុមសម្ដែងល្ខោនបាសាក់បានរើសំលៀកបំពាក់ល្ខោនមកស្លៀករំលឹកឡើងវិញដោយក្ដីនឹកស្រណោះ ដើម្បីកុំឱ្យភ្លេច គ្រាដែលក្រុមមិនអាចចេញសម្ដែងគ្រប់ខេត្តដូចគ្រាមុនបាន ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។

ច្រើនដើរតួធ្វើយក្ខិនី ឬតួកាចឈ្នានីស និងដើរមិនរើសតួឱ្យតែអ្នកដឹកនាំក្រុមល្ខោនឱ្យសម្ដែង អ្នកស្រី សុខ ខេម បាននិយាយថា ពីមុនអ្នកស្រីធ្លាប់ដើរសម្ដែងតាមតំបន់ឆ្ងាយៗគ្រប់ខេត្តនានា ដោយកាលផ្ទុះព្រឹត្តិការណ៍ឆ្លងកូវីដក្នុងសហគមន៍ លើកទី១ និងលើកទី២ ក៏នៅអាចលេងបានខ្លះៗ។
អ្នកសម្ដែងវ័យ៥៥ឆ្នាំរូបនេះលើកឡើងបន្តថា៖ “តែពេលនេះចប់តែម្ដង ក្រោយកូវីដទី៣ ចូលមកដល់ម្ដងទៀត ក្រុមល្ខោនយើងខ្ញុំរឹតតែដុនដាបជាងមុនហើយ”។
អ្នកស្រី ឈឺន វណ្ណី បានឱ្យដឹងថា អ្នកស្រីអាចសម្ដែងបានច្រើនតួ ទាំងតួម៉ែ ឬ តួស្លូត តែថៅកែល្ខោនច្រើនឱ្យដើរតួស្លូត។
លោកស្រីបញ្ជាក់ថា៖ “ខ្ញុំរៀនលេងតាមគាត់បង្ហាត់ ហើយមានដុងពីធម្មជាតិផង ខ្ញុំខំហាត់រៀនបន្ថែមទៀតទើបស្ទាត់ជំនាញមកដល់សព្វថ្ងៃ។ ណាមួយខ្ញុំមានជីវភាពខ្វះខាតដែរ មានកូន៥នាក់ត្រូវចិញ្ចឹម ព្រោះខ្ញុំមេម៉ាយអត់មានប្ដីជួយចិញ្ចឹមកូនឡើយ កាលណាគេជួលល្ខោននេះទៅលេងម្តងៗ យើងក៏បានលុយដែរ”។

តួល្ខោនបាសាក់វ័យ៥០ឆ្នាំរូបនេះ បានឱ្យដឹងទៀតថា សម្ដែងល្ខោនមួយយប់ទទួលបានកម្រៃ៥ម៉ឺនរៀល អាចគួបផ្សំនឹងការដេរអាវ បានមួយថ្ងៃ ១០ ឬ២០អាវ ដែលតម្លៃអាវ១ ដេរបានតែ៥០០រៀលទេ។ អ្នកស្រីបន្តថា ពេលវិបត្តិកូវីដ-១៩មកម្ដងទៀត គឺបាត់បង់ចំណូលអស់រលីង ទាំងអាវក៏ដេរលែងបានទៀត។
ចំណែក អ្នកស្រី ប៊ូ គឹមស៊្រុន អាយុ៣៩ឆ្នាំ ជាប្រពន្ធថៅកែល្ខោនច្រើនដើរតួជាម្ដាយ ឬ អ្នកមានទ្រព្យ បាននិយាយថា ក្រុមល្ខោនមានគ្នាទាំងអស់៣២នាក់ តែពេលកូវីដ-១៩កំពុងលុកលុយនេះ អ្នកលេងល្ខោនពុំសូវមកទេ។

លោកស្រី រំលឹកថា៖ “កាលពីមុនកូវីដពួកគេចេញចូលមកហូបបាយនៅទីនេះរាល់ថ្ងៃ។ យើងជាថៅកែល្ខោនទៅហើយ ទោះជាពិបាកយ៉ាងណាក្តី តើយើងដេញពួកគាត់ទៅណា?”។
លោក ហួរ ហួត ជាថៅ សិល្បៈល្ខោនបាសាក់ស្រុកមុខកំពូល ខេត្តកណ្ដាល លោកច្រើនលេងដើរតួ ជាអ្នកកំប្លែង ឈ្មោះ នាយស៊ុយ បានឱ្យដឹងថា កាលពីកូវីដ-១៩ មិនទាន់លុកលុយ ក្រុមល្ខោននេះបានដើរសម្ដែងតាមបណ្ដាលខេត្តទូទាំងប្រទេសឱ្យតែគេជួល ហើយលេងប្រចាំឱ្យតាមក្លឹបទៀត។
លោក ហួរ ហួត បានបន្តថា៖ “តែចង្រៃកូវីដចូលមកលើកទី៣ ខ្ញុំខកចិត្តយ៉ាងខ្លាំង ព្រោះលែងបានចេញពីផ្ទះតែម្ដង។ ខ្ញុំអាណិតក្រុមល្ខោនខ្ញុំណាស់ ព្រោះពួកគាត់ក៏ដូចជាកូនចៅយើងដែរ។ ពេលខ្លះគាត់នាំគ្នាមកបាយទឹកនៅទីនេះ យើងធ្វើម៉េចបើគ្នាលេងល្ខោនឱ្យយើងទៅហើយ”។

ថៅកែល្ខោនរូបនេះ បានអំពាវនាវសប្បុរសជនទាំងអស់ សូមជួយគាំទ្រ និងផ្ដល់ជំនួយឧបត្ថម្ភគាំទ្រដល់វិស័យវប្បធម៌ជាតិខ្មែរកុំឱ្យបាត់បង់សិល្បៈល្ខោនបាសាក់ ដើម្បីក្រុមអាចប្រម៉ែប្រមូលបង្ហាត់កូនចៅជំនាន់ក្រោយឱ្យចេះសម្ដែងល្ខោន ដើម្បីជួយបន្តវេនតទៅអនាគត៕
អត្ថបទ៖ រុងរឿង


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី